លោក លី ធុជ៖ ផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយ នឹងក្លាយជាប្លង់មេនៃកិច្ចខិតខំប្រឹងប្រែងនាពេលអនាគត
លោក លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានលើកឡើងថា ផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយ នឹងក្លាយជាប្លង់មេនៃកិច្ចខិតខំប្រឹងប្រែងនាពេលអនាគត ក្នុងការបង្កើតផ្លូវឆ្ពោះទៅមុខប្រកបដោយមហិច្ឆតា និងអាចសម្រេចបាន។
លោកបានលើកឡើងដូចនេះ ក្នុងពិធីពិសារភោជនីយហារពេលល្ងាច ដែលបានរៀបចំដោយខាងភាគីស្វីស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១៨ ខែមិថុនា។
ក្នុងពិធីពិសារភោជនីយហារ លោក លី ធុជ បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលសម្រេចបាន តាមរយៈភាពជាដៃគូ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ការប្តេជ្ញាចិត្តដ៏មុតមាំ និងស្មារតីនៃកិច្ចសហប្រតិបត្តិការ ដែលវាហាក់ដូចជាមិនអាចទៅរួចទេរហូតដល់វារួចរាល់ (It always seems impossible until it is done) និងកំពុងក្លាយជាការពិត សម្រាប់ចក្ខុវិស័យរួម និងការប្តេជ្ញាចិត្តរួម ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។
លោក លី ធុជ បានថ្លែងថា ៖ «អនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) គឹលើសពីឯកសារច្បាប់ និងជាពន្លឺនៃក្តីសង្ឃឹមនិងសេចក្តីថ្លៃថ្នូររបស់មនុស្សលោក តំណាងឱ្យការខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការកម្ចាត់ពិភពឃាតករលាក់មុខនាំមកនូវការឈឺចាប់មិនអាចនឹកស្មានដល់ជីវិតរាប់មិនអស់»។
លោកបន្តថា ៖ «អនុសញ្ញាអូតាវ៉ា បានបង្ហាញឱ្យឃើញពីមនុស្សជាតិតែមួយ និងការយកចិត្តទុកដាក់រួម ក្នុងការបង្កើតពិភពលោកមួយដែលមានសុវត្ថិភាព និងប្រកបដោយក្តីមេត្តា។ គ្រប់ជំហាននីមួយៗដែលយើងធ្វើ គ្រាប់មីនដែលយើងបោសសម្អាត អ្នករស់រានមានជីវិតដែលយើងជួយ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរួមរបស់យើង»។
កម្ពុជាកំពុងសម្លឹងទៅមុខជាមួយនឹងសុទិដ្ឋិនិយម នៅពេលឈានដល់កម្រិតនៃកិច្ចប្រជុំពាក់កណ្តាលអាណត្តិ និងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញា។
កិច្ចប្រជុំកំពូលនេះ មិនគ្រាន់តែជាការប្រមូលផ្តុំតាមនីតិវិធីប៉ុណ្ណោះទេ វាជាឱកាសក្នុងការចែករំលែកប្រាជ្ញា បង្កើតដំណោះស្រាយ និងពង្រឹងការប្តេជ្ញាចិត្ត។ ផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយ នឹងក្លាយជាប្លង់មេនៃកិច្ចខិតខំប្រឹងប្រែងនាពេលអនាគត តាមរយៈការរួបរួម និងការសហការគ្នា ក្នុងការបង្កើតផ្លូវឆ្ពោះទៅមុខប្រកបដោយមហិច្ឆតា និងអាចសម្រេចបាន។
ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានទទួចឱ្យបន្តការប្តេជ្ញាចិត្ត បន្តបេសកកម្មដ៏ថ្លៃថ្នូរ និងរួមគ្នាបង្កើតអនាគតមួយដែលមានសុវត្ថិភាព សន្តិភាព និងក្តីសង្ឃឹម ឈ្នះលើការភ័យខ្លាច ជម្លោះ និងការរងទុក្ខ៕