លោក មាជ សុវណ្ណារ៉ា ចង់ឃើញការប្រកួតប្រជែងបោះឆ្នោត ដោយគោលនយោបាយ

លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្ស ជំនាន់ថ្មីដែលទើបតែបានបញ្ចប់សមាជបក្ស​ថ្មីៗនេះ​ ចង់ឃើញ​ការយកគោលនយោបាយមកប្រកួតប្រជែងការបោះឆ្នោត ក្នុងទីលាននយោបាយកម្ពុជា ដើម្បីកែប្រែប្រទេសឱ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងការអភិវឌ្ឍដោយសមភាពសម្រាប់កូនខ្មែរជំនាន់ថ្មី។​

លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ដែលធ្លាប់ជាអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ បានប្រាប់ RVA Khmer នៅថ្ងៃទី៧ ខែមិថុនា​ ឆ្នាំ២០២៤ ថា លោកចង់ឃើញអ្នកនយោបា យពីគ្រប់មជ្ឈដ្ឋានមិនថា គណបក្សកាន់អំណាច ឬគណបក្សក្រៅរង្វង់រដ្ឋាភិបាល ប្រើប្រាស់គោលនន យោបាយមកប្រកួតប្រជែងការបោះឆ្នោតក្នុងទីលាននយោបាយកម្ពុជា ក្នុងសម័យកាលថ្មីនេះ។ ​

លោកថា មានតែការប្រើប្រាស់គោលនយោបាយទេ ដែលជាយន្តការល្អបំផុតដើម្បីផ្តល់ជាធាតុចូល នាំទៅរកការអភិវឌ្ឍប្រទេស ប្រកបដោយតុល្យភាពអំណាច រវាងរដ្ឋាភិបាលនៃបក្សកាន់អំណាច និងបក្សក្រៅ​រង្វង់រដ្ឋាភិបាល ខណៈសព្វថ្ងៃនៅកម្ពុជា គណបក្សកាន់អំណាចកំពុងប្រើប្រាស់អំណាចហួសព្រំដែន។​

លោកបាន​ថ្លែងថា ៖ «សព្វថ្ងៃ គណបក្សកាន់អំណាចកំពុងធ្វើនយោបាយដឹកនាំបែបប្រជាពិថុត ជិះសេះលែងដៃ។ ដូច្នេះ មានតែការរុញច្រាននៃសណ្តាប់ធ្នាប់នយោបាយថ្មីទេ តាមរយៈគណបក្សជំនាន់ថ្មីដែលកំពុងប្រមូលផ្តុំដោយពហុគំនិតនៃអ្នកនយោបាយវ័យក្មេងផ្សារភ្ជាប់ទៅនឹងបណ្តុំបញ្ញានៃអ្នកប្រាជ្ញ ព្រឹ​ទ្ធាចារ្យបណ្ឌិត ចាប់ដៃនឹងអ្នកនយោបាយមូលដ្ឋាន ជាប្រយោជន៍ដើម្បីរុញច្រានការអភិវឌ្ឍដល់ពលរដ្ឋ»។​

អ្នកនយោបាយចាស់វស្សាររូបនេះ បាន​អះអាងថា គណបក្សលោកប្រមូលផ្តុំធនធានមនុស្សពោរពេញដោ​យសមត្ថភាព មានគំនិតជាតិនិយម និងមើលឃើញពីទុក្ខលំបាករបស់ប្រជាជន ចង់ឃើញការផ្លាស់ប្តូរប្រទេសជាតិ​ ទើបនាំ​កម្លាំងគ្នាបង្កើតគណបក្សថ្មីនេះឡើង។​

លោកបាន​បន្តថា ការបង្កើតគណបក្សថ្មីនេះឡើង ​ជាពេលសមស្របបំផុត ខណៈកម្ពុជាកំពុងមានសន្ទុះពីក្រុមអ្នកនយោបាយជំនាន់ថ្មីដែលពោរពេញទៅដោយសម្ថភាព ចង់ឃើញការផ្លាស់ប្តូរជាវិជ្ជមានសម្រា​ប់​សង្គមជាតិ លើកតម្កើងប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ ជាពិសេសធនធានរបស់គណបក្សនេះ​សុ​ទ្ធសឹងតែជាបញ្ញាវន្តដែលចង់ឱ្យប្រទេសជាតិខ្លួនរីកចម្រើនដោយស្មើភាព។

អតីតអ្នកទោសនយោបាយរូបនេះបន្ថែមទៀតថា គណបក្សជំនាន់ថ្មីរបស់លោក បើកទទួលស្វាគមន៍រា​ល់អ្នកប្រជាធិបតេយ្យចម្រុះនិន្នាការ ដោយមិនមានការរើសអើងណាមួយឡើយ ក្នុងបុព្វហេតុជាតិមា​តុភូមិ ខណៈក្នុងសមាសភាពជួរថ្នាក់ដឹកនាំគណបក្សក៏មានវត្តមានសមាជិក សមាជិការចម្រុះសាសនាផង ដើម្បីរួមសាមគ្គីគ្នា ដូចក្នុងពាក្យស្លោកគណបក្ស។​

សូមបញ្ជាក់ថា នៅក្នុងពិធីសមាជលើកដំបូងរបស់គណបក្សជំនាន់ថ្មី ហៅកាត់ គ.ជ.ថ. កាលពីថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០២៤ កន្លងទៅ អង្គសមាជបានជ្រើសតាំងលោកមាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេស្គាល់ថាជាមនុស្សជំនិតលោកកឹម សុខា ជាប្រធានគណប​ក្សថ្មី ខណៈមានលោកប៉ាត មុន្នី ជាស្ថាបនិកគណបក្សជាអនុប្រធានទី១ និងលោកជឹង វិទ្យាប្ញទ្ធិ ជាអ​នុប្រធានទី២។​

គណបក្សជំនាន់ថ្មី​នេះ មានបាវចនា «សាមគ្គី សេរីភាព យុត្តិធម៌ និងសន្តិភាព» ដែលមានគោលន​យោបា​យគន្លឹះ ១០ចំណុច។ ទី១ ពាក់ព័ន្ធការលើកស្ទួយការគោរព ការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ,​​ ទី២ គាំទ្រការឯកភាពជាតិ និងបង្រួបបង្រួមជាតិ, ទី៣ ពង្រឹងប្រព័ន្ធយុត្តិធម៌, ទី៤ ប្រឆាំងការលាបពណ៌ននយោបាយ ការបំបែកបំបាក់ជាតិដែលបម្រើប្រយោជន៍បរទេស, ទី៥ គាំទ្រសកម្មភាពអហិង្សារក្នុងដំ ណោះស្រាយការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

ទី៦ គាំទ្រវប្បធមម៌សន្ទនា ការជជែកដេញដោលសាធារណៈ ដើម្បីប្រយោជន៍ជាតិ, ទី៧ បញ្ចៀសការដឹកនាំជាតិធ្លាក់ក្នុងអន្លង់ភូមិសាស្ត្រនយោ បាយដែលបម្រើប្រយោជន៍បរទេស, ទី៨ គាំទ្រគោលការណ៍សិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញ និងកាតិកាសសញ្ញាអន្តរជាតិ, ទី៩ ប្រឆាំងការរើសអើង និងទី១០ រៀបចំប្រទេសឱ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងនីតិរដ្ឋ។​​

ពាក់ព័ន្ធនឹងបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា​ ឯកភាពចំពោះការលើ​កឡើងរបស់លោកមាជ សុវណ្ណារ៉ា ដែលការប្រកួតប្រជែងនយោបាយ ដោយប្រើ​ប្រាស់គោលនយោ​បា​យជារឿងត្រឹមត្រូវ និងដែលគួរអនុវត្តសម្រាប់គ្រប់និន្នាការបក្ស មិនថាគណបក្សកាន់អំណាច មិនថា គ​ណ​បក្សជំទាស់ ដែលរូបភាពនេះ លោកថា កំពុងមានក្នុងសង្គមកម្ពុជារួចស្រេចទៅហើយ។​

ចំពោះវត្តមានគណបក្សជំនាន់ថ្មី ដែលទើបបង្កើតថ្មី លោក យង់ ពៅ បង្ហាញការសាទរចំពោះវត្តមានគ​ណបក្សនេះ ដែលឆ្លុះបញ្ចាំងពីដំណើរការប្រក្រតីនៃដំណើរលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់កម្ពុជា។ ​

អគ្គលេខាធិការរាជបណ្ឌិត្យសភារូបនេះ ផ្តល់យោបល់ដល់គណបក្សជំនាន់ថ្មី ឱ្យពិនិត្យច​ន្លោះប្រហោង ភាពខ្វះខាត​ នៃការដឹកនាំរបស់គណបក្សកាន់អំណាច យកចំណុចទាំងនោះ ទៅដេញដោល និងលើកជា​ទស្សនៈរកដំណោះស្រាយ តួយ៉ាងបញ្ហាទីផ្សារកសិផល បញ្ហាកសិកម្ម ជាដើម ដើម្បីជាប្រយោជន៍សម្រាប់ជាតិ ហើយត្រូវរួមសហការជាមួយដៃគូនានា គណបក្សដទៃ រិះរកមធ្យោបាយដោះស្រាយវិបត្តិជាតិ។​

ជាមួយគ្នានេះ លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ស្របនិងគាំទ្រទស្សនលោ​កប្រធានគណបក្សជំនាន់ថ្មីដូចគ្នា ចំពោះការយកគោលនយោបាយបកប្រជែងការបោះឆ្នោតជាធំ ខណៈកន្លងមក លោកសង្កេតឃើញថា អ្នកនយោបាយភាគច្រើនផ្តោតតែលើរឿងអាស្រូវគូរប្រកួត ប​ញ្ហាឯកជន ឬបុគ្គលជាធំ ទៅលើកឡើងក្នុងលាននយោបាយ ជាជាងគិតគូររកយន្តការដោះស្រាយបញ្ហាជាតិដល់ប្រជាជនជាម្ចាស់សន្លឹកឆ្នោត។​

លោកបានបន្តថា ៖ «ការដាក់ចេញគោលនយោបាយដើម្បីដោះស្រាយបញ្ហាសង្គមជាតិ ឬធ្វើឱ្យសង្គមគេមានការរីកចម្រើនពីមួយជំហានទៅមួយជំហាន ជារឿងសំខាន់។ ក្រុមអ្នកនយោបាយ ឬបក្សនយោ​បាយ ត្រូវដាក់ចេញគោលនយោបាយល្អ ឆ្លើយតបតម្រូវការជាក់ស្តែង និងអនាគតរបស់ប្រជាពលរដ្ឋ ដែលមានគំរូពីបណ្តាប្រទេសផ្សេងៗ ហើយកម្ពុជាត្រូវយកគំរូតាម ជាជាងបង្កជម្លោះរវាងអ្នកនយោបា​យ​គ្នាឯង»។​

លោក ប៉ា ច័ន្ទរឿន បាន​បន្ថែមថា លោកចង់ឃើញអ្នកនយោបាយ និងគណបក្សនយោបាយនៅកម្ពុជាបណ្តុះវប្បធម៌នយោបាយជឿនលឿននិងបែបប្រជាធិបតេយ្យសេរីឱ្យបានខ្ជាប់ខ្ជួន ខណៈលោកមិនទាន់អាចសន្និដ្ឋានបានឡើយចំពោះសក្តានុពលរបស់គណបក្សជំនាន់ថ្មីដោយត្រូវរងចាំសង្កេតសកម្មភាពគណក្សនេះជាបន្តទៀត។​

តែទោះជាយ៉ាងណា លោក ប៉ា ច័ន្ទរឿន សង្កេតជារួមថា នៅកម្ពុជាសព្វថ្ងៃ មានតែចំនួនបរិមាណគណបក្សជំទាស់យ៉ាងច្រើន ប៉ុន្តែហាក់មិនសូវមានគុណភាពទាល់តែសោះ ដែលអាចមានទម្ងន់ប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាជាបក្សកាន់អំណាចបាន ដែលលោកចង់ឃើញគណបក្សក្រៅរង្វង់រដ្ឋាភិបាលចេះរបៀបរបបធ្វើការឱ្យមានឥទ្ធិពល និងកើតជាប្រយោជន៍ពោលគឺមានគុណភាព ជាងបរិមាណ។​

គួរជម្រាបជូនថា គណបក្សជំនាន់ថ្មី ត្រូវបានអនុញ្ញាតដោយក្រសួងមហាផ្ទៃនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ និងបានចុះបញ្ជីទទួលស្គាល់លក្ខន្តិកៈជាផ្លូវការនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ លោកមាជ សុវណ្ណារ៉ា បញ្ជាក់ថា ការបង្កើតគណបក្សនេះជាគំនិតផ្តួចផ្តើមរបស់លោកក្នុងពន្ធធនាគារ អំឡុងជាប់ទោសនយោបាយក្នុងឆ្នាំ២០១៤។​

លោក មាជ សុវណ្ណារ៉ា ជាអតីតមន្ត្រីជាន់ខ្ពស់នៃអតីទគណបក្សសង្គ្រោះជាតិ ហើយធ្លាប់ជាប់ពន្ធនាគារចំ​នួន ២ដង ក្នុងដំណើរជីវិតនយោបាយរបស់លោក បន្ទាប់ពីមានវិបត្តិនយោបាយប្រេះឆារវាងគណប​ក្ស​ប្រជាជនកម្ពុជាជាបក្សកាន់អំណាច និងអតីតគណបក្ស​សង្គ្រោះ​ជាតិ៕

Daily Program

Livesteam thumbnail