លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន រងពិន័យ​ចំនួន ១០លានរៀល និងបង់សងជំងឺចិត្ត ៦០០០ លានរៀលទៅដើមបណ្ដឹង

សាលាដំបូង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី​២៥ ខែកក្កដានេះ បាន​ប្រកាសសាលក្រមសម្រេចពិន័យ ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ចំនួន ១០ លាន រៀល និងឲ្យសងជំងឺចិត្តទៅដើមបណ្ដឹងចំនួន ៦០០០លានរៀល លើសំណុំរឿង បទ «បរិហារកេរ្តិ៍ ជាសាធារណៈ» ប្រព្រឹត្ត នៅចំណុច រាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២៤។

​លោក ជូង ជូងី មេធាវីការពាការសិទ្ធិ ឲ្យលោកទាវ វណ្ណុល បាន​ថ្លែងប្រាប់ឱ្យដឹង​នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៥ ខែកក្កដាថា  ​ចៅក្រម ហុក ពៅ បាន​ប្រកាសសាលក្រមរឿងករណី​លោក ទាវ វណ្ណុល ដោយឱ្យបង់​ពិន័យចំនួន ១០ លាន រៀល និងឲ្យសងជំងឺចិត្តទៅដើមបណ្ដឹងចំនួន ៦០០០លានរៀល។

លោកបានបញ្ជាក់ថា ៖ «ខ្ញុំ​យល់ថាសេចក្តីសម្រេចនេះគឺ​មិនយុត្តិធម៌សម្រាប់កូនក្តីខ្ញុំទេ ​ព្រោះអ្វីៗដែលលោកទាវ វណ្ណុល និយាយជាការពិត និងជាការបញ្ចេញមតិ។ ខ្ញុំនឹង​ផ្តល់ការប្រឹក្សា​ច្បាប់ដល់កូនក្តីខ្ញុំ ប្រសិនបើកូនក្តីខ្ញុំ​សម្រេចថាប្តឹងឧទ្ធរណ៍​ គឺខ្ញុំនឹងចាត់ចែងប្តីងឧទ្ធរណ៍ជូនគាត់​»។

នាថ្ងៃប្រកាសនេះដែរ លោក ទាវ វណ្ណុល មិនបាន​មកស្តាប់ការសម្រេចរបស់តុលាការនោះ ដោយសារលោកមាន​ភារកិច្ច​ការងារនយោបាយ​នៅក្រៅប្រទេស។ នេះបើតាម​ការបញ្ជាក់ពី​លោក ជូង ជូងី។

សូមបញ្ជាក់ថា លោក ទាវ វណ្ណុល ត្រូវបានមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា ប្តឹងពីបទធ្វើឲ្យប៉ៈពាល់ដល់កិត្តិយសប្រមុខរាជារដ្ឋាភិបាល និងរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់បទសម្ភាសកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និងផ្សាយបន្តដោយវិទ្យុបារាំង អន្តរជាតិ RFI ជាខេមរភាសា ក្នុងខណៈពេលដែលលោក ទាវ វណ្ណុល ទៅបំពេញបេសកកម្មការងារនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ 

តាមរយៈការដកស្រង់សម្ដីរបស់សារព័ត៌មានទាំងពីរ លោក ទាវ វណ្ណុល បានអះអាងថា រាជរដ្ឋាភិបាលបានដាក់កាំមេរ៉ានៅមុខផ្ទះរបស់លោកដើម្បីឃ្លាំមើលសកម្មភាព២៤ម៉ោង។ លោកបានបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិតី ហ៊ុន ណែត កាន់តែអាក្រក់ទៅទាក់ទងនឹងប្រជាធិបតេយ្យ ដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយ និងប្រជាពរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល។​

ការលើកឡើងចោទប្រកាស​របស់លោក ទាវ វណ្ណុល ត្រូវ​បាន​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាធ្វើការបដិសេដចោលផងដែរ៕

 

 

Daily Program

Livesteam thumbnail