លោក ជូង ជុងី ​ស្នើសុំចូលរួម​ជីវភាពនយោបាយជាមួយនឹងគណបក្សកម្លាំងជាតិ

លោក ជូង ជុងី ដែល​ជាអតីតអតីត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សភ្លើងទៀន និងជាមេធាវីការពារក្តី​ឱ្យ​លោក ស៊ុន ចន្ធី ប្រធានគណបក្ស កម្លាំងជាតិ បានសម្រេច​ស្នើសុំចូលរួម​ជីវភាពនយោបាយជាមួយនឹងគណបក្សកម្លាំងជាតិ។

យោងតាម​លិខិតដែល​លោក ជូង ជុងី ផ្ញើជូន​​លោកប្រធានគណបក្សកម្លាំងជាតិ ចុះថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៤ បានលើកឡើងថា ​៖ «ខ្ញុំបាទឈ្មោះ ជូង ជូងី ជាអតីត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សភ្លើងទៀន សូមគោរពជូន លោកប្រធានគណបក្សកម្លាំងជាតិ​ សំណើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សកម្លាំងជាតិ ចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ តទៅ»​។

លោកបាន​បន្តទៀតថា ​ដោយឃើញថា គណបក្សកម្លាំងជាតិ មានជំហរនយោ​បាយរឹងមាំ ច្បាស់លាស់ ដែលជាកត្តាសក្តានុពល​ មានឆន្ទៈខ្ពស់ មានមនសិកាជាតិខ្ពស់ ហ៊ានប្រឈម ក្នុងការតស៊ូនយោបាយ ដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាន ដោយសន្តិវិធី។

លោក ជូង ជុងី បានបញ្ជាក់ថា ៖ «ដោយឃើញថា គណបក្សកម្លាំងជាតិ មានទឹកចិត្ត ស្រឡាញ់យុត្តិធម៌ យកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជារាស្ត្រ ហ៊ានចេញមុខការពារសិទ្ធិ និងការពារប្រយោជន៍ ប្រជាពលរដ្ឋ។ ដូចនេះ ខ្ញុំបាទ សម្រេចសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សកម្លាំងជាតិ ចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នេះ តទៅ»។​

សូមរម្លឹកថា លោក ជូង ជូងី ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា ជា​មេធាវី​ការពារ​ក្ដី មិន​ដែល​ឈ្នះ​ឱ្យ​អ្នក​នយោបាយ​ប្រឆាំង និង​សកម្មជន​សង្គម បាន​ដាក់​ពាក្យ​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន កាល​ពី​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់​ពី​ផុត​បម្រាម​រយៈ​ពេល ៥ឆ្នាំ ដែល​តុលាការ​កំពូល​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

កាល​ពី​ថ្ងៃ​ទី២៨ ខែមិថុនា លោក ជូង ជូងី បាន​ដាក់​ពាក្យ​សុំ​លាលែង​ពី​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ភ្លើង​ទៀន បន្ទាប់​ពី​លោក​បាន​ចូលរួម​ជីវភាព នយោបាយ​ជាមួយ​គណបក្ស​នេះ រយៈ​ពេល​ជាង១ ឆ្នាំ៕

 

Daily Program

Livesteam thumbnail