លោក ជា មុនី៖ គណបក្សកម្លាំងជាតិបានរៀបចំខ្លួនជាស្រេចក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ​២០២៤នេះ

លោក ជា មុនី អនុប្រធាន និង​ជាអ្នកនាំពាក្យ​គណបក្សកម្លាំងជាតិ បានប្រាប់​RVA Khmer ឱ្យ​ដឹងកាលពីថ្ងៃទី​១៦ ខែឧសភាថា បើទោះបីជា​ប្រធានគណបក្ស​របស់​លោក​ត្រូវ​បាន​ចាប់ខ្លួន​ក៏ដោយ ប៉ុន្តែ​សមាជិករបស់គណបក្ស​ទាំងថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិមិនមាន​ការ​ភ័យបារម្ភ ឬខ្លាចរអាក្នុង​ការបន្ត​បេសកកម្ម​របស់ខ្លួន​ឡើយ។

លោក​បាន​ឱ្យដឹងទៀតថា ​គណបក្សកម្លាំង​ជាតិ​​បានរៀបចំ​ខ្លួនជាស្រេច​ក្នុង​ការចូលរួមបោះឆ្នោត​​ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ហើយ​គណបក្សកម្លាំងជាតិក៏មានបេក្ខជន​របស់ខ្លួន​ឈរឈ្មោះស្ទើរតែគ្រប់រាជធានីខេត្តទូទាំងប្រទេស​ផងដែរ​។

លោក ជា មុនី មានប្រសាសន៍ថា ៖ «ទោះបីជា ប្រធាន​គណបក្សត្រូវបានចាប់ខ្លួន តែគណបក្សកម្លាំងជាតិនៅតែបន្តដំណើរ​ សកម្មភាពធម្មតា ទៅតាមផែនការដែលបានគ្រោងទុក ហើយយើងក៏នៅតែបន្ត​ធ្វើការ​ទាមទារ​ឱ្យ​មានការដោះលែង​មេដឹកនាំ​របស់​គណបក្សកម្លាំងជាតិ​ផងដែរ»។​​

លោកបានបញ្ជាក់ថា ៖ «យើងសង្ឃឹមនិងជឿជាក់ថា គណបក្ស​កម្លាំងជាតិនឹងទទួលបានជោគ​ជ័​យក្នុងការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ខាងមុខនេះ ព្រោះពួកគាត់នៅតែមានភាពស្មោះស្ម័គ្រ​ជាមួយនឹង​គណបក្ស​របស់​យើង​»។

អ្នកនាំពាក្យ​គណបក្សកម្លាំងជាតិរូបនេះ នៅតែអះអាងថា ការចាប់ខ្លួន​លោក ស៊ុន​ ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ​ជា​រឿង​នយោបាយ​ច្រើនជាង​បញ្ហាផ្សេង​ៗ​ទៀត​។

សូមរំលឹកដែរថា លោក ​ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំងជាតិ​ ត្រូវបាន​អាជ្ញាធរចាប់ខ្លួន​ភ្លាមៗ​ បន្ទាប់ពី​លោក​មកដល់ព្រលាន​យន្តហោះ​ភ្នំពេញ​នៅព្រឹក​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤​ ក្នុងដំ​ណើរ​ត្រលប់​មកពី​ប្រទេស​ជប៉ុន​ដែលលោក​ធ្វើទស្សនកិច្ច ​និង​ប្រកាសសុពលភាព​តំណាង​គណបក្ស​កម្លាំងជាតិ​ប្រចាំ​ប្រទេសជប៉ុន​។

លោក ជា មុនី ក៏បានធ្វើការ​ផ្តាំផ្ញើទៅដល់សមាជិក​របស់គណបក្សកម្លាំងជាតិ​ផងដែរថា ៖ «ប្រសិនបើបានក្លាយជា​ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង សុំមើលពលរដ្ឋមួយចំនួនដែលគាត់មាន​បញ្ហា ត្រួវយកបញ្ហាទាំងនោះ​មកជជែកគ្នា ហើយបើមានគំនាបខ្លាំងពេក គឺត្រូវលាឈប់»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ​គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានសម្រេចទទួលស្គាល់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយចំនួន៥រួមមាន​៖ ទី១៖ គណបក្សប្រជាជនកម្ពុជា, ទី២៖ គណបក្ស ឆន្ទៈខ្មែរ, ទី៣៖ គណបក្ស កម្លាំងជាតិ, ទី៤៖ គណបក្សហ៊្វុនស៊ិនប៉ិច និងទី៥៖ គណបក្សខ្មែររួបរួមជាតិ។

ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​ ក្រុមប្រឹក្សា​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង​ ក្រុម​ប្រឹក្សាស្រុក ក្រុម​ប្រឹក្សាខណ្ឌ អាណត្តិទី៤ឆ្នាំ​២០២៤​ដែលមាន​ចំនួន​អ្នកបោះឆ្នោត​ក្នុង​បញ្ជីបោះឆ្នោត​ជាសមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់​នៅក្នុង​មុខ​តំណែង​សរុប​ចំនួន ១១ ៦២២ នាក់ ក្នុងនោះ​ស្រីចំនួន ២​ ៥៧៤ នាក់ និង​ការិយាល័យ​បោះឆ្នោត​សរុបចំនួន ២០៩ ការិយាល័យ៕

 

Daily Program

Livesteam thumbnail