លោកអេម៉ានូអែល ម៉ាក្រុង បរិហារអំពីការវាយប្រហាររបស់អ៊ីរ៉ង់ មិនអាចទទួល​យកបាន ប្រឆាំងនឹងប្រទេសអារ៉ាបរួម អេមីរ៉េត

ប្រធានាធិបតីបារាំង លោកអេម៉ានូអែល ម៉ាក្រុង បញ្ជាក់ថា មិនអាចទទួលយកបាន សម្រាប់​ការវាយប្រហាររបស់អ៊ីរ៉ង់ប្រឆាំងនឹងប្រទេសអារ៉ាបរួម អេមីរ៉េត ដែលកើតឡើងកាលពីថ្ងៃចន្ទ ទី៤ ខែឧសភា។ នេះគឺជាការវាយប្រហារដំបូងៗរបស់ទីក្រុងតេអេរ៉ង់ ដែលផ្ទុះឡើងវិញ នៅ តំបន់​មជ្ឈិមបូព៌ា ជាមួយនឹងការប្រើប្រាស់ដ្រូន និងមីស៊ីលបញ្ជាទិស។ លោកអេម៉ានូអែល ម៉ាក្រុង បានបរិហារនៅលើបណ្តាញសង្គមអ៊ិក X របស់លោកថា ការវាយប្រហារ​របស់​អ៊ីរ៉​ង​ប្រឆាំងនឹងហេដ្ឋរចនាសម្ព័ន្ធស៊ីវិលរបស់ប្រទេស​អារ៉ាបរួម អេមីរ៉េត គឺមិនយុត្តិធម៌ និងមិនអាច​ទទួល​យកបាន។

ចំណែកនាយករដ្ឋមន្រ្តីអង់គ្លេស លោកខេ ស្តាកមើ បានថ្កោលទោស​ការវាយប្រហារ​របស់​អ៊ីរ៉ង់ ប្រឆាំងនឹងប្រទេសអារ៉ាបរួម អេមីរ៉េត ដែលកើតឡើងសាជាថ្មី​បន្ទាប់​ពីការចូលជាធរ​មាន​នូវ​បទឈប់បាញ់​កាលពីដើមខែមេសា និងអំពាវនាវឲ្យមានដំណោះ​ស្រាយការទូតនៅមជ្ឈិម​បូព៌ា។ នៅក្នុងសេចក្តីប្រកាសមួយ លោកខេ ស្តាកមើ បានប្រតិកម្មថា ៖ “​ចក្រភពអង់គ្លេស ថ្កោល​ទោស​ការវាយប្រហារដោយដ្រូន និងមីស៊ីល ដែលបានដាក់គោលដៅលើប្រទេស​អារ៉ាបរួម អេមីរ៉េត។ ប្រមុខរដ្ឋាភិបាលអង់គ្លេស បានបន្ថែមថា ការកើនឡើង​នូវភាព​តានតឹង​នេះ​​ត្រូវតែបញ្ឈប់។ អ៊ីរ៉ង់ត្រូវតែសន្យាឲ្យ​បានពិតប្រាកដនូវការចចាដើម្បីធានាថា បទឈប់​បាញ់​​នៅមជ្ឈិមបូព៌ានៅតែបន្ត និងថាដំណោះស្រាយការទូតរយៈពេលវែងត្រូវតែមាន។

រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ថា មិនអាចទទួលយកបានដែរ សម្រាប់ការវាយ​ប្រហារដែលបានដាក់គោលដៅលើទីក្រុងហ្វ៊ូចៃរ៉ា នៃប្រទេសអារ៉ាបរួម អេមីរ៉េត ដែលបាន​ធ្វើ​ឲ្យ​​រ​បួសជនជាតិឥណ្ឌា ៣នាក់។

ចំណែកប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានព្រមានសម្រាប់ការផ្ទុះឡើងនូវភាពតានតឹងខាងយោធា​សាជាថ្មីនៅក្នុងតំបន់ឈូងសមុទ្រ និងអំពាវនាវឲ្យបន្ត​កិច្ចខិតខំប្រឹងប្រែង​សម្របសម្រួល​បន្ទាប់​​​ពីការចាប់ផ្តើមឡើងនូវការប៉ះទង្គិចរវាងកងកម្លាំង​អាម៉េរិក និងអ៊ីរ៉ង់ ដែលគំរាមកំហែង​ដល់​​បទ​ឈប់បាញ់។

នៅលើបណ្តាញសង្គមអ៊ិក X ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីតបានសម្តែងនូវការព្រួយបារម្ភ​របស់​ប្រទេសខ្លួន ប្រឈមនឹងការកើនឡើងនូវភាពតានតឹងខាងយោធានៅពេលនេះ​នៅ​ក្នុង​តំបន់ និងអំពាវនាវសម្រាប់ភាពចាំបាច់ក្នុងការបន្ធូបន្ថយភាពតានតឹងនៃស្ថានការណ៍ កុំចូល​រួម​ក្នុងការបង្កើនភាពតានតឹងបន្ថែមទៀត ហើយត្រូវបង្ហាញខ្លួនលើការទប់ស្កាត់សង្រ្គាម។

ទីក្រុងរីយ៉ាដ ក៏បញ្ជាក់គាំទ្រ​ការធ្វើជាអន្តរការី និងកិច្ចខិតខំប្រឹងប្រែងខាងការទូតរបស់​ប្រទេស​​ប៉ាគីស្ថាន​ក្នុងគោលដៅដើម្បីឈានទៅរកដំណោះស្រាយខាងនយោបាយ និងដែល​ជួយ​​បញ្ចៀស​តំបន់មិនឲ្យរអិលទៅរកភាពតានតឹង និងអស្ថិរភាពកាន់តែច្រើនថែមទៀត។

នៅលើបណ្តាញសង្គមអ៊ិក X  លោកអាបបា អារ៉ាជី រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា ៖ “សភាពការណ៍​នៅចក្រអ័រមូស បង្ហាញថា វាមិនមានដំណោះស្រាយខាងយោធាសម្រាប់វិបត្តិ​នយោបាយទេ។ លោកបានជំរុញឲ្យសហរដ្ឋអាម៉េរិកផ្តល់អាទិភាពលើផ្លូវនៃការធ្វើជាអន្តរការី​របស់ប៉ាគីស្ថាន និងព្រមានអាម៉េរិកអំពីហានិភ័យនៃការចូលរួម​ធ្វើឲ្យរអិលធ្លាក់ទៅក្នុង​ស្ថានភាព​​​ដ៏ស្មុគស្មាញ។

បទឈប់បាញ់ អាម៉េរិក អ៊ីរ៉ង់ មានភាពផុយស្រួយ ជាពិសេសជាមួយនឹងការចាប់ផ្តើម​ការ​បាញ់​​របស់អ៊ីរ៉ង់ឆ្ពោះទៅកាន់ប្រទេសអារ៉ាបរួម អេមីរ៉េត។

តាមសំដីដែលរាយការណ៍ដោយសារព័ត៌មាន ហ្វ៉កញូ (Fox News) ប្រធានាធិបតីអាម៉េរិក បានព្រមានថា ប្រសិនបើអ៊ីរ៉ង់ដាក់គោលដៅវាយប្រហារលើនាវាអាម៉េរិកនៅក្នុងតំបន់ លោក​នឹងបំផ្លាញអ៊ីរ៉ង់ឲ្យខូចខាតទាំងស្រុងចេញពីភពផែនដី។

 

Daily Program

Livesteam thumbnail