លោកអភិបាល អូលីវីយ៉េ ជំរុញឱ្យគ្រីស្តបរិស័ទរួមចិត្តគំនិតជាមួយគ្នាអធិដ្ឋានសុំសន្តិភាព

ខេត្តតាកែវ៖ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងបរិយាកាសរាត្រីដ៏វិសុទ្ធ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានប្រារព្ធបុណ្យអបអរសាទរព្រះយេស៊ូប្រសូត នៅព្រះសហគមន៍ចំការទៀង ខេត្តតាកែវ ដែលមានគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ។ 

ក្នុងធម្មទេសនាដ៏មានអត្ថន័យជ្រាលជ្រៅ លោកអភិបាលអូលីវីយ៉េបានសង្កត់ធ្ងន់លើតម្លៃនៃសន្តិភាព និងការរួមចំណែកតាមរយៈការអធិដ្ឋាន ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងភាពតានតឹង។

លោកអភិបាលបានរំឭកថា បុណ្យណូអែលមិនមែនគ្រាន់តែជាការរំឭកព្រឹត្តិការណ៍កាលពី ២០០០ ឆ្នាំមុននោះទេ ប៉ុន្តែគឺជាការទទួលយកវត្តមានរបស់ព្រះយេស៊ូគ្រីស្តនៅក្នុងជីវិតបច្ចុប្បន្ន។ លោកបានមានប្រសាសន៍ថា៖ «សន្តិភាពមិនមែនសម្រាប់តែគ្រីស្តបរិស័ទទេ... សន្តិភាពគឺសម្រាប់ផែនដីទាំងមូល។ វាជាសិទ្ធិរបស់យើងម្នាក់ៗក្នុងការរស់នៅក្នុងសន្តិភាព និងក្នុងសង្គមដែលអភិវឌ្ឍ»។ 

លោក អភិបាល អូលីវីយ៉េ បានបន្ថែមថា សង្គ្រាមនឹងបំផ្លាញសមិទ្ធផលដែលយើងបានកសាងយ៉ាងលំបាកក្នុងរយៈពេលជាង ៣០ ឆ្នាំមកនេះ។

លោកគង្វាលរូបនេះ បានលើកឡើងអំពីទិដ្ឋភាពរបស់ប្រជាពលរដ្ឋដែលត្រូវចាកចេញពីផ្ទះសម្បែង និងស្រែចម្ការក្នុងរដូវច្រូតកាត់ ដោយសារសង្គ្រាមនៅតាមព្រំដែន។ លោកបានរំឭកដល់ការឈឺចាប់ក្នុងអតីតកាលដែលចាស់ព្រឹទ្ធាចារ្យកម្ពុជា ធ្លាប់បានឆ្លងកាត់ ហើយលោកបានអំពាវនាវកុំឱ្យប្រវត្តិសាស្ត្រដ៏ជូរចត់នោះវិលត្រឡប់មកវិញ ជាពិសេសកើតមានចំពោះកូនចៅជំនាន់ក្រោយក្នុងសតវត្សទី ២១ នេះ។

នៅចំពោះមុខស្ថានភាពដ៏លំបាក លោកអភិបាលអូលីវីយ៉េ បានក្រើនរំឭកដល់គ្រីស្តបរិស័ទថា ទោះបីជាកម្លាំងអាវុធ ឬនយោបាយហាក់មិនអាចដោះស្រាយបញ្ហាបាន ប៉ុន្តែ «ការអធិដ្ឋាន» គឺជាអំណាចដ៏វិសេសវិសាល។ លោកមានប្រសាសន៍ទៀតថា៖ «យើងជឿថា ព្រះជាម្ចាស់អាចផ្លាស់ប្ដូរដួងចិត្តដែលរឹងរូស ឱ្យទៅជាដួងចិត្តដែលទន់ភ្លន់... ផ្លាស់ប្ដូរសង្គ្រាម ឱ្យទៅជាសន្តិភាពដ៏ពិតប្រាកដ»។

ជាទីបញ្ចប់ លោកអភិបាលបានបួងសួងសុំឱ្យឆ្នាំ ២០២៥ ដែលជាឆ្នាំមហាករុណាទិគុណ ក្លាយជាឆ្នាំនៃក្ដីសង្ឃឹម និងជាឆ្នាំដែលអ្នកដឹកនាំមានប្រាជ្ញាស្មារតីក្នុងការស្វែងរកផ្លូវសន្តិភាព ជាជាងការប្រើប្រាស់អំពើហិង្សា ដើម្បីឱ្យបងប្អូនខ្មែរគ្រប់រូបអាចរស់នៅជួបជុំគ្នាដោយស្នាមញញឹម និងសេចក្ដីថ្លៃថ្នូរតទៅមុខទៀត៕

Daily Program

Livesteam thumbnail