លោកអភិបាល អូលីវីយ៉េ ជម្រុញឱ្យគ្រីស្តបរិស័ទលះបង់ភាពភ័យខ្លាច និងកសាងសន្តិភាព

ក្នុងពិធីបុណ្យចម្លង ដែលបានប្រារព្ធឡើងយ៉ាងអធិកអធមនៅព្រះវិហារ​សន្តីម៉ារី​ញញឹម​ចំការទៀង ស្ថិត​នៅ​ឃុំគូស ស្រុកត្រាំកក់​ ខេត្តតាកែវ កាលពីយប់ថ្ងៃទី​០៥ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានថ្លែងសារលិខិតលើកទឹកចិត្ត​ដល់គ្រីស្តបរិស័ទ ឱ្យជឿជាក់លើជ័យជម្នះនៃជីវិត និងរួមគ្នាកសាងពិភពលោកមួយដែលពោរពេញដោយក្តីស្រឡាញ់។

កុំភ័យខ្លាចអ្វី

ថ្លែងទៅកាន់អង្គពិធីទាំងមូលដែលមាន​អ្នក​ចូលរួម​ប្រមាណ​ជាង​៣០០នាក់ ក្នុងនោះមានបេក្ខជន​ទទួល​ពិធី​ជ្រមុជទឹក ចំនួន​២០នាក់ ដែលមក​ពី​តំបន់​នានា​ក្នុង​ខេត្ត​តាកែវ លោកអភិបាលបានសង្កត់ធ្ងន់លើព្រះបន្ទូល «កុំភ័យខ្លាចអ្វីឡើយ» ដែលមានឥទ្ធិពលក្នុងបរិបទពិភពលោកបច្ចុប្បន្ន។

លោកបានមានប្រសាសន៍ថា ទោះបីជាព័ត៌មានជុំវិញពិភពលោកពោរពេញដោយសង្គ្រាម ភាពហិង្សា និងវិបត្តិផ្សេងៗដែលបង្កជាក្តីបារម្ភ ប៉ុន្តែការរស់ឡើងវិញរបស់ព្រះគ្រីស្ត​គឺជាសញ្ញាណនៃសេចក្តីសង្ឃឹមដែលមិនចេះរីងស្ងួត។

លោកបានបញ្ជាក់ថា៖ «ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ មិនមែនគ្រាន់តែជាដំណឹងមួយក្នុងចំណោមដំណឹងផ្សេងៗនោះទេ ប៉ុន្តែវាជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតដែលផ្លាស់ប្តូរប្រវត្តិសាស្ត្រមនុស្សជាតិទាំងស្រុង»។

ការកសាងសន្តិភាព និងការផ្សះផ្សា

ក្នុងសេចក្តីអធិប្បាយនោះ លោកអភិបាលក៏បានរំឭកអំពីប្រវត្តិសាស្ត្រការសង្គ្រោះ ដោយបានលើកឡើងថា មនុស្សលោកជារឿយៗបានបំផ្លាញគម្រោងការណ៍សុខដុមរមនារបស់ព្រះជាម្ចាស់ តាមរយៈភាពលោភលន់ និងការបែកបាក់។ ក្នុងន័យនេះ លោកបានជម្រុញឱ្យសហគមន៍គ្រីស្តបរិស័ទទាំងមូល ក្លាយជាអ្នកនាំសារសន្តិភាព ដោយចាប់ផ្តើមពីការលើកលែងទោសឱ្យគ្នាទៅវិញទៅមកក្នុងរង្វង់គ្រួសារ និងសង្គម។

និមិត្តរូបនៃជីវិតថ្មី

ក្នុងឆ្នាំ​២០២៦នេះ ព្រះសហគមន៍បានប្រារព្ធពិធីជ្រមុជទឹកដល់បេក្ខជន​ថ្មីចំនួន ១៥២រូប នៅទូទាំងភូមិភាគភ្នំពេញនៅ រីឯ​​ក្នុង​មណ្ឌលសកម្មភាពតាកែវ មាន​បេក្ខជន​ថ្មីសរុបចំនួន ៧០រូប។ លោកអភិបាលបានបញ្ជាក់ថា ការទទួលពិធីនេះគឺជាការចាប់ផ្តើមជីវិតថ្មីដែលពោរពេញដោយអត្ថន័យ និងជាការប្តេជ្ញាចិត្តដើរក្នុងផ្លូវនៃសេចក្តីស្រឡាញ់តាមគំរូរបស់ព្រះគ្រីស្ត។

ក្នុងពិធី​ជ្រមុជទឹក បេក្ខជន​ថ្មី ទទួលទៀននិង​អាវស​ម្នាក់មួយៗ។ លោក​អភិបាល​បាន​បញ្ជាក់​ថា ទានជា​ពន្លឺរបស់​ព្រះគ្រីស្ត​ដែល​បំភ្លឺរាល់​សេចក្តី​ទាំងឡាយនិង​ណែនាំ​ឲ្យទៅ​ជា​ពន្លឺ​សម្រាប់អ្នកដទៃ ហើយ​អាវស គឺ​ជា​ការ​បំពាក់​ព្រះគ្រីស្ត​ផ្ទាល់។

មុននឹងបញ្ចប់ លោកអភិបាល អូលីវីយ៉េ ក៏បានឆ្លៀតឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលជិតចូលមកដល់ផងដែរ។ លោកបានអំពាវនាវឱ្យគ្រីស្តបរិស័ទខ្មែរប្រើប្រាស់ពេលវេលានេះ ដើម្បីពិចារណាលើតម្លៃនៃជីវិត និងពង្រឹងចំណងសាមគ្គីភាពក្នុងនាមជាបុត្រធីតារបស់ព្រះជាម្ចាស់ ដើម្បីរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែប្រសើរឡើង៕

Daily Program

Livesteam thumbnail