លោកអភិបាលអូលីវីយ៉េ អំពាវនាវឱ្យលោកបូជាចារ្យ រក្សាសេចក្តីសង្ឃឹម និងរួមគ្នាកសាងសន្តិភាព ចំពេលមានជម្លោះព្រំដែន

[ភ្នំពេញ]៖ នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ បូជាចារ្យកាតូលិកដែលកំពុងបម្រើការងារក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានជួបជុំគ្នាក្នុងកិច្ចប្រជុំប្រចាំខែនៅមជ្ឈមណ្ឌលភូមិភាគភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈ។

នៅក្នុងឱកាសនោះ លោកអភិបាលអូលីវីយ៉េ បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសភាពការណ៍វិវដ្ដចុងក្រោយនៅក្នុងប្រទេសកម្ពុជា ជាពិសេសជម្លោះប្រដាប់អាវុធដែលកំពុងកើតមាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោកអភិបាលបានរំលឹកដល់លោកបូជាចារ្យថា គ្មានអ្វីដែលស្ថិតស្ថេរឡើយនៅលើលោកនេះ សូម្បីតែសន្តិភាពដែលធ្លាប់បានព្រមព្រៀងគ្នាក៏អាចប្រែប្រួលបានដែរ។ លោកបានសង្កត់ធ្ងន់ថា ក្នុងគ្រាដែលច្រកព្រំដែនត្រូវបានបិទ និងបញ្ហាទិដ្ឋការមានភាពមិនច្បាស់លាស់ មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ដែលស្ថិតស្ថេរ។

លោកបន្តថា ទោះបីជាពេលខ្លះយើងមានអារម្មណ៍អស់សង្ឃឹម ប៉ុន្តែក្នុងនាមយើងជាប្រជារាស្ត្រនៃសេចក្តីសង្ឃឹម និងនៅក្នុងឆ្នាំមហាករុណាទិគុណនេះ «យើងត្រូវតែរស់នៅជាមួយព្រះជាម្ចាស់ និងរក្សាសេចក្តីសង្ឃឹមឱ្យបានខ្ជាប់ខ្ជួន។»

លោកអភិបាលអូលីវីយ៉េបានសង្កេតឃើញថា កម្ពុជាឯកោពីសហគមន៍អន្តរជាតិ។ ខណៈដែលពិភពលោកកំពុងតាមដានសង្គ្រាមនៅអ៊ុយក្រែន ឬហ្គាហ្សា ប៉ុន្តែជម្លោះនៅព្រំដែនកម្ពុជាហាក់ត្រូវបានសហគមន៍អន្តរជាតិមើលរំលង។ លោកបានកត់សម្គាល់ទៀតថា សំឡេងរបស់កម្ពុជានៅលើឆាកអន្តរជាតិមានកម្រិតតិចតួចណាស់ បើធៀបនឹងភាគីម្ខាងទៀត។

អ្វីដែលគួរឱ្យបារម្ភបំផុតនោះ គឺជម្លោះនេះ បណ្ដាលឱ្យប្រជាជនស្លូតត្រង់ក្លាយជាអ្នករងគ្រោះយ៉ាងធ្ងន់ធ្ងរ ទាំងបញ្ហាជម្រក ស្បៀងអាហារ និងចំណូល។ លោកបានបន្តថា ក្នុងនាមជាអ្នកដឹកនាំសាសនា យើងក៏ត្រូវឈឺចាប់ចំពោះការរើសអើងជាតិសាសន៍ និងការស្អប់ខ្ពើមដែលកើតចេញពីជម្លោះនេះ។

ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ លោកអភិបាលអូលីវីយ៉េ បានដាក់ចេញនូវគោលការណ៍ណែនាំមួយចំនួនសម្រាប់ព្រះសហគមន៍។ លោកសូមអោយព្រះសហគមន៍នីមួយៗយកចិត្តទុកដាក់អធិដ្ឋាន ដោយថ្លែងថា «ប្រើប្រាស់កម្លាំងស្មារតីតាមរយៈការអធិស្ឋានដើម្បីសន្តិភាព»។

ក្នុងនោះលោកបានសំណូមពរ សូមអោយរៀបចំពិធីបុណ្យព្រះយេស៊ូប្រសូត ដោយកាត់បន្ថយកម្មវិធីកម្សាន្តសប្បាយ ហើយងាកមកប្រមូលថវិកាដើម្បីជួយសង្គ្រោះប្រជាជនដែលរងគ្រោះវិញ។ ម្យ៉ាងទៀត បន្តអប់រំកុមារអំពីសន្តិភាព និងបន្តចុះសួរសុខទុក្ខចាស់ជរា និងអ្នកជំងឺ។

មួយវិញទៀត លោកគង្វាលរូបនេះ ស្នើសុំអោយព្រះសហគមន៍ ចូលរួមសកម្មភាពជាក់ស្តែងតាមរយៈមូលនិធិនានា និងកិច្ចសហការជាមួយក្រសួងធម្មការ និងសាសនា ក្រសួងអប់រំ និងក្រសួងការពារជាតិ...។

លោកបានជំរុញអោយ បូជាចារ្យទាំងអស់ ត្រូវផ្សព្វផ្សាយឲ្យពិភពលោកបានដឹង អំពីសភាពការណ៍ជាក់ស្តែងដែលកំពុងកើតឡើងនៅកម្ពុជានាពេលនេះ។ លោកអភិបាលអូលីវីយ៉េបានសង្កត់ធ្ងន់ទៀតថា «សន្តិភាព ការផ្សះផ្សារ និងភាពធន់» ជាគ្រឹះដ៏សំខាន់សម្រាប់សង្គមជាតិទាំងមូល៕

Daily Program

Livesteam thumbnail