លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ, បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត
លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ, បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត គង់នៅវត្តឧណ្ណាលោម នារសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងជំនួបដ៏មានអត្ថន័យនេះ មេដឹកនាំសាសនាទាំងពីររូបបានពិភាក្សាគ្នាប្រកបដោយភាពស្និទ្ធស្នាល និងយល់ចិត្តគ្នាទៅវិញទៅមក ដោយផ្តោតសំខាន់លើប្រធានបទស្នូល គឺ ការរួមគ្នាដើម្បីសន្តិភាព។ ពួកលោកក៏បានពិភាក្សាអំពីរបៀបបន្តជំរុញឱ្យសាសនិកនៃសាសនាទាំងពីរ (ព្រះពុទ្ធសាសនា និងព្រះសហគមន៍កាតូលិក) ភ្ញាក់ស្មារតីរួបរួមគ្នាក្នុងស្មារតីស្រឡាញ់សន្តិភាព។
មេដឹកនាំសាសនាទាំងពីរបានសម្ដែងនូវបំណងប្រាថ្នារួមគ្នាដ៏មុតមាំមួយ តាមស្មារតី និងសកម្មភាពរួមនៃសាសនាទាំងពីរ នឹងកាជំរុញឱ្យមានសុខសន្តិភាពកើតមានឡើងឆាប់ៗ។ បញ្ចប់ជម្លោះប្រដាប់អាវុធ ដើម្បីនាំមកនូវសេចក្តីសុខសន្តិភាពដូចដើមវិញ និងធានាថាជីវិតរស់នៅរបស់ប្រជាជនទូទៅអាចប្រព្រឹត្តទៅដោយសុវត្ថិភាព និងភាពសុខដុមរមនាឡើងវិញ។
ជំនួបរវាង លោកអភិបាលអូលីវីយ៉េ និង សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត គឺជាសក្ខីភាពមួយដែលបង្ហាញថា ថ្វីត្បិតតែមានជំនឿសាសនាផ្សេងគ្នា ក៏មេដឹកនាំសាសនាទាំងអស់អាចធ្វើការរួមគ្នាដើម្បីបុព្វហេតុសន្តិភាព សុខដុមរមនា និងមនុស្សធម៌ដ៏ធំធេងបាន។