លោកអភិបាលអូលីវីយ៉េ ជួបជាមួយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិភាក្សាការពង្រីកកិច្ចសហប្រតិបត្តិការ

រាជធានីភ្នំពេញ៖  ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ – លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ  ព្រមទាំងជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានសន្តប៉ូល​(Saint Paul Institute - SPI) បានជួបប្រជុំការងារជាមួយឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន នៅទីស្តីការក្រសួង។

ក្នុងជំនួបដ៏មានអត្ថន័យនេះ ចំណុចសំខាន់ៗចំនួនបីត្រូវបានលើកយកមកពិភាក្សា៖

ទី១ លោកអភិបាល អូលីវីយ៉េ បានថ្លែងអំណរគុណ និងបង្ហាញសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំពោះការស្ថាបនាផ្លូវបេតុងប្រវែង ១ គីឡូម៉ែត្រ ទល់មុខវិទ្យាស្ថានសន្តប៉ូល។ ការស្ថាបនាផ្លូវនេះ ត្រូវបានគេមើលឃើញថា បានរួមចំណែកយ៉ាងធំធេងដល់ការសម្រួលការធ្វើដំណើរ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។

ទី២ លោកអភិបាល អូលីវីយ៉េ ក៏បានធ្វើបទបង្ហាញ និងណែនាំអំពីបេសកកម្មរបស់ព្រះសហគមន៍កាតូលិកនៅស្រុកត្រាំកក់ ខេត្តតាកែវ។ បេសកកម្មនេះ គ្របដណ្តប់លើវិស័យចម្រុះជាច្រើន រួមមាន៖ វិស័យអប់រំ ការអភិវឌ្ឍន៍សង្គម មជ្ឈមណ្ឌលសិប្បកម្ម វិស័យសិល្បៈ និងកិច្ចសន្ទនាអន្តរសាសនា។ ការបង្ហាញនេះ បានគូសបញ្ជាក់ពីតួនាទីយ៉ាងសកម្មរបស់ព្រះសហគមន៍កាតូលិកក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។

ទី៣ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លោកអភិបាល អូលីវីយ៉េ បានស្នើសុំឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិចារណាចាប់ផ្តើមសហការគ្នាក្នុងការបើកដំណើរការមុខជំនាញថ្មីមួយ គឺកម្មវិធីអភិវឌ្ឍន៍ឌីជីថល នៅវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេសឯកជនសន្តហ្វ្រង់ស័្វរ។ សំណើនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការអប់រំផ្នែកឌីជីថល ដែលជាជំនាញដ៏សំខាន់សម្រាប់យុគសម័យបច្ចេកវិទ្យាបច្ចុប្បន្ន។

ជំនួបនេះ បានបង្ហាញពីឆន្ទៈដ៏មុតមាំរបស់ភាគីទាំងពីរក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងពង្រីកវិសាលភាពនៃគម្រោងរួមគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម និងធនធានមនុស្សនៅកម្ពុជា៕

Daily Program

Livesteam thumbnail