លោកអភិបាលហង្សលី៖ អគ្គសញ្ញាលាបថ្ងាសនាំឲ្យយើងក្លាហានប្រកាសជំនឿ
ក្នុងពិធីលាបថ្ងាសដល់គ្រីស្តបរិស័ទនៅព្រះសហគមន៍កាតូលិកសន្តយ៉ូសែប ក្រុងបានឡុង ខេត្តរតនគិរី កាលពីថ្ងៃអាទិត្យ ទី២៣ ខែមិថុនានេះ លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម មានប្រសាសន៍ក្នុងធម្មទេសនាទៅកាន់គ្រីស្តបរិស័ទទាំងអស់ថា យើងទាំងអស់ទទួលអគ្គសញ្ញាដោយសារយើងមានជំនឿ។
លោកប្រាប់ទៀតថា៖ «អគ្គសញ្ញាលាបថ្ងាសមកបំពេញឲ្យយើងក្លាយជាគ្រីស្តបរិស័ទពេញទី»។
លោកអភិបាលបានលើកទឹកចិត្តដល់គ្រីស្តបរិស័ទ ទោះបីជួបទុក្ខលំបាលជាច្រើនអំពីបញ្ហាសេដ្ឋកិច្ច បញ្ហាគេបៀតបៀន សូមកុំភ្លេចថាយើងមានព្រះជាម្ចាស់គង់ជាមួយ។ «ជំនឿនាំឲ្យយើងមានសេចក្តីក្លាហាន»។
លោកអភិបាលបញ្ជាក់ថា នៅពេលយើងទទួលអគ្គសញ្ញាលាបថ្ងាស យើងទទួលបានព្រះអំណោយទានទាំង៧នៃព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងនោះអំណោយទានមួយនិយាយអំពីចិត្តអង់អាច ឬក្លាហាន។ ពេលណាយើងមានជំនឿលើព្រះយេស៊ូនាំឲ្យយើងមានចិត្តក្លាហាន និងកម្លាំងពិសេសដើរតាមព្រះយេស៊ូ។
ក្នុងពេលនោះលោកអភិបាលបានណែនាំដល់គ្រីស្តបរិស័ទទាំងអស់ថា «ភាពក្លាហាន នាំឲ្យយើងហ៊ានរស់នៅតាមជំនឿរបស់យើងជាគ្រីស្តបរិស័ទក្នុងការអធិដ្ឋាន ការចូលរួមអភិបូជា យកចិត្តទុកដាក់ស្រឡាញ់បងប្អូននៅជុំវិញយើង និងជាពិសេសហ៊ានប្រកាសជំនឿរបស់យើងចំពោះអ្នកដទៃ»។
អ្នកដែលអាចទទួលអគ្គសញ្ញាលាបថ្ងាសក្នុងព្រះសហគមន៍កាតូលិកបាន គឺជាគ្រីស្តបរិស័ទកាតូលិកដែលទទួលពិធីជ្រុមុជទឹករួច។ ពិធីនៃអគ្គសញ្ញានេះ គឺដើម្បី«ផ្តល់ព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឲ្យយើងចាក់ឫសយ៉ាងជ្រៅទៅក្នុងពូជពង្សជាបុត្រធីតារបស់ព្រះជាម្ចាស់ ឲ្យយើងរួមរស់ជាមួយព្រះគ្រីស្តយ៉ាងស្និទ្ធស្នាល ជាប់ចំណងនឹងព្រះសហគមន៍យ៉ាងមាំមួន ចូលរួមក្នុងបេសកកម្មរបស់ព្រះសហគមន៍ច្រើនជាងមុន និងជួយឲ្យយើងផ្តល់សក្ខីភាពអំពីគ្រីស្តសាសនាតាមពាក្យសម្ដីផង និងតាមកិច្ចការផងដែរ» (គោលិទ្ធិ១៣១៦)៕
ដោយម៉េង ភីឡុង