លោកអភិបាលភ្នំពេញ៖ គ្រីស្តបរិស័ទអធិដ្ឋាន ស្រឡាញ់ និងបម្រើដូចលោកប៊ូយៀប

គ្រីស្តបរិស័ទជិតឆ្ងាយប្រមាណ២០០០នាក់បានចូលរួមកម្មវិធីបុណ្យរំលឹកមរណភាពរបស់លោកហ្វ្រង់ស៊ីស្កូ ត្រឿង ប៊ូយៀប នៅព្រះវិហារបេះដូងព្រះយេស៊ូផ្លូវត្រី ក្នុងខេត្តកណ្ដាល ក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមនឹងលោកបូជាចារ្យជាច្រើនអង្គ។
លោកហ្វ្រង់ស្វ័រ ត្រឿង ប៊ូយៀប ជាបូជាចារ្យមួយរូប ធ្លាប់បម្រើការងារនៅក្នុងតំបន់ផ្លូវត្រី ហើយត្រូវបានគេសម្លាប់នាថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៤៦ នៅប្រទេសវៀតណាម។
លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ក្នុងធម្មទេសនាថា ថ្ងៃនេះ មានមនុស្សច្រើនមកអធិដ្ឋានអង្វរព្រះជាម្ចាស់តាមរយៈលោកប៊ូយៀបដែលជាមនុស្សសុចរិត ជាអ្នកបម្រើអ្នកតូចតាចនិងអ្នកក្រីក្រ ដែលជាគំរូសម្រាប់យើង ឲ្យយើងរស់នៅក្នុងភាពដ៏វិសុទ្ធដូចគាត់ដែលធ្លាប់រស់នៅហើយធ្វើដំណើរឆ្ពោះទៅសេចក្តីសង្ឃឹម។
លោកអភិបាលបន្ថែមថា ជាទូទៅគេមកអធិដ្ឋានសុំអង្វរលោកហៀបដើម្បីរកស៊ីក្លាយជាអ្នកមាន។ លោកសង្កត់ធ្ងន់ថា តែយើងជាគ្រីស្តបរិស័ទ «ឲ្យយើងរកស៊ីបាន ឲ្យយើងទៅជាអ្នកមាន តាមរបៀបព្រះជាម្ចាស់»។
លោកអភិបាលសូមឲ្យគ្រីស្តបរិស័ទទាំងអស់យកគំរូរបស់លោកហៀប ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនឯទៀតៗ ស្រឡាញ់ពួកគេ និងបម្រើពួកគេ រួមទាំងចេះចែករំលែកទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដោយមានចិត្តមេត្តាករុណាដូចព្រះជាម្ចាស់។
លោកបន្ថែមថា «លើកដៃសុំមិនសម្រាប់តែផ្ទាល់ខ្លួន តែបើកដៃចែកឲ្យមនុស្សដែលអស់សង្ឃឹម។ បើគ្មានទ្រព្យឲ្យយើងចែកសេចក្តីស្រឡាញ់»។ លោកអភិបាលបញ្ជាក់ថា ទង្វើនេះ គឺ«ដើម្បីឲ្យយើងភ្ជាប់ជាមួយព្រះជាម្ចាស់ ឲ្យព្រះជាម្ចាស់មើលឃើញថា យើងជាមនុស្សដ៏វិសុទ្ធ»។
ក្នុងរដូវអប់រំពិសេសនេះ និងនៅក្នុងឱកាសឆ្នាំព្រះមហាករុណាទិគុណ លោកអភិបាលសូមឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់ធ្វើដំណើរបូជនីចរពីកន្លែងមួយទៅកន្លែងមួយ ទទួលអគ្គសញ្ញាលើកលែងទោស យកពេលវេលាអធិដ្ឋានអង្វរព្រះជាម្ចាស់តាមរយៈព្រះនាងម៉ារី សន្តយ៉ូសែប មរណសាក្សីនៅកម្ពុជា និងលោកប៊ូយៀប ដើម្បីឲ្យជីវិតរបស់យើងចេះថ្វាយបង្គំពិតប្រាកដ ចេះបង្ហាញធម៌មេត្តាករុណាដល់អ្នកដទៃ ភ្ជាប់ទំនាក់ទំនងជាមួយព្រះយេស៊ូ ដើម្បីឲ្យយើងទទួលសេចក្តីសុខក្នុងខ្លួន។
អែម សារ៉េត មកពីព្រះសហគមន៍ជុំគិរីខេត្តកំពត បាននិយាយថា គាត់សប្បាយចិត្តខ្លាំងណាស់ព្រោះឃើញបងប្អូនគ្រីស្តបរិស័ទច្រើន ចូលរួមកម្មវិធីនេះ ដើម្បីនឹករលឹកដល់លោកបូជាចារ្យប៊ូយៀបដែលបានបូជាជីវិត។ នេះជាលើកដំបូងហើយដែលសារ៉េតបានចូលរួម។ លោកប្រាប់ទៀតថា បងប្អូនគ្រីស្តបរិស័ទមានជំនឿ និងផ្ញើសេចក្តីទុកចិត្តលើលោកប៊ូយៀប ដោយពួកគាត់តែងតែអធិដ្ឋានសុំពរពីលោក។
សារ៉េតបន្តថា ជីវិតរបស់លោកប៊ូយៀបនាំឲ្យយើងមានសេចក្តីសង្ឃឹម ហើយតាមរយៈគាត់ យើងសូមទូលអង្វរទៅព្រះជាម្ចាស់ «ឲ្យយើងមានសេចក្តីសង្ឃឹមនិងសេចក្តីក្លាហានក្នុងជីវិតរបស់យើង»។
ក្នុងនាមជាគ្រីស្តបរិស័ទ ហ៊ុង វិន័យ អាយុ២២ឆ្នាំ នឹងយកគំរូរបស់លោកប៊ូយៀបអនុវត្តក្នុងជីវិតរស់នៅរបស់ខ្លួន។ យុវ័ន ដែលជាគ្រីស្តបរិស័ទនៅព្រះវិហារបេះដូងព្រះយេស៊ូផ្លូវត្រីរូបនេះ ឲ្យដឹងទៀតថា គាត់នឹងណែនាំអ្នកផ្សេងឲ្យស្គាល់ព្រះជាម្ចាស់ឲ្យបានច្រើន និងជួយអ្នកក្រីក្រឲ្យបានច្រើន ជួយអ្នកលំបាកក្នុងគ្រួសារ និងអ្នកអស់សង្ឃឹម «ជួយគេដូចលោកយៀបអ៊ីចឹង។»
សូមរំឭកផងដែរថា លោក ហ្វ្រង់ស្វ័រ ត្រឿង ប៊ូយៀប កើតនៅថ្ងៃទី ១ ខែមករា ឆ្នាំ១៨៩៧ ក្នុងខេត្តអាងយ៉ាង ប្រទេសវៀតណាម។ នៅឆ្នាំ១៩២៤ លោកត្រូវបានតែងតាំងជាបូជាចារ្យ នៅភ្នំពេញ ក្នុងសម័យលោកអភិបាល Valentin Herrgotte។ ឆ្នាំ ១៩២៤ ដល់ ១៩២៥ លោកបូជាចារ្យ ត្រឿង ប៊ូយៀប ត្រូវបានចាត់ឱ្យបំពេញបេសកម្មជាបូជាចារ្យជំនួយនៅព្រះសហគមន៍ ផ្លូវត្រី។
លោកបានទទួលមរណភាព នៅប្រទេសវៀតណាម នាថ្ងៃទី១២ មីនា ១៩៤៦។ បច្ចុប្បន្នមានមនុស្សជាច្រើនទាំងក្នុង និងក្រៅប្រទេស ទាំងគ្រីស្តបរិស័ទ និងអ្នកដែលមានជំនឿលើសាសនាដទៃទៀត បានមកព្រះសហគមន៍ផ្លូវត្រី ដើម្បីអុជធូបសូមសេចក្តីសុខតាមតម្រូវការរបស់ខ្លួន ជាពិសេសគឺសម្រាប់មុខជំនួញ៕
ដោយកែវ កញ្ញា














Daily Program
