លោកអភិបាលភ្នំពេញឲ្យគ្រីស្តបរិស័ទយកគំរូតាម កាឡូស អាគូទីស

លោកអភិបាលភ្នំពេញឲ្យគ្រីស្តបរិស័ទយកគំរូតាម កាឡូស អាគូទីស
លោកអភិបាលភ្នំពេញឲ្យគ្រីស្តបរិស័ទយកគំរូតាម កាឡូស អាគូទីស

ក្នុង​ពិធីប្រសិទ្ធិពរលើតុសក្ការៈថ្មី និងអរព្រះគុណព្រះជាម្ចាស់ខួប ៦០ ឆ្នាំរបស់ព្រះសហគមន៍សន្តមីកាអែល នៅក្រុងព្រះសីហនុ លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ ជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​យកគំរូ​តាម​អ្នក​មាន​សុភមង្គល​កាឡូស​អាគូទីស ដែល​អធិធាតុរបស់​គាត់​ត្រូវ​បាន​បញ្ចុះ​ក្នុង​តុអាសនៈថ្មី​នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោកអភិបាល​អូលីវីយ៉េ បញ្ជាក់ថា គ្រប់​ពេល​វេលា​ដែលយើង​ចូល​ក្នុងអភិបូជា​ យើងត្រូវ​នឹកឃើញ​អំពីជីវិត​របស់​យើង​ដែល​ទទួល​កម្លាំង​និង​ព្រះពរ​ពី​ព្រះកាយព្រះគ្រីស្ត ដែល​ជា​កំពូលនិង​ជា​ប្រភព​នៃ​ជីវិត​របស់​យើង​។

លោក​អភិបាល​បាន​និយាយ​ពី​ កាឡូស​អាគូសទីស ជា​យុវជន​ម្នាក់​ដែលកើត​​ក្នុង​ឆ្នាំ​១៩៩១ ហើយ​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០០៦ មាន​គុណធម៌​ចំនួន​៥​ដែល​យើង​ជា​គ្រីស្ត​បរិស័ទត្រូវ​អនុវត្ត​តាម។

​ទី១ លោក​ថា រៀងរាល់ថ្ងៃ​ កាឡូស​ទទួល​ព្រះកាយព្រះគ្រីស្តនិង​នៅក្បែ​ព្រះអង្គ​ដោយ​នមស្កា​ព្រះកាយព្រះគ្រីស្ត​ក្នុង​ពេល​អភិបូជា។ «គាត់តែ​ងនិយាយថា​ ព្រះកាយព្រះគ្រីស្ត​ប្រៀបដូចជា​ផ្លូវល្បឿនលឿន​ដើម្បី​ចូល​ស្ថាន​បរមសុខ» លោកអភិបាល​បញ្ជាក់។

មាន​ប្រសាសន៍ទៅកាន់​គ្រីស្តបរិស័ទ​ជាច្រើន​កុះករ លោកអភិបាល​បន្តថា ទោះ​បី​ជាកាឡូស កើត​​ជំងឺ​មហារីកឈាម គាត់​នៅតែ​មាន​អំណរសប្បាយ​ ដោយ​និយាយថា «ជារៀងរាល់ថ្ងៃ​ខ្ញុំជាប់ជាមួយព្រះយេស៊ូ» ដែល​នេះ​ជា​ចំណុច​មួយទៀត​ដែលគ្រីស្តបរិស័ទ​​រៀន​ពី​យុវជន​រូបនេះ។

លោកគង្វាល​ព្រះសហគមន៍​បន្ថែម​ថា ក្នុងសម័យ​អ៊ីនធឺណេត ឲ្យ​គ្រីស្តបរិស័​ទ​ត្រូវ​ប្រើ​វា​ដើម្បី​ប្រកាសដំណឹងល្អ ដូច​កាឡូស​ដែរ។ លោក​អភិបាល​បញ្ជាក់ «គាត់​មិន​ប្រើ​វា​ដើម្បី​សប្បាយៗ លេង​ហ្គេម ទៅណាទីណីទេ។ គាត់​បាន​យក​អ៊ីនធឺណេត ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹងល្អ​អំពីការអស្ចារ្យ​​នៃព្រះកាយព្រះគ្រីស្ត» ហើយ​ការស្រាវជ្រាវនេះ បាន​នាំ​ឲ្យ​យុវជន​ជាច្រើនទទួល​ព្រះយេស៊ូគ្រីស្ត​ជា​អម្ចាស់​។

ទី២ យុវជន​នេះ​ណែនាំ​ឲ្យយើង​យល់ថា ជីវិត​ជា​សន្ត​បុគ្គល​គឺ​សម្រាប់​មនុស្ស​ទាំងអស់​។ លោកអភិបាល​បញ្ជាក់ «ទោះ​បី​យើង​ជា​កូនក្មេង ជា​យុវជនក៏ដោយ ពេលយើង​ជាប់​ជាមួយព្រះជាម្ចាស់ យើង​អាច​ធ្វើដំណើរ​ទៅក្នុង​ជីវិត​ដ៏វិសុទ្ធ​»។

ទី៣ គឺនៅក្បែ​ព្រះកាយព្រះគ្រីស្ត​ដើម្បីឆ្លង​ភាព​ដ៏វិសុទ្ធ​របស់​ព្រះជាម្ចាស់ «ព្រះកាយព្រះគ្រីស្ត​​ណែនាំ​ឲ្យជីវិត​របស់​យើង​កែប្រែ ដើម្បី​ភ្ជាប់​ជាមួយ​ព្រះយេស៊ូគ្រីស្ត​ផ្ទាល់ដែល​ជា​មរតក​និងជា​ជីវិត​របស់​យើង​»។

ទី៤ លោកអភិបាល​បាន​សង្កត់​ធ្ងន់​ថា កាឡូស​បាន​បង្ហាញ​ថា «ព្រះកាយព្រះគ្រីស្ត​ជា​អគ្គសញ្ញា​នៃធម៌មេត្តាករុណា»។​ លោកពន្យល់ថា ជីវិតរបស់​យើង​បាន​ប៉ះផ្ទាល់​ជាមួយ​សេចក្តីស្រឡាញ់​របស់​ព្រះជាម្ចាស់​​តាមរយៈ​ការបូជាព្រះជន្ម​របស់​ព្រះយេស៊ូ។

កាឡូស​ទោះបីនៅក្មេងមាន​អាយុទើបតែ​៦ឬ៧ឆ្នាំ គាត់​បាន​ខិតខំ​ប្រមូល​ប្រាក់​ដើម្បី​សួរសុខទុក្ខ​អ្នកក្រីក្រ​ អ្នកជំងឺ​។ លោក​អភិបាល​អូលីវិយ៉េ បញ្ជាក់ថា «ពិតមែន នៅពេល​យើង​ទទួល​ព្រះយេស៊ូគ្រីស្ត​ជាប្រចាំ​ថ្ងៃ សមត្ថភាព​របស់​យើង​ដើម្បីស្រឡាញ់បងប្អូនឯទៀតៗរីកចម្រើន​ខ្លាំងទៅៗ»។

ទី​៥ គឺ​គាត់​បាន​ណែនាំ​ឲ្យយើង​ជាប់​ជាមួយ​​សេចក្តីស្រលាញ់ដែលយើង​ទទួល​ពី​​ព្រះនាងម៉ារី​​ ដែល​ជា​មាតារបស់​យើងនិង​របស់​ព្រះសហគមន៍​ តាមរយៈអធិដ្ឋាន​ផ្គាំ ឲ្យយើង​ធ្វើ​ដំណើរ​ដោយកម្លាំង​ជាមួយព្រះយេស៊ូ​។

ក្នុងឆ្នាំ​មហាករុណាទិគុណនេះ សូមឲ្យយើង​អរព្រះគុណព្រះជាម្ចាស់​ តាម​រយៈ​កាឡូស​អាគូទីស។ សូម​ឲ្យយើង​ជា​គ្រីស្តបរិស័ទ​យកចិត្ត​ទុកដាក់រស់នៅប្រចាំថ្ងៃ​ក្នុងសេចក្តីស្រឡាញ់​របស់​ព្រះយេស៊ូ ដោយ​ទទួល​ព្រះកាយ​ ស្រឡាញ់​ព្រះកាយ និង​ស្រឡាញ់​ព្រះយេស៊ូ​ដែល​បូជាជីវិត​សម្រាប់យើង។

មុន​នឹង​បញ្ចប់​ធម្មទេសនា លោកអភិបាល​បន្ថែមថា «ថ្ងៃនេះ​តាម​រយៈ​សន្ត​មីកាអែល​ដែល​ជាន់​មាសាតាំង តាមរយៈព្រះនាងម៉ារី​ជា​មាតារបស់យើង​ យើង​ធ្វើដំណើរ​ឆ្ពោះទៅព្រះយេស៊ូគ្រីស្ត​ដែលបូជាជីវិតដើម្បីឲ្យយើង​មាន​ជីវិត»។

ព្រះវិហារ​សន្ត​មីកាអែល ដែលបាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩៦៥ ដោយ​លោក​អាឡូប៊េរី ដោយមាន​ស្ថាបត្យករល្បី​ល្បាញរបស់​កម្ពុជា​គឺ​វណ្ណ មូលីវណ្ណ។ សព្វថ្ងៃ​ព្រះវិហារ​នេះ ទទួល​ខុស​ត្រូវ​ដោយលោក​បូជាចារ្យ ហ្គូស្តាវ៉ូ អាដ្រីយ៉ាន បេនីតេស។

ក្រោយសង្គ្រាម​ស៊ីវិល​ក្នុងរបប​ប្រល័យពូជសាសន៍ក្នុង​ឆ្នាំ​១៩៧៩ ព្រះវិហារ​កាតូលិកក្នុងភូមិភាគ​ភ្នំពេញ​​ដែលនៅ​សេសសល់​គឺ​មាន​តិចតួច​ណាស់​ គឺមានព្រះវិហារ​តូច​សន្ត​យ៉ូសែប​(ផ្សារតូច) ព្រះវិហារ​នៅ​លើភ្នំ​បូកគោ និងព្រះវិហារសន្តមីកាអែល​(ក្រុងព្រះសីហនុ)៕

ដោយ​កែ​វ កញ្ញា

Daily Program

Livesteam thumbnail