លោកអភិបាលភូមិភាគភ្នំពេញអំពាវនាវប្រមូលថវិកាជួយសាលារៀនតំបន់ហានិភ័យនិងប្រជាជនភៀសសឹក 

នាថ្ងៃទី១៣ ខែធ្នូនេះ ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ បានចេញលិខិតអំពាវនាវប្រមូលថវិកា ដើម្បីឧបត្ថម្ភសាលារៀនដែលស្ថិតក្នុងតំបន់ហានិភ័យ និងគាំទ្រដល់ប្រជាជនកម្ពុជា ដែលកំពុងភៀសសឹក ដោយសារសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ។
ក្នុងលិខិតចុះហត្ថលេខាដោយលោកអភិបាលអូលីវិយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ កាលពីម្សិលមិញ និងបានចេញផ្សាយនៅថ្ងៃនេះ បានជម្រាបជូននាយក នាយិកា អ្នកទទួលខុសត្រូវ និងថ្នាក់ដឹកនាំសាលារៀនរបស់ព្រះសហគមន៍កាតូលិកគ្រប់កម្រិតសិក្សា ចាប់ពីមត្តេយ្យសិក្សា ដល់ឧត្តមសិក្សា អំពីការចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការគាំទ្រដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានជម្លៀសខ្លួនទៅតំបន់ភៀសសឹក។ 

លោកបានអំពាវនាវ ឲ្យចូលរួម «បរិច្ចាគថវិកា តាមលទ្ធភាព និងសទ្ធាជ្រះថ្លារបស់ខ្លួន» ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ និងជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ។ 

ជាមួយគ្នានេះ លោកអភិបាលបានថ្លែងអំណរគុណ និងបង្ហាញការជឿជាក់យ៉ាងមុតមាំលើ«ស្មារតីសប្បុរសធម៌ និងវប្បធម៌នៃការចែករំលែកក្នុងស្មារតីភាតរភាព» របស់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ ដែលត្រូវបានចាត់ទុកថា «ជាខឿនការពារជាតិដ៏រឹងមាំ»។ 

ថវិកាបរិច្ចាគទាំងអស់ នឹងត្រូវប្រគល់ជូនគណៈគ្រប់គ្រងសាលារៀនតាមកន្លែងនីមួយៗ ដើម្បីបន្តចាត់ចែង និងគាំទ្រដល់គោលដៅមនុស្សធម៌ខាងលើ។ 

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីលិខិតមួយច្បាប់ទៀត ដែលធ្វើឡើងដោយលោកអភិបាលទាំងបីភូមិភាគ អំពាវនាវអោយមានបទឈប់បាញ់បន្ទាន់មួយ និងសុំសន្តិភាព។ ក្នុងលិខិតនោះ លោកអភិបាលទាំងបី ក៏បានស្នើសុំអោយគ្រីស្តបរិស័ទអធិដ្ឋានសុំសន្តិភាព និងរិះរកមធ្យោបាយតាមសមត្ថភាព និងលទ្ធភាពដើម្បីជួយដល់ជនភៀសសឹកនៅតាមព្រំដែនដែលកំពុងមានជម្លោះរវាងកម្ពុជានិងថៃ។ 

សង្គ្រាមបានចាប់ផ្ដើមជាថ្មីទៀត កាលពីថ្ងៃទី៧ ខែធ្នូ ដែលបណ្ដាលអោយប្រជាជនស្លូតត្រង់កម្ពុជាចំនួន១១នាក់បានស្លាប់ និងរបួសជាច្រើននាក់ ហើយប្រជាជនស៊ីវិលនៅតាមបណ្ដោយព្រំដែន បានក្លាយជាជនភៀសសឹកជាថ្មី ដែលមានចំនួនសរុប៣០៣.២១៣នាក់។  នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ នាថ្ងៃទី១២ ខែធ្នូនេះ៕

Daily Program

Livesteam thumbnail