លោកអន់តូនី ប៊្លីនឃិន ទៅអ៊ីស្រាអែលដើម្បីពិភាក្សាអំពីបទឈប់បាញ់នៅហ្គាហ្សា

ដោយទុកការបែកបាក់គ្នានៅម្ខាង ក្រុមប្រឹក្សាសន្តិសុខនៃអង្កការសហប្រជាជាតិ កាលពីថ្ងៃ ចន្ទ បានមកនូវការគាំទ្រលើផែនការបទឈប់បាញ់នៅហ្គាហ្សា ដោយដាក់ទម្ងន់​បន្ថែម ពី ខាងក្រោយនៃយុទ្ធនាការការទូតដែលដឹកនាំដោយសហរដ្ឋអាម៉េរិកដើម្បីលើកកម្ពស់​សំណើសន្តិភាព​ដែលមាន ៣ដំណាក់កាល។

ដំណោះស្រាយដែលរៀបចំឡើងដោយអាម៉េរិក ដែលបានទទួល ១៤សម្លេង គាំទ្រ រុស្ស៊ី​អនុប្បវាទ បានស្វាគមន៍សំណើរបទឈប់បាញ់​ដែលប្រកាស​នៅថ្ងៃទី៣១ ឧសភា ដោយ​ប្រធានាធិបតី​ចូ បាយឌិន។ ដំណោះស្រាយបញ្ជាក់ថា អ៊ីស្រាអែលបានទទួលយក​ផែនការ​នេះ ហើយ​សង្កត់លើក្រុមហាម៉ាស​ឲ្យទទួលស្គាល់ដែរ និងអំពាវនាវឲ្យភាគីទាំងពីរអនុវត្តឲ្យបាន​ពេញ​​​លេញ​​នូវដំណោះស្រាយនេះ ដោយមិនពន្យាពេល និងគ្មានលក្ខខណ្ឌ។

រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកអន់តូនី ប៊ិនឃិន កាលពីថ្ងៃអង្គារ បានសន្ទនាជាមួយ​នឹង​បុគ្គលសំខាន់ៗនៃក្រុមបក្សប្រឆាំងអ៊ីស្រាអែល​នៅក្នុងក្របខណ្ឌ​នៃដំណើរទស្សនកិច្ចថ្មី​នៅ​មជ្ឈិមបូព៌ា ដែលសំដៅការពារផែនការបទឈប់បាញ់នៅហ្គាហ្សា ដែលត្រូវបានគាំទ្រដោយ​ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។

នៅទីក្រុងតេល អាវីវ បន្ទាប់ពីជួបនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្រ្តី ក្រសួងការពារជាតិ លោកយូអាវ ហ្គាឡង់ ប្រមុខការទូតអាម៉េរិក កាលពីថ្ងៃអង្គារ បានជួប លោកបេននី ហ្គង់ មន្រ្តីបេសកកម្មពិសេសនៃទីស្តីការសង្រ្គាមអ៊ីស្រាអែល បន្ទាប់មក ជួប ប្រមុខក្រុមបក្សប្រឆាំង លោកយ៉ៃអៀ ឡាពីត មុននឹងធ្វើដំណើរចាកចេញទៅកាន់ប្រទេស ហ្ស៉កដានី។

រៀងរាល់រាត្រី ការវាយប្រហាររបស់អ៊ីស្រាអែល នៅបន្តពាសពេញតំបន់ហ្គាហ្សា។ បើតាម​ប្រភពពីមន្ទីរពេទ្យ ក៏បានបង្ហាញថា ជនជាតិប៉ាឡេស្ទីន បានស្លាប់​នៅក្នុងភាគកណ្តាល​ដែនដី​ហ្គាហ្ស៉ា ដែលអ៊ីស្រាអែលបានប្រមូលផ្តុំការទម្លាក់គ្រាប់បែកអស់រយៈពេល មួយសប្តាហ៍មក ហើយ។

ចំណែកប្រមុខអាជ្ញាធរប៉ាឡេស្ទីន លោកម៉ាមូត អាបបាស បានស្វាគមន៍ កាលពីរាត្រីថ្ងៃចន្ទ ចូលថ្ងៃអង្គារនូវការបោះឆ្នោត របស់ក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការសហប្រជាជាតិ​នៅលើ​ផែន ការបទឈប់បាញ់​នៅក្នុងដែនដីហ្គាហ្សា និងវាយតម្លៃថា វាគឺជាជំហាននៅក្នុងទិសដៅ​ដ៏ល្អ។

នៅក្នុងសេចក្តីប្រកាសមួយជាភាសាអារ៉ាប ដែលផ្សព្វផ្សាយ​ដោយទីភ្នាក់ងារផ្លូវការ វ៉ាហ្វ៉ា សេវាកម្មរបស់លោក ម៉ាម៉ូដ អាបបាស បានអធិប្បាយថា ៖ “ប្រធានាធិបតីប៉ាឡេស្ទីនគិតថា ការប្រកាន់យកនូវដំណោះស្រាយនេះ គឺជាជំហានមួយ​ក្នុងទិសដៅល្អដើម្បីបញ្ចប់សង្រ្គាម​ប្រល័យពូជសាសន៍​ដែលកំពុងប្រព្រឹត្តទៅ​ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅក្នុងដែនដី​ហ្គាហ្សា”។

អាជ្ញាធរប៉ាឡេស្ទីន ក៏បានប្រកាសអំពីការស្លាប់របស់ជនជាតិប៉ាឡេស្ទីន ៤នាក់ ដោយ​ម្នាក់ ត្រូវបានសម្លាប់ដោយអ៊ីស្រាអែលនៅជិតទីក្រុងរ៉ាម៉ាឡា ដែលមានការសង្ស័យថា បាន វាយ ប្រហារលើអ៊ីស្រាអែល។ នេះគឺជាភាគថ្មី​នៃភាពតានតឹងនៅតំបន់ស៊ីហ្ស៉កដានី​ដែលស្ថិត​នៅ ក្រៅសង្រ្គាមនៅតំបន់ហ្គាហ្សា។

នៅក្នុងសេចក្តីប្រកាសសង្ខេប ក្រសួង​សុខាភិបាល​នៃអាជ្ញាធរប៉ាឡេស្ទីន ដែលមានមូលដ្ឋាន​នៅស៊ីហ្ស៉កដានី បានប្រកាសអំពី​ការស្លាប់របស់ជនជាតិប៉ាឡេស្ទីន ៤នាក់ ដោយការបាញ់​របស់អ្នកកាន់កាប់ ឈ្មោះសម្រាប់ហៅអ៊ីស្រាអែល នៅទីក្រុង កាហ្វ៉ា នីញ៉ាម៉ា ដែលជាភូមិ មួយ​នៅភាគពាយព្យ​នៃទីក្រុងរ៉ាម៉ាឡា។

ភ្លាមៗ គណបក្សហ្វ៉ាតា របស់លោកម៉ាមូដ អាបបាស បានប្រកាសអំពីកូដកម្មទូទៅ កាល​ពី​ថ្ងៃ​អង្គារ​​នៅក្នុងតំបន់រ៉ាម៉ាឡា ដើម្បីបរិហាអំពីការធ្វើឃាត ហើយក៏គ្រោងធ្វើបាតុកម្ម​ដើម្បីគាំទ្រ​អ្នកទោសប៉ាឡេស្ទីនផងដែរ។

 

 

 

Daily Program

Livesteam thumbnail