លោកហ្សេឡេនស្គីនិយាយថា ត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូលត្រាំ-ពូទីន

តើនេះគឺជាការឆ្ពោះទៅរកជំនួបរវាងឥស្សរជនបីនាក់ លោកដូណាល់ ត្រាំ លោកវ៉្លាឌីមៀ ពូទីន និងលោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គីឬ?

កាលពីថ្ងៃចន្ទ ទី២០ តុលា ប្រធានាធិបតីអ៊ុយក្រែនបាន​អះអាងថា ត្រៀមខ្លួននឹងចូលរួមជំនួប​ដែល​គ្រោងធ្វើនៅពេលខាងមុខនៅទីក្រុងប៊ូដាប៉េស ប្រទេសហុងគ្រី ជាមួយសមភាគីអាម៉េរិក និង​រុស្ស៊ី​ ប្រសិនបើលោកត្រូវបានអញ្ជើញនៅក្នុងន័យនេះ។

លោកដូណាល់ ត្រាំ និងលោកវ្ល៉ាឌីមៀ ពូទីនត្រូវស្វែងរកជួបគ្នានៅក្នុងរដ្ឋធានីនៃប្រទេស​ហុងគ្រី​សម្រាប់កិច្ចប្រជុំកំពូលលើកទី២ ដែលសំដៅស្វែងរកដំណោះស្រាយសម្រាប់សង្រ្គាម​នៅ​​អ៊ុយក្រែន។

លោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គីក៏បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតុន​កាលពីចុងសប្តាហ៍ ប៉ុន្តែ​​នៅ​អំឡុងទស្សនកិច្ចនេះ លោកបានបរាជ័យនឹងបញ្ចុះបញ្ចូលប្រធានាធិបតីអាម៉េរិក​បញ្ជូន​​មីស៊ីល តូម៉ាហក មកឲ្យទីក្រុងគៀវ។

នៅក្នុងអំឡុងសន្និសីទកាសែតមួយ លោកវ៉ូឡូឌីមៀ​ ហ្ស៉េឡេនស្គី បានថ្លែងថា ៖ “ប្រសិន​បើ​លោកត្រូវបានអញ្ជើញទៅកាន់ទីក្រុងប៊ូដាប៉េស វាគឺជាការអញ្ជើញនៅក្រោមទម្រង់​នៃ​ជំនួប​ឥស្សរជនបីនាក់ ឬដូចដែលគេហៅថា ជាការទូតត្រាច់ចរ ដែលប្រធានាធិបតីត្រាំ ជួបលោក​ពូទីន ឬដែលលោកប្រធានាធិបតីត្រាំជួបលោក ហើយនៅក្រោមទម្រង់មួយ ឬដទៃៗ គេ​នឹង​​អាច​​ព្រមព្រៀងគ្នា។”

ប៉ុន្តែលោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គី ក៏បានវាយតម្លៃថា ទីក្រុងប៊ូដាប៉េសមិនមែនជាកន្លែងដ៏​ប្រសើរ​​សម្រាប់ជំនួបនោះទេ។

អ្នកជិតដិតរបស់លោកដូណាល់ ត្រាំ នៅក្នុងសហភាពអឺរ៉ុប នាយករដ្ឋមន្រ្តីហុងគ្រី វីកទ័រ អ័របាន នៅតែស្ថិតនៅស្រុះស្រួលជាមួយលោកវ្ល៉ាឌីមៀ ពូទីន ទោះបីរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន ហើយបានបង្ហាញឲ្យឃើញនូវការផ្ទុយគ្នា និងរិះគន់ខ្លាំងចំពោះលោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គី។

បើតាមលោកវ៉ូឡូឌីមៀ​ ហ្ស៉េឡេនស្គី លក្ខខណ្ឌរុស្ស៊ីសម្រាប់ឈានទៅរកសន្តិភាព​ស្ថិតនៅ​មិន​ប្រែ​ប្រួលជាមួយនឹងការដកទ័ពអ៊ុយក្រែនចេញទាំងស្រុងពីតំបន់ដុនបាស តំបន់​ឧស្សាហកម្ម នៅ​ភាគខាងកើតប្រទេសអ៊ុយក្រែន​ដែលទីក្រុងមូស្គូបានភ្ជាប់ជាឧបសម្ព័ន្ធ។ លោក​​បាន​បញ្ជាក់​ថា លោកបានពន្យល់ទៅកាន់គូសន្ទនាអាម៉េរិករបស់លោក​នៅអំឡុង​ដំណើរ​​ទស្សន​កិច្ច​​របស់លោក​នៅទីក្រុងវ៉ាស៊ីនតុន​ថា ជំហររបស់អ៊ុយក្រែនក៏មិនបាន​ផ្លាស់ប្តូរ​ដែរ។ នេះមាន​ន័យ​ថា យើងទាត់ចោលនូវលក្ខខណ្ឌរបស់រុស្ស៊ី។ លោកទទូចថា យើងនឹង​មិន​ផ្តល់​​ជ័យ​ជម្នះ​ទៅ​ឲ្យរុស្ស៊ីទេ។

ម្យ៉ាងវិញទៀត លោកវ៉ូឡូឌីមៀ​ ហ្ស៉េឡេនស្គី បានរៀបរាប់ថា ប្រទេសរបស់លោកត្រូវការ​ប្រព័ន្ធ​ការពារអាកាសអាម៉េរិក ប៉ាទ្រីយ៉ូត (Patriot) ចំនួន ២៥ឈុត បន្ថែម ជាអាវុធទំនើប និង​ថ្លៃ ដើម្បីប្រឈមនឹងការវាយប្រហារពីមីស៊ីលរុស្ស៊ី។

រីឯសហរដ្ឋអាម៉េរិកនឹងមិនផ្តល់ឲ្យអ៊ុយក្រែនទៀតទេ លើកលែងតែសព្វាវុធត្រូវបានបង់ថ្លៃ​ដោយ​សហភាពអឺរ៉ុប។ លោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គី បានថ្លែងថា ទឹកប្រាក់សម្រាប់ប្រព័ន្ធ​ប៉ាទ្រីយ៉ូតទាំងនេះ ត្រូវតែយកមកពីការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី”។

នៅអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងវ៉ាស៊ីនតុន ប្រធានាធិបតីអ៊ុយក្រែន មិនបាន​ឈានទៅដល់ការបញ្ចុះបញ្ចូលលោកដូណាល់ ត្រាំ ​ឲ្យផ្តល់ឲ្យអ៊ុយក្រែននូវមីស៊ីលបណ្តែត​របស់​​អាម៉េរិក តូម៉ាហកនោះដែរ។ លោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គី វិនិច្ឆ័យថា សម្រាប់​គំនិត​របស់​លោក លោកមិនប្រាថ្នានូវសង្រ្គាមកាន់តែខ្លាំងជាមួយរុស្ស៊ីនោះទេមុនពេលលោកអាច​ជួប​​លោកទាំងពីរ នៅទីក្រុងប៊ូដាប៉េស។”

 

Daily Program

Livesteam thumbnail