លោកស្រីវេជ្ជបណ្ឌិតវ័យ៧៥ឆ្នាំម្នាក់ ទោះវ័យចំណាស់ ប៉ុន្តែនៅតែមិនដាច់អាល័យនឹងអ្នកជំងឺ
លោកស្រីវេជ្ជបណ្ឌិត ឡដេស សាមេនតូ (Lourdes Sarmiento ) គឺជាវេជ្ជបណ្ឌិតហ្វីលីពីនវ័យចំណាស់មួយរូបដែលត្រូវបានគេចាត់ទុកថា ជាវេជ្ជបណ្ឌិតដែលមិនដែលចាកចោលអ្នកជំងឺ ។
មកដល់ពេលនេះលោកស្រីវេជ្ជបណ្ឌិត ឡដេស គឺជាវេជ្ជបណ្ឌិតជំនាញមួយរូបដែលបម្រើការនៅមជ្ឈមណ្ឌលបេសកកម្មសន្តី ម៉ារៀ ដេ ម៉ាត្យាស (St. Maria De Mattias) ក្នុងតំបន់ បារ៉េនហ្គេ គូលាត (Barangay Culiat) ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលដំណើរការដោយ ក្រុមដូនជី Sisters of the Adorers of the Blood of Christ តាំងពីឆ្នាំ១៩៩៦ ។
លោកស្រីវេជ្ជបណ្ឌិតមកដល់ពេលនេះមានវ័យ៧៥ឆ្នាំហើយ ប៉ុន្តែនៅតែបន្តការងារផ្តល់ពិគ្រោះយោបល់ផ្នែកវេជ្ជសាស្រ្ត និង ការព្យាបាលដោយមិនគិតថ្លៃដល់អ្នកជំងឺក្រីក្រ។
តាមពិតទៅលោកស្រីវេជ្ជបណ្ឌិតគឺចូលនិវត្តន៍ទៅហើយ ប៉ុន្តែនៅតែបន្តស្ម័គ្រចិត្តបម្រើអ្នកជំងឺក្រីក្រនៅក្នុងគ្លីនិកដែលដំណើរការដោយក្រុមដូនជីយ៉ាងរស់រវើកនិងសកម្មបំផុត ។
លោកស្រីវេជ្ជបណ្ឌិតរូបនេះ ជាកូនកសិករក្រីក្រហ្វីលីពីនដែលបានតស៊ូរៀនរហូតដល់ទទួល សញ្ញាបត្រវេជ្ជសាស្ត្រពីសាកលវិទ្យាល័យ Manila Central ក្នុងឆ្នាំ ១៩៧៤ ហើយត្រូវបានគេចាត់ទុកថា ជាស្រ្តីដំបូងបំផុត ដែលបានក្លាយជាវេជ្ជបណ្ឌិតនៅក្នុងសហគមន៍ដែលលោកស្រីធំធាត់ ។
នៅក្នុងនាមជាវេជ្ជបណ្ឌិតលោកស្រីរិះគិតត្រឹមតែ វិជ្ជាជីវៈនិងសង្រ្គោះ ហើយមិនឲ្យតម្លៃនៅលើផលប្រយោជន៍ឡើយ ហើយតែងតែស្ម័គ្រចិត្តបម្រើកិច្ចការនិងសេវាវេជ្ជសាស្រ្តនៅតាមកម្មវិធីដែលដំណើរការដោយព្រះសហគមន៍កាតូលិកនៅហ្វីលីពីនជាពិសេសគឺចាប់តាំងពីឆ្នាំ១៩៩៦មកដល់សព្វថ្ងៃនេះ ។
លោកស្រីបានបន្តថា លោកស្រីដំបូងបម្រើការនៅតាមមន្ទីរពេទ្យនានា ប៉ុន្តែចាប់តាំងពីបានស្ម័គ្រចិត្តធ្វើការនៅក្នុងគម្រោងនានារបស់ព្រះសហគមន៍នៅក្នុងពេលនោះមកដល់ពេលនេះលោកស្រីនៅតែបន្តកិច្ចការនេះដោយមិននឿយណាយ៕