លោកវ្ល៉ាឌីមៀ ពូទីន ការពារសង្រ្គាមរបស់លោក និងបន្ទោសលោកខាងលិច

កាលពីថ្ងៃចន្ទទី១ ខែកញ្ញា ប្រធានាធិបតីរុស្ស៊ីបានការពារសង្រ្គាមរបស់លោកនៅ​អ៊ុយក្រែន និងចោទប្រកាន់សាជាថ្មីលើលោកខាងលិចថាបានបញ្ឆេះសង្រ្គាមនេះ នៅកិច្ច​ប្រជុំ​កំពូល​ដែលរៀបចំឡើងដោយរដ្ឋាភិបាលទីក្រុងប៉េកាំងនៅទីក្រុងធានជីន ប្រទេសចិន។

នៅអំឡុង កិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ OCS លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ៖ “វិបត្តិនេះមិនមែនបញ្ឆេះឡើង​ដោយការវាយប្រហាររបស់ រុស្ស៊ីនៅអ៊ុយក្រែននោះទេ វាគឺជាលទ្ធផល​នៃរដ្ឋប្រហារនៅអ៊ុយក្រែន​ដែលត្រូវបានគាំទ្រ និង បង្កើតឡើងដោយលោកខាងលិច”។ ការថ្លែងបែបនេះគឺលោកយោងលើចលនាគាំទ្រអឺរ៉ុបនៃ​បដិវត្តម៉ៃអ៊ីដាន នៅអ៊ុយក្រែន ដែលបាន​បង្ខំឲ្យប្រធានាធិបតីគាំទ្ររុស្ស៊ី​ចាកចេញពីអំណាច​នៅ​ឆ្នាំ២០១៤។ លោកបានបន្ថែមថា ៖ “ដើម្បីឲ្យដំណោះស្រាយវិបត្តិអ៊ុយក្រែនឲ្យមានចីរភាព និង​មានរយៈពេលវែង គេត្រូវប្រឈមមុខដោះស្រាយមូលហេតុស៊ីជម្រៅនៃវិបត្តិ។” លោក​ពូទីន បាន​និយាយម្តងទៀតថា មួយផ្នែកនៃប្រភពនៃសង្រ្គាមគឺស្ថិតលើការប៉ុនប៉ងដែលចេះតែ​បន្ត​​របស់​លោក​ខាងលិចក្នុងការធ្វើសហរហកម្មអ៊ុយក្រែនទៅក្នុងអង្គការណាតូ”។

២ សប្តាហ៍ បន្ទាប់ពីបានជួបលោកដូណាល់ ត្រាំ​នៅរដ្ឋអាឡាស្កា​សហរដ្ឋអាម៉េរិក លោក​វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា កិច្ចព្រមព្រៀង​ដែលធ្វើជាមួយប្រធានាធិបតីអាម៉េរិក បានបើកផ្លូវ​សម្រាប់​សន្តិភាព​នៅអ៊ុយក្រែន។ នេះគឺជាប្រធានបទដែលលោកប្រធានាធិបតីរុស្ស៊ីបាន​លើក​ឡើង​ជាមួយមេដឹកនាំដែលចូលរួមក្នុងកិច្ចប្រជុំកំពូលតំបន់​នៅប្រទេសចិន។ កាលពីថ្ងៃអាទិត្យ លោកពូទីន បានមានប្រសាសន៍ថា លោកបានសន្ទនាសេចក្តីលំអិតជាមួយប្រធានាធិបតីចិន លោក​ស៊ី ជីនពីង អំពីលទ្ធផលនៃកិច្ចចរចា​ជាមួយលោកដូណាល់ ត្រាំ និងការងារបន្ត​ដើម្បី​ដោះស្រាយ​វិបត្តិ​​សង្រ្គាម។

លោកប្រធានាធិបតីរុស្ស៊ី ក៏បានថ្លែងទៀតថា ៖ “យើងបានវាយតម្លៃយ៉ាងធំធេងដល់កិច្ចខិត​ខំ​ប្រឹងប្រែង និងសំណើរបស់ប្រទេសចិន និងឥណ្ឌាដែលសំដៅធ្វើឲ្យងធូរស្រាលនៃវិបត្តិ​នៅ​អ៊ុយក្រែន”។

ចំណែកនៅប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទ ទី១ ខែកញ្ញា ប្រធានាធិបតីបានប្រកាសអំពី​ការ​ឃាត់​ខ្លួនអ្នកដែលសន្មត់ថាជាជនបង្កការធ្វើឃាតលើអតីតប្រធានសភាអ៊ុយក្រែន លោក​អន់ឌ្រីអ៊ី ប៉ារូបីយី ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣០ ខែសីហា នៅភាគខាងលិច​នៃ​ប្រទេស។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ុយក្រែន លោកអ៊ីហ្គ័រ គ្លីមេនកូ បានបញ្ជាក់ថា ជនសង្ស័យត្រូវបាន​កោះ​​ហៅ​នៅក្នុងតំបន់ខ្មេលនីស្គី នៅចន្លោះទីក្រុងអិលវីវ និងទីក្រុងគៀវ ចេញពីប្រតិបត្តិការ​ដែល​ធ្វើឡើងដោយសមាជិកកងកម្លាំងសន្តិសុខអ៊ុយក្រែនប្រមាណ ១០នាក់។

លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែនបានអះអាងតាមបណ្តាញសង្គមថា ការ​ស៊ើបនៅ​អង្កេតបន្ត និងបានអរគុណដល់ក្រុមស៊ើបអង្កេតសម្រាប់ការងារដ៏រហ័ស និងមាន​លំដាប់​លំដោយ​របស់ពួកគេ។

លោកអន់ឌ្រីអ៊ី ប៉ារូបីយី អាយុ ៥៤ឆ្នាំ គឺជានិមិត្តរូបនៃបដិវត្តន៍គាំទ្រអឺរ៉ុប ម៉ៃអ៊ីដាន និងបានធ្វើ​ជា​ប្រធានសភាអ៊ុយក្រែន សភារ៉ាដា ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។ លោកត្រូវបានសម្លាប់​ដោយ​ខ្មាន់កាំភ្លើងកាលពីថ្ងៃសៅរ៍ ទី៣០ ខែសីហា។ នេះគឺជាការធ្វើឃាត​ដែលប្រមុខចារកម្ម​យោធា​អ៊ុយក្រែន លោកគីរីឡូ ប៊ូដាណូវ បានទម្លាក់ដោយបញ្ឆិតបញ្ឆៀងការទទួលខុសត្រូវ​នៃ​ឃាតកម្ម​ជាស្នាដៃរបស់រុស្ស៊ី។

លោកអន់ឌ្រីអ៊ី ប៉ារូបីយី ត្រូវបានស្គាល់ជាពិសេសសម្រាប់តួនាទី​របស់លោកនៅ​ក្នុងចលនា​ធំៗ​​គាំទ្រអឺរ៉ុបនៅអ៊ុយក្រែន ដំបូងបដិវត្តពណ៌ទឹកក្រូច​នៅឆ្នាំ២០០៤ បន្ទាប់មកបដិវត្តម៉ៃអ៊ីដាន នៅឆ្នាំ២០១៤។ លោកគឺជាមេបញ្ជាការក្រុមស្វ័យការពារនៅអំឡុងបាតុកម្មនៅទីលាន​ម៉ៃអ៊ីដាន ដែល​ត្រូវ​បង្រ្កាបដោយ​​ការបង្ហូរឈាម។ ចលនានេះបានបង្ខំឲ្យប្រធានាធិបតីគាំទ្រ​រុស្ស៊ី លោកវីកទ័រ ឡានូកូវីត ចាកចេញពីអំណាចដើម្បីភៀសខ្លួនទៅកាន់រុស្ស៊ីនៅឆ្នាំ២០១៤។

 

Daily Program

Livesteam thumbnail