លោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គី បាននិយាយថា ត្រៀមខ្លួនដើម្បីរៀបចំការបោះឆ្នោតបន្ទាប់ពីការរិះគន់របស់លោកត្រាំ
កាលពីថ្ងៃអង្គារ ទី៩ ខែធ្នូ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថាត្រៀមខ្លួនដើម្បីរៀបចំការបោះឆ្នោតប្រធានាធិបតី ប្រសិនបើលក្ខខណ្ឌសន្តិសុខមានគ្រប់គ្រាន់ នៅខណៈដែលលោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ជាថ្មីម្តងទៀត បានរិះគន់អវត្តមានការបោះឆ្នោតនៅប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនក៏បានថ្លែងថា លោកបានបង្ហាញទៅកាន់សហរដ្ឋអាម៉េរិក កាលពីថ្ងៃពុធ ទី១០ ធ្នូ នូវផែនការសន្តិភាពអាម៉េរិកដែលបានកែតម្រូវ ដែលសំដៅបញ្ចប់សង្រ្គាមជាមួយទីក្រុងមូស្គូ។
លោកដូណាល់ ត្រាំ នៅក្នុងកិច្ចសន្ទនាជាមួយគេហទំព័រ ប៉ូលីទីកូ បានវាយតម្លៃថា អ៊ុយក្រែនដែលបានបាត់បង់ទឹកដីអស់ជាច្រើនត្រូវតែរៀបចំការបោះឆ្នោត។ លោកនិយាយឡើងវិញដោយរិះគន់ខ្លាំងៗចំពោះប្រមុខរដ្ឋអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី។
ប៉ុន្តែលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងថា លោកត្រៀមខ្លួននឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅក្នុងប្រទេសរបស់លោក នៅពេលដែលសមភាគីអាម៉េរិក លោកដូណាល់ ត្រាំ បានរិះគន់សាជាថ្មី។ នៅចំពោះមុខអ្នកកាសែត លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា លោកត្រៀមខ្លួនសម្រាប់ការបោះឆ្នោត ហើយលោកបន្ថែមថា ការរៀបចំការបោះឆ្នោតនឹងត្រូវមកជាមួយនិងការកំណត់លក្ខខណ្ឌឲ្យមានសន្តិសុខ ហើយលោកក៏សុំឲ្យ តំណាងរាស្រ្តរៀបចំសំណើច្បាប់អំពីលទ្ធភាពនៃការធ្វើវិសោធនកម្មច្បាប់មូលដ្ឋាន និងច្បាប់អំពីការបោះឆ្នោតនៅក្រោមច្បាប់អាជ្ញាសឹក”។
រដ្ឋមន្រ្តីប្រតិភូក្រសួងការពារជាតិបារាំង លោកស្រីអាលីស រ៉ូហ្វ៉ូ បានធ្វើប្រតិកម្មថា ៖ “លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា គាត់សុំទៅកាន់តំណាងរាស្រ្តដើម្បីរៀបចំសំណើអំពីលទ្ធភាពនៃការធ្វើវិសោធនកម្មច្បាប់អំពីការបោះឆ្នោតនៅក្រោមច្បាប់អាជ្ញាសឹក។ នេះគឺជាឥរិយាបទដ៏ក្លាហាន ប្រជាធិបតេយ្យ និងការតស៊ូចំពោះសង្រ្គាម”។ លោកស្រីបានធ្វើអធិប្បាយនៅលើប៉ុស្តិ៍ទូរទស្សន៍បារាំង LCL ថា ៖ ”នៅពេលគាត់និយាយថា វាមានភាពស្មុគស្មាញនឹងរៀបចំការបោះឆ្នោតនៅអំឡុងសង្រ្គាម និងថា គេត្រូវពិនិត្យមើលទៅលើភាពសមស្របជាមួយច្បាប់អាជ្ញាសឹកដែរ។ នេះគឺត្រូវត្រឹម”។ លោកស្រីបន្ថែមថា ៖ “គេដឹងយ៉ាងច្បាស់ថា រុស្ស៊ីនឹងមានទម្រង់ច្រើននៃការជ្រៀតជ្រែកចូលការបោះឆ្នោតដ៏ខ្លាំងក្លា។ ក្នុងពេលជាមួយគ្នា ប្រធានាធិបតីអ៊ុយក្រែនអាចមានហេតុផលដើម្បីបញ្ជាក់ថា ប្រទេសរបស់លោកគឺជាប្រទេសប្រជាធិបតេយ្យ ហើយលោកក៏ត្រូវត្រៀមខ្លួនយ៉ាងច្រើនដើម្បីបម្រើប្រទេសលោកផង។ ហើយលោកក៏មានហេតុផលដើម្បីសុំថា សន្តិសុខសម្រាប់ការបោះឆ្នោតនឹងត្រូវបានធានា។”
ចំណែកសម្តេចប៉ាប ឡេអុង ទី១៤ បានសន្និដ្ឋានថា វានឹងមិនមានភាពប្រាកដនិយមទេដែលព្យាយាមស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែនដែលគ្មានអឺរ៉ុប និងថា ផែនការដែលបង្ហាញដោយលោកដូណាល់ ត្រាំ ផ្តល់ហានិភ័យនឹងបង្កឲ្យមានការប្រែប្រួលដ៏ធំធេងនៅក្នុងសម្ព័ន្ធមិត្តអាត្លង់ទិក។ សម្តេចប៉ាបក៏បានព្រមានប្រឆាំងនឹងសេចក្តីថ្លែងការណ៍នានាដែលអាចនឹងព្យាយាមបំផ្លាញនូវអ្វីដែលសម្តេចគិតថា អង្គការសម្ព័ន្ធមិត្តអាត្លង់ទិកត្រូវតែជាសម្ព័ន្ធមិត្តដ៏មានសារសំខាន់នៅថ្ងៃនេះ ក៏ដូចជាថ្ងៃអនាគត។
កាលពីថ្ងៃអង្គារ ទី៩ ខែធ្នូ ដែរ សម្តេចប៉ាបឡេអូ ទី១៤ បានទទួលជួបប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅនិវេសដ្ឋាន កាស្តេល ហ្គង់ដូហ្វ៉ូ ហើយបាននិយាយទៅកាន់អ្នកកាសែតថា មិនបានអានសំណើររបស់អាម៉េរិកទាំងមូលទេ។ សម្តេចបានថ្លែងថា ៖ “ជាអកុសល ផ្នែកខ្លះដែលសម្តេចបានអាន នាំមកនូវការប្រែប្រួលដ៏ធំធេងនៅក្នុងអ្វីដែលជាច្រើនឆ្នាំមកហើយ គឺជាសម្ព័ន្ថមិត្តដ៏ពិតប្រាកដរវាងអឺរ៉ុប និងអាម៉េរិក”។