លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី នឹងជួបអនុប្រធានាធិបតីអាម៉េរិកនៅទីក្រុងមុយនីច

កាលពីថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា លោកនឹង ជួបអនុ​ប្រធានាធិបតីអាម៉េរិក លោកជេឌី វ៉ានស៍ នៅទីក្រុងមុយនីច​ប្រទេសអាឡឺម៉ង់ នៅ​ដំណាច់​សប្តាហ៍នេះ។ យោងតាមប្រភពមួយនៃការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឲ្យ​ដឹង​ថា បេសកជន​ពិសេសរបស់លោកដូណាល់ ត្រាំ នៅអ៊ុយក្រែន លោកខេថ ខេលឡូហ្គ ក៏​នឹង​ទៅ ទីក្រុងគៀវ នៅថ្ងៃទី២០ ខែកុម្ភៈ ផងដែរ។

ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ត្រូវជួបអនុប្រធានាធិបតី​អាម៉េរិក លោកជេឌី វ៉ានស៍ នៅថ្ងៃទី១៤ ខែកុម្ភៈ សម្រាប់សន្និសីទអំពីសន្តិសុខ នៅទីក្រុងមុយនីច នៅ ខណៈដែលប្រធានាធិបតីលោកដូណាល់ ត្រាំ ជុំរុញឲ្យមាន​ការបញ្ចប់សង្រ្គាមឲ្យបានឆាប់​រហ័ស ដែលមានរយៈពេល ៣ឆ្នាំ មកហើយចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។

ប្រភពមួយពីការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា នៅសប្តាហ៍បន្ទាប់ ប្រធានាធិបតីអាម៉េរិក ក៏ត្រូវបញ្ជូនបេសកជនពិសេសរបស់លោក លោកខេថ ខេលឡូហ្គ ឲ្យ​ប្រញាប់ទៅអ៊ុយក្រែន ដើម្បីទទួលបន្ទុកស្ថាបនាផែនការដើម្បីបញ្ចប់​សង្រ្គាម។

ការត្រឡប់មកកាន់អំណាចរបស់លោកដូណាល់ ត្រាំ ដែលបានសន្យាបញ្ចប់ការកាប់សម្លាប់​ដែលកើតពីសង្រ្គាមនៅអ៊ុយក្រែនឲ្យបានឆាប់រហ័ស បង្កឲ្យមាននូវសមតិកម្មនៅជុំវិញកិច្ច ចរចា​សន្តិភាពដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី​ដែលចាប់ផ្តើមឡើងនៅខែកុម្ភៈ ឆ្នាំ​២០២២។

តាំងពីយូរមកហើយ លោកវ៉ូឡូឌីមៀ ហ្សេឡេស្គី បានបដិសេធគំនិតនៃកិច្ចចរចា និងបញ្ជាក់ ថា ចង់ប្រយុទ្ធជាមួយរុស្ស៊ីនៅលើសមរភូមិ។ ប៉ុន្តែ អ៊ុយក្រែនមានការលំបាកប្រឈមមុខនឹង ទាហានរុស្ស៊ី ដែលរុលទៅមុខនៅភាគខាងកើត​នៅលើដែនដីរបស់ខ្លួន។ ហើយទីក្រុងគៀវ ភ័យខ្លាចនឹងមើលឃើញការបន្ថយជំនួយរបស់អាម៉េរិកជាមួយលោកដូណាល់ ត្រាំ ដែលបាន រិះគន់ការចំណាយសង្រ្គាមនេះ​នៅអំឡុងយុទ្ធនាការបោះឆ្នោតរបស់លោក។

ទីក្រុងគៀវសង្ស័យអំពីការបង្គាប់អ៊ុយក្រែន ដែលមិនរួមបញ្ចូលការសន្យាខាងយោធាឲ្យបាន ម៉ឺងម៉ាត់ ដូចជា ការបញ្ចូលអ៊ុយក្រែន​ជាសមាជិកនៃអង្គការណាតូ ឬការពង្រាយកងកម្លាំង ដើម្បី​រក្សាសន្តិភាព​។ ទីក្រុងគៀវ វាយតម្លៃថា នេះនឹងគ្រាន់តែអនុញ្ញាតឲ្យវិមាន ក្រឹមឡាំង​រៀប​ចំការវាយប្រហារសង្រ្គាមនៅពេល​លើកក្រោយទៀតប៉ុណ្ណោះ។

លោកសឺហ្គ៊ីអ៊ី នីគីហ្វ៉ូរ៉ូវ អ្នកនាំពាក្យប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ឲ្យដឹងថា ជំនួបរវាង​លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី និងលោកជេឌី វ៉ានស៍ ធ្វើឡើងនៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ នៅ សន្និសីទអំពីសន្តិសុខនៅទីក្រុងមុយនីច។

ចំណែកប្រភពមួយពីការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ឲ្យដឹងថា លោកខេថ ខេលឡូហ្គ ក៏នឹងត្រូវទៅកាន់អ៊ុយក្រែននៅថ្ងៃទី២០ ខែកុម្ភៈ ដោយមិនបានបញ្ជាក់អំពីទីកន្លែង​ពិត​ប្រាកដនៃកន្លែងទស្សនកិច្ចរបស់លោកទេ។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវឲ្យមានសន្តិភាពពិតប្រាកដ និងការធានា​សន្តិសុខដ៏មានប្រសិទ្ធភាពសម្រាប់អ៊ុយក្រែន។ លោកបានថ្លែងនៅក្នុងវិដេអូមួយនៅលើ​បណ្តាញសង្គមថា ៖ “សន្តិសុខរបស់ប្រជាជន សន្តិសុខនៃរដ្ឋរបស់យើង សន្តិសុខនៃទំនាក់​ទំនង​សេដ្ឋកិច្ច និងច្បាស់ណាស់ ទាំងនិរន្តរភាពនៃធនធានរបស់យើង គឺមិនគ្រាន់តែ​សម្រាប់​អ៊ុយក្រែន ប៉ុន្តែក៏សម្រាប់ពិភពលោកសេរីទាំងអស់ដែរ។

ចំណែកប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន បាននិយាយជាច្រើនសាថា ត្រៀមខ្លួនធ្វើការ​ចរចា នៅក្នុងលក្ខខណ្ឌដែលថា អ៊ុយក្រែនទទួលយកការទាមទាររបស់រុស្ស៊ី គឺប្រគល់តំបន់​ទាំង ៤ នៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេស ទាំងតំបន់ គ្រីមៀ ដែលភ្ជាប់បញ្ចូល​​មក​កាន់រុស្ស៊ីនៅឆ្នាំ២០១៤ និងអ៊ុយក្រែនត្រូវបោះបង់ការចូលរួមជាមួយណាតូ។ ទាំង​នេះគឺជា លក្ខខណ្ឌ​ដែលទីក្រុងគៀវមិនអាចទទួលយកបានឡើយ។

 

 

 

Daily Program

Livesteam thumbnail