លោកបូជាចារ្យឥណ្ឌូណេស៊ី១ក្រុមចែករំលែករឿងរ៉ាវនៃជីវិតបេសកកម្មក្នុងពិធីអបអរសាទរខួបលើកទី ១៣១ឆ្នាំ
លោកបូជាចារ្យជនជាតិឥណ្ឌូណេស៊ីនៃក្រុមសាសនទូតគ្រួសារពិសិដ្ឋ ( Missionaries of the Holy Family)បានចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនអំពីការបម្រើ ការត្រាស់ហៅរបស់ព្រះជាម្ចាស់ ការលំបាក និងភាពជាបងប្អូន ខណៈដែលក្រុមបានប្រារព្ធខួបលើកទី ១៣១ របស់ខ្លួនជាមួយនឹងពិធីថ្វាយអភិបូជា នៅភាគខាងត្បូងទីក្រុងហ្សាការតា កាលពីថ្ងៃទី ២៨ ខែកញ្ញា។
ពិធីអបអរសាទរដែលធ្វើឡើងនៅព្រះសហគមន៍ ក្នុងតំបន់ ចាហ្គាកាសា (Jagakarsa) ដោយបានប្រមូលលោកបូជាចារ្យ និងក្រុមបងប្រុសនៃក្រុមសាសនាទូតគ្រួសារពិសិដ្ឋនិងសមាជិកព្រះសហគមន៍រាប់រយនាក់។
ជំនួសឱ្យការថ្លែងធម្មទេសនាបែបធម្មតា លោកបូជាចារ្យទាំងអស់ ត្រូវបានអញ្ជើញឱ្យឆ្លើយសំណួរមួយថា៖ តើអ្វីដែលធ្វើឱ្យលោកបូជាចារ្យ មានក្តីសុខក្នុងនាមជាបូជាចារ្យ ឬសមាជិកសាសនាក្រុមសាសនទូតគ្រួសារពិសិដ្ឋ?
នាឱកាសនោះ លោកបូជាចារ្យ ប៊ីម៉ូ ហេនដូកូ (Bimo Handoko) ដែលបានសច្ចាអស់រយៈពេល១៨ ឆ្នាំ និង បានបំពេញបេសកកម្មនៅកន្លែងចំនួន ៧ ផ្សេងគ្នា បានមានប្រសាសន៍ថា ក្តីសុខរបស់លោកកើតចេញពីការយល់ឃើញថា ការត្រាស់ឱ្យបម្រើព្រះសហគមន៍និងគ្រិស្តបរិស័ទនេះគឺជាការត្រាស់ហៅពីព្រះជាម្ចាស់។ លោកចាត់ទុកគ្រប់ការចាត់តាំងពីថ្នាក់ដឹកនាំថាជាបេសកកម្មដែលព្រះជាម្ចាស់បានប្រគល់ជូនលោក។
លោកបានមានប្រសាសន៍ថា លោកមិនដែលតវ៉ា ឬចរចាលើការចាត់តាំងណាមួយឡើយ ដោយបន្ថែមថា លោកតែងតែព្យាយាមបំពេញរាល់ភារកិច្ចដោយក្តីរីករាយ។
ដោយឡែក លោកបូជាចារ្យ ម្នាក់ទៀតបាននិយាយអំពីតម្រូវការនៃការធ្វើដំណើរផ្លាស់ប្តូរទីកន្លែងនៅក្នុងកិច្ចការបម្រើបេសកកម្ម។ លោកបានមានប្រសាសន៍ថា ការបម្រើក្នុងបេសកកម្មមានន័យថាត្រូវត្រៀមខ្លួនជានិច្ចដើម្បីទៅកាន់ទីកន្លែងណាដែលមានមនុស្សត្រូវការការថែទាំខាងវិញ្ញាណ ។
