លោកត្រាំចោទប្រកាន់លោកហ្សេឡេនស្គី រាំងស្ទះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី

រដ្ឋបាលអាម៉េរិកបន្តបង្ហាញនូវសញ្ញាលែងមានការអត់ធ្មត់នៅលើសំណុំរឿងអ៊ុយក្រែន។ ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃទី២៣ មេសា បានអះអាងថា កិច្ចព្រម ព្រៀងបទឈប់បាញ់នៅអ៊ុយក្រែនខិតកាន់តែកៀកហើយ និងចោទប្រកាន់សមភាគីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ធ្វើឲ្យកិច្ចពិភាក្សាស្មុគស្មាញជាមួយនឹងសំណើរបញ្ឆេះសង្រ្គាម នៅតំបន់គ្រីមៀ។
នៅលើបណ្តាញសង្គមរបស់លោក Truth Social លោកដូណាល់ ត្រាំ ដែលពីមុនបាន ពិព៌នា ប្រធានាធិបតីអ៊ុយក្រែនជាមនុស្សផ្តាច់ការ ជាមួយថ្មីម្តងទៀត បានចោទប្រកាន់គាត់រាំងស្ទះ ដល់កិច្ចសន្ទនាដែលកំពុងប្រព្រឹត្តិទៅ។ លោកបានបន្ទោសលោកហ្សេឡេនស្គីថា បានបន្តនិយាយថា អ៊ុយក្រែននឹងមិនទទួលស្គាល់អធិបតេយ្យភាពរបស់រុស្ស៊ីនៅលើជ្រោយគ្រីមៀ ដែលត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធទៅដែនដីរុស្ស៊ីដោយទីក្រុងមូស្គូនៅឆ្នាំ២០១៤នោះទេ។ លោកដូណាល់ ត្រាំ បានថ្លែងថា ៖ “គាត់អាចបានសន្តិភាព ឬគាត់អាចប្រយុទ្ធ ៣ឆ្នាំ ទៀត មុននឹងបាត់បង់ប្រទេសទាំងមូល”។ លោកដូណាល់ ត្រាំ បានបន្ថែមថា ៖ “យើងខិតទៅជិតកិច្ច ព្រមព្រៀង ប៉ុន្តែមនុស្សម្នាក់នេះ ដែលមិនមានសន្លឹកបៀក្នុងដៃ នៅតែមិនបញ្ចប់”។
នៅពីមុខអ្នកកាសែតក្នុងការិយាល័យពងក្រពើ លោកដូណាល់ ត្រាំ បានថ្លែងថា លោកគិតថា មានកិច្ចព្រមព្រៀងជាមួយរុស្ស៊ី។ យើងក៏ត្រូវតែឈានទៅដល់កិច្ចព្រមព្រៀងជាមួយលោក ហ្សេឡេនស្គី ប៉ុន្តែរឿងនេះរហូតមកដល់ពេលនេះកាន់តែលំបាក”។
នៅថ្ងៃនោះដែរ អនុប្រធានាធិបតីអាម៉េរិក លោកជេឌី វ៉ាន បានបង្គាប់ទៅកាន់ទីក្រុងមូស្គូ និងទីក្រុងគៀវឲ្យឈានទៅដល់កិច្ចព្រមព្រៀង បើមិនចឹង អាម៉េរិកនឹងដកខ្លួនចេញពីដំណើរការនេះ។ អនុប្រធានាធិបតីអាម៉េរិក បានផ្តល់យោបល់ឲ្យរៀបចំខ្សែព្រំដែនដីជាថ្មីនៅ ជិតអ្វីដែលកំពុងមានសព្វថ្ងៃ។ លោកបានបន្ថែមថា ៖ ”រឿងនេះមានន័យថា អ៊ុយក្រែន និងរុស្ស៊ី ទាំងពីរត្រូវតែបោះបង់មួយផ្នែកដែលពួកគេមានសព្វថ្ងៃ។ ពួកគេត្រូវតែធ្វើការផ្លាស់ប្តូរទឹកដី”។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ វាយតម្លៃថា ទោះបីយ៉ាងណា វាមិនមែនជាឱសានវាទទេ។ លោកបានថ្លែងថា សហរដ្ឋអាម៉េរិកបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការធ្វើជាអាជ្ញាកណ្តាល ហើយយើងអបអរសាទចំពោះរឿងនេះ”។
កាលពីថ្ងៃពុធដែរ អ្នកនាំពាក្យអង់គ្លេស បានថ្លែងថា គេត្រូវតែត្រឡប់ទៅរកអ៊ុយក្រែនដើម្បីសម្រេចចិត្តអនាគតរបស់ពួកគេ។ នៅខណៈដែលប្រធានាធិបតីបារាំង រំឭកថា បូរណភាពដែនដីរបស់អ៊ុយក្រែននៅតែជាការទាមទារខ្លាំងសម្រាប់ប្រជាជនអឺរ៉ុប។
សេចក្តីប្រកាសរបស់អាម៉េរិកកើតមានឡើងនៅខណៈដែលកិច្ចពិភាក្សាកើតមានឡើងនៅទីក្រុងឡុងដ្រ៍រវាងអាម៉េរិក អ៊ុយក្រែន និងអឺរ៉ុប។ បេសកជនពិសេសរបស់អាម៉េរិកសម្រាប់អ៊ុយក្រែន លោកឧត្តមសេនីយ៍ ខេត ខេលឡូហ្គ ក៏មានវត្តមាន។ ចំណែកបារាំងត្រូវបានតំណាងដោយលោកអេម៉ានូអេល ប៊ន ទីប្រឹក្សាការទូតនៃប្រធានាធិបតីអេម៉ានូអេល ម៉ាក្រុង។
ចំណែកភាគីអ៊ុយក្រែន គឺតំណាងដោយប្រមុខរដ្ឋបាលប្រធានាធិបតី លោកអន់ឌ្រីអ៊ី ឡឺម៉ាក ប្រមុខការទូតអ៊ុយក្រែន លោកអន់ឌ្រីអ៊ី ស៊ីប៊ីហ្គ៉ា និងរដ្ឋមន្រ្តីក្រសួងការពារជាតិ លោករូស្តេម អ៊ូម៉េរ៉ូវ ក៏ស្ថិតនៅទីក្រុងឡុងដ្រ៍។
លោកអន់ឌ្រីអ៊ី ស៊ីប៊ីហ្គ៉ា នៅលើបណ្តាញសង្គម X បានថ្លែងថា លោក និងលោករ៉ូស្តេម អ៊ូម៉េរ៉ូវ នឹងព្រមព្រៀងជាមួយសមភាគីអង់គ្លេស លោកដាវីដ ឡាមមី និងលោកចន ហ៊ាឡី។ ចំណែកលោកអន់ឌ្រីអ៊ី ឡឺម៉ាក បានថ្លែងថា ៖ “ផ្លូវទៅកាន់សន្តិភាពមិនមែនងាយស្រួលទេ ប៉ុន្តែអ៊ុយក្រែននៅតែសន្យានៅក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាព”។
Daily Program
