លោកដូណាល់ ត្រាំ ស្នើនូវផែនការថ្មីនៃសន្តិភាពសម្រាប់តំបន់ហ្គាហ្ស៉ា ទៅកាន់ប្រទេសក្នុងតំបន់

សហរដ្ឋអាម៉េរិកសន្យាឲ្យមានប្រភេទផែនការនៃការទម្លុះទំលាយភាពទាល់ច្រកចំពោះសង្រ្គាម នៅតំបន់ហ្គាហ្ស៉ា។
កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា បេសកជនអាម៉េរិក លោកស្តេវ វីតកូហ្វ បានថ្លែងប្រាប់ឲ្យដឹងថា ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២៣ កញ្ញា បានជួបមេដឹកនាំ អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួមអេមីរ៉ាត់ កាតា អេហ្ស៉ីប ហ្ស៉កដានី ទួរគី ឥណ្ឌូនេស៊ី និងប៉ាគីស្ថាន ដើម្បីពិភាក្សាអំពីសង្រ្គាមនៅតំបន់ហ្គាហ្ស៉ា ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីនលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងកិច្ចប្រជុំសំខាន់មួយនៅទីក្រុងញូយ៉ក លោកស្តេវ វីតកូហ្វ បាននិយាយថា ៖ “យើងមានជំនួបប្រជុំមួយដែលផ្តល់ផ្លែផ្កា។ យើងបានបង្ហាញនូវអ្វីដែលយើងហៅថា ជាផែនការលោកត្រាំដែលមាន ២១ចំនុច សម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា និងនៅហ្គាហ្ស៉ា។ លោកគិតថា វាឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់អ៊ីស្រាអែល និងក៏ដូចជាការព្រួយបារម្ភរបស់ប្រទេសជិតខាងទាំងអស់នៅក្នុងតំបន់។” លោកបានបន្ថែមថា ៖ “យើងមានសង្ឃឹម ហើយលោកក៏នឹងនិយាយផងដែរថា យើងមានទំនុកចិត្តលើព្រឹត្តិការណ៍ដែលនឹងមកដល់នាថ្ងៃខាងមុខ យើងស្ថិតលើមធ្យោបាយនៃលទ្ធភាពប្រកាសប្រាប់អំពីប្រភេទនៃការទម្លុះទម្លាយស្វែងរកដំណោះស្រាយ”។
ប្រទេសដែលមានវត្តមានក្នុងជំនួបជាមួយប្រធានាធិបតីអាម៉េរិក បានបញ្ជាក់ថា មេដឹកនាំរបស់ពួកគេបាននិយាយម្តងទៀតអំពីការតាំងចិត្តធ្វើសហប្រតិបត្តិការជាមួយប្រធានាធិបតីត្រាំ។ ចំណែកលោកត្រាំក៏ត្រូវជួបនឹងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេចាម៊ីន ណាតាន់យ៉ាហ៊ូ នៅថ្ងៃចន្ទក្រោយផងដែរ។
ចំណែកលោកអេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដែលបានមានជំនួបនឹងសមភាគីអាម៉េរិក កាលពីថ្ងៃអង្គារ បានគិតថាផែនការរបស់អាម៉េរិកនឹងមានបញ្ចូលនូវធាតុនានាដែលជាគំនិតផ្តួចផ្តើមរបស់បារាំងសម្រាប់តំបន់ហ្គាហ្ស៉ា បន្ទាប់ពីសង្រ្គាម។
យោងតាមឯកសារការងារដែលទីភ្នាក់ងារសារព័ត៌មានបារាំងទទួលបាន បានឲ្យដឹងថា បារាំងដែលទើបបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បានស្នើជាអាទិ៍ឲ្យដាក់ដំណើរការនូវបេសកកម្មអន្តរជាតិសម្រាប់ស្ថិរភាពនៅតំបន់ហ្គាហ្ស៉ា ដែលគោលដៅរបស់វាគឺបង្កើតឲ្យមានទំនួលខុសត្រូវឲ្យកាន់តែរីកចម្រើនឡើងពាក់ព័ន្ធនឹងសន្តិសុខផ្ទៃក្នុងសម្រាប់អាជ្ញាធរប៉ាឡេស្ទីនមួយដែលត្រូវបានធ្វើកំណែទម្រង់នៅតំបន់ហ្គាហ្ស៉ា នៅពេលដែលបទឈប់បាញ់មួយត្រូវបានឈានទៅធ្វើឲ្យសម្រេច។ ដូច្នេះបេសកកម្មសម្រាប់ស្ថិរភាពនឹងត្រូវជំនួសទាហានអ៊ីស្រាអែល និងធ្វើការដោះអាវុធពីក្រុមហាម៉ាស ដែលសព្វថ្ងៃនេះគ្រប់គ្រងតំបន់ហ្គាហ្ស៉ា។
លោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង ក្នុងអំឡុងកិច្ចសន្ទនាជាមួយទូរទស្សន៍បារាំង ហ្វ្រ៉ង់២៤ France 24 បានគូសបញ្ជាក់ថា ត្រូវធ្វើការជាមួយអាម៉េរិក លើអ្វីដែលគេចាប់ផ្តើមធ្វើ ដើម្បីឲ្យអាម៉េរិកនាំមក មានផែនការត្រឹមត្រូវ។ លោកក៏បានលើកឡើងអំពីលទ្ធភាពដែលលោកដូណាល់ ត្រាំ អាចដាក់ផែនការនេះ ឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាសធ្វើនៅពេលក្រោយ។ ប្រធានាធិបតីបារាំងសន្និដ្ឋានថា នៅពេលគេអាចរៀបចំទាំងអស់គ្នាឲ្យមានសណ្តាប់ធ្នាប់ សហរដ្ឋអាម៉េរិក អារ៉ាប់ និងអឺរ៉ុប នៅលើផែនការសន្តិភាព គេនឹងអាចមានលទ្ធផល។ លោកបានពន្យល់ថា សម្រាប់ការភ្ជាប់ជាយថាហេតុតំបន់ស៊ីហ្ស៉កដានីជាឧបសម្ព័ន្ធរបស់អ៊ីស្រាអែល នេះគឺត្រូវបានចាត់ទុកថា ជាបន្ទាត់ក្រហមរបស់ទីក្រុងប៉ារីស ហើយក៏ជាអ្វីដែលលោកប្រធានាធិបតីត្រាំ បាននិយាយប្រាប់លោកកាលពីម្សិលមិញ ហើយនៅត្រង់ចំនុចនេះ អឺរ៉ុប និងសហរដ្ឋអាម៉េរិកស្ថិតនៅលើជំហរដូចគ្នា”។
Daily Program
