លោកដូណាល់ ត្រាំ ប្រកាសថា លោកយកចិត្តទុកដាក់បញ្ជូនអាវុធការពារបន្ថែម​​ទៀតទៅឲ្យអ៊ុយក្រែន

មានការប្រែប្រួលស្ថានភាពនៅទីក្រុងវ៉ាស៊ីនតុន។ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានសន្យាថា  សហរដ្ឋអាម៉េរិកនឹងបញ្ជូនអាវុធបន្ថែមទៀតទៅអ៊ុយក្រែន។ លោក​​ត្រាំថ្លែងបែបនេះប៉ុន្មានថ្ងៃ ក្រោយពីការប្រកាសព្យួរការផ្គត់ផ្គង់អាវុធខ្លះរបស់អាម៉េរិក​ទៅ​ឲ្យ​អ៊ុយក្រែន និង​នៅ​ខណៈដែលការងារការទូតពើប​ប្រទះនឹងភាពទាល់ច្រក។

ប្រធានាធិបតីអាម៉េរិកនិយាយថា មិនសប្បាយចិត្តពាក់ព័ន្ធនឹងមេដឹកនាំរុស្ស៊ី គឺលោក​វ្លាឌីមៀ ពូទីន។ លោកបានថ្លែងថា យើងនឹងបញ្ជូនអាវុធបន្ថែមទៀត ជាសំខាន់គឺអាវុធ​ការពារ”។ លោក​​ដូណាល់ ត្រាំ បន្ថែមថា អ៊ុយក្រែនរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ធ្ងន់ធ្ងរខ្លាំង​ណាស់។

ចាប់តាំងពីខែមករា ប្រធានាធិបតីអាម៉េរិកបានខិតជិតគ្នានឹងសមភាគីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន និងដាក់សំពាធដើម្បីទទួលបានការបញ្ឈប់ការប្រយុទ្ធ ដោយមិនបានឈានទៅរក​លទ្ធផល​ជាក់ស្តែង​ទេ។ តាមរបៀបមិនបានរំពឹងទុក រដ្ឋាភិបាលរបស់លោក បានថ្លែងថា​បាន​បញ្ឈប់​​ផ្គត់​ផ្គង់​អាវុធខ្លះ​ទៅឲ្យទីក្រុងគៀវដោយផ្លូវការ ក្នុងហេតុផលព្រួយបារម្ភអំពីការធ្លាក់​ចុះ​នូវ​​ស្តុក​អាវុធរបស់​សហរដ្ឋ​អាម៉េរិក។

នៅអំឡុងអណត្តិរបស់អតីតប្រធានាធិបតីចូ បាយឌិន ទីក្រុងវ៉ាស៊ីនតុន បានសន្យា​ផ្តល់​នូវ​ទឹក​ប្រាក់ ៦៥ពាន់លានដុល្លារ ជាជំនួយយោធាសម្រាប់អ៊ុយក្រែន។ ចំណែកលោកដូណាល់ ត្រាំ មិនបានប្រកាសជំនួយថ្មីទេដល់ទីក្រុងគៀវ ចាប់តាំងពីខែមករា។

កាលពីថ្ងៃសុក្រ ចុងសប្តាហ៍ លោកដូណាល់ ត្រាំ និយាយខ្លួនលោកថា មិនសប្បាយចិត្ត បន្ទាប់​ពីការហៅទូរសព្ទមុននោះមួយថ្ងៃ ជាមួយលោកវ្លាឌីមៀ ពូទីន។​ នៅច្រកចូលយន្តហោះ​ប្រធានាធិបតី Air Force One លោកដូណាល់ ត្រាំ បានបញ្ជាក់ថា ៖ “លោកពូទីនចង់ទៅ​ដល់​ចុង​បំផុត គ្រាន់តែបន្តសម្លាប់មនុស្ស។ នេះមិនមែនជារឿងល្អទេ។”

លោកប្រធានាធិបតីអាម៉េរិកបានធ្វើឲ្យគេជឿជាក់ថា លោកនឹងអាចត្រៀមដាក់ទណ្ឌកម្ម​ឲ្យ​កាន់​តែធ្ងន់ធ្ងរប្រឆាំងនឹងទីក្រុងមូស្គូ បន្ទាប់ពីបានបញ្ចៀសរយៈពេល ៦ខែមកហើយ ក្នុង​ការ​ប្រើប្រាស់​ទណ្ឌកម្ម នៅខណៈដែលលោកព្យាយាមបញ្ចុះបញ្ចូលសមភាគីរុស្ស៊ីរបស់លោក​ឲ្យ​បញ្ចប់សង្រ្គាម។

លោកវ្លាឌីមៀ ពូទីន នៅតែរក្សាការសុំរបស់លោកខ្ពស់បំផុត ជាពិសេស គឺទីក្រុងគៀវប្រគល់​មកឲ្យរុស្ស៊ីនូវតំបន់ទាំងឡាយ​របស់អ៊ុយក្រែនដែលរុស្ស៊ីបានភ្ជាប់ជាឧបសម្ព័ន្ធ និងឲ្យ​អ៊ុយក្រែន​បោះបង់ការចូលរួមជាមួយអង្គការសម្ព័ន្ធមិត្តណាតូ។ មេដឹកនាំអ៊ុយក្រែន និង​សម្ព័ន្ធមិត្ត​​លោកខាងលិច វិនិច្ឆ័យថា លក្ខខណ្ឌទាំងនេះគឺជាការមិនអាច​ទទួលយក​បាន។ ចំណែកអ៊ុយក្រែន ទាមទារឲ្យទាហានរុស្ស៊ីដកថយទាំងស្រុងពីដែនដីរបស់ខ្លួន ដែល​រុស្ស៊ី​បាន​កាន់​កាប់ប្រមាណ ២០%។

នៅលើសមរភូមិកាលពីថ្ងៃចន្ទ រុស្ស៊ីបានអះអាងថា បានចាប់ដណ្តើមយកទីប្រជុំជនមួយនៅ​ក្នុងតំបន់ឌីនីប្រូ ប៉េត្រូ នៅក្នុងភាគកណ្តាលខាងកើត​ប្រទេសអ៊ុយក្រែន។ ភូមិដាតឆ្ន័រ ដែល​ស្ថិត​​នៅ​ប្រមាណ ៧០គម ពីទីក្រុងធំដូណេត បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

ទីក្រុងគៀវ មិនបានប្រតិកម្មភ្លាមទេ ចំពោះការប្រកាសនេះ។ ព្រលឹមថ្ងៃចន្ទ អគ្គមេបញ្ជាការ​កងទ័ព បានអះអាងថា ការវាយប្រហាររបស់រុស្ស៊ីត្រូវបានរុញច្រានទៅវិញមុនមួយ​ថ្ងៃនៅ​បរិវេញ​​​ជុំវិញភូមិនោះ។

សម្រាប់លោកអូឡេចស៊ីអ៊ី កូពីត្កូ អ្នកជំនាញយោធាអ៊ុយក្រែន បានឲ្យដឹងថា ប្រទេស​រុស្ស៊ី​អាច​​ព្យាយាមស្ថាបនាតំបន់ទ្រនាប់ដើម្បីកម្រិតការវាយប្រហាររបស់អ៊ុយក្រេន​នៅលើ​សមរភូមិ​ជួរមុខ និងក្នុងទីជម្រៅ។

 

Daily Program

Livesteam thumbnail