លោកដូណាល់ ត្រាំវាយប្រហារលោកប្រធានាធិបតីហ្សេឡេនស្គី ដោយវាយតម្លៃ​ថា ជនផ្តាច់ការ​គ្មានការបោះឆ្នោត

ក្រោយមួយថ្ងៃនៃការរិះគន់ដ៏មុតស្រួចរបស់លោកដូណាល់ ត្រាំ ប្រឆាំងនឹងអ៊ុយក្រែន ដែល ដូចនឹងសម្លេងរបស់វិមានក្រឹមឡាំង ការផ្លោងពាក្យសំដីដាក់គ្នា​កើតមានឡើងរវាង​ប្រធានាធិបតី​ លោក​វ៉ូឡូឌីមៀ ហ្សេឡេនស្គី និងប្រធានាធិបតីអាម៉េរិក។

កាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈ លោកប្រធានាធិបតីអាម៉េរិក បានវាយប្រហារដោយពាក្យសំដី​ជា លើកទី២ ប្រឆាំងនឹងលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ហើយលោកហ្សេឡេនស្គី ក៏បានចោទ​ប្រកាន់លោកដូណាល់ ត្រាំ ថា បានរស់នៅក្នុងលំហព័ត៌មានក្លែងក្លាយរបស់រុស្ស៊ី។

ចេញពីរដ្ឋហ្វ៉្លរីដា​ លោកដូណាល់ ត្រាំ បាននិយាយជាច្រើនសារិះគន់មុតស្រួច ដោយចោទ​ប្រកាន់ប្រធានាធិបតីអ៊ុយក្រែន គឺជាជនផ្តាច់ការដោយមិនមានការបោះឆ្នោត។ ការនិយាយ ចេញនេះកើតមានឡើងនៅពេលដែលមានកិច្ចចរចាផ្ទាល់រវាងទីក្រុងមូស្គូ និងសហរដ្ឋ​អាម៉េរិក បានប្រព្រឹត្តិនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត សម្រាប់ជាលើកទី១ ចាប់​តាំង​ពីការចាប់ផ្តើមនៃសង្រ្គាម។

នៅអំឡុងសន្និសីទកាសែតនៅទីក្រុងគៀវ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា ៖ “ប្រធានាធិបតីត្រាំដែលយើងគោរពច្រើន ជាសំណាងមិនល្អ លោករស់នៅក្នុងលំហនៃ​ព័ត៌មានក្លែងក្លាយ។ លោកវាយតម្លៃថា ព័ត៌មាន​ក្លែងក្លាយទាំងនេះមានប្រភពមកពី​ប្រទេស​រុស្ស៊ី។ លោកក៏បានចោទប្រកាន់រដ្ឋបាលលោកត្រាំជួយលោកពូទីន​ឲ្យចាកចេញពីភាពឯកោ​ជា​ច្រើនឆ្នាំដោយសារតែលោកខាងលិច។

កាលពីថ្ងៃអង្គារ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានក្លាយជាគោលដៅនៃការវាយប្រហារដោយ​ពាក្យសំដីរបស់ប្រធានាធិបតីអាម៉េរិក ដែលចោទសួរលើភាពជាប្រធានាធិបតីត្រឹមត្រូវតាម​ច្បាប់​​របស់លោកហ្សេឡេនស្គី ឆន្ទៈរបស់លោកក្នុងការស្វែងរកដំណោះស្រាយនៃជម្លោះ និង​ហាក់ ដូចជាទម្លាក់បន្ទុកឲ្យលោកហ្សេឡេនស្គី​ជាអ្នកទទួលខុសត្រូវនៃការឈ្លានពានរបស់​រុស្ស៊ីមកលើប្រទេសខ្លួនឯង។ ទាំងនេះគឺដូចជាសំដីបន្ទរបន្តពីវិមានក្រឹមឡាំង។

នៅក្នុងសេចក្តីថ្លែងដែលបានប៉ះទង្គិចអារម្មណ៍នៅអ៊ុយក្រែន​ លោកដូណាល់ ត្រាំ បានចោទ​ប្រកាន់ប្រធានាធិបតីអ៊ុយក្រែនថាគ្មានប្រជាប្រិយភាព បានរិះគន់អំពីអវត្តមានការបោះឆ្នោត នៅ​អ៊ុយក្រែន ​និងអះអាងថាមួយផ្នែកនៃជំនួយរបស់អាម៉េរិក ត្រូវបានប្រើប្រាស់មិនចំ​គោលដៅ។

បើយោងតាមការស្ទង់មតិមួយ​ដែលធ្វើឡើងកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ ដោយវិទ្យាស្ថាន​អន្តរជាតិ​​នៃ សង្គមសាស្រ្តទីក្រុងគៀវ និងផ្សព្វផ្សាយកាលពីថ្ងៃពុធ ក៏បានឲ្យដឹងថា លោក​វ៉ូឡូឌីមៀ ហ្សេឡេនស្គី អាចរីករាយជាមួយនឹងទំនុកចិត្តពីប្រជាជនអ៊ុយក្រែនចំនួន ៥៧%។ ប៉ុន្តែលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មានប្រជាជនអ៊ុយក្រែន ៤% ដែលទុកចិត្ត​ប្រធានាធិបតី ហ្សេឡេនស្គី។ អណត្តិរបស់ប្រធានាធិបតីអ៊ុយក្រែនត្រូវបានផុតនៅខែឧសភា ឆ្នាំ២០២៤ អ៊ុយក្រែន​មិនបាន​រៀបចំការបោះឆ្នោតដោយសារសង្រ្គាម និងច្បាប់អាជ្ញាសឹក នៅខណៈដែលប្រជាជនអ៊ុយក្រែនរាប់លាននាក់បានភៀសខ្លួនទៅបរទេស និង ២០% រស់នៅ​លើទឹកដី​អ៊ុយក្រែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

លោកដូណាល់ ត្រាំ បានអះអាងថា ទីក្រុងវ៉ាស៊ុនតុន បានផ្តល់ទឹកប្រាក់ ៣៥០ពាន់លាន ដុល្លារ ទៅអ៊ុយក្រែន ហើយចោទប្រកាន់លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គីថា មិនដឹងអំពីទឹក ប្រាក់ ពាក់កណ្តាលទៀតនៅទីណា។ ចំណែកវិទ្យាស្ថានសេដ្ឋកិច្ច IfVV Kiel បានរាប់ឃើញថា ជំនួយ អាម៉េរិកមាន ១១៤,២ ពាន់លានដុល្លារ​ចាប់តាំងពីឆ្នាំ២០២២។

 

 

Daily Program

Livesteam thumbnail