លោកដូណាល់ ត្រាំនិយាយសន្យាទៅទួរគី​ សម្រាប់ការ​ចរចា អ៊ុយក្រែន រុស្ស៊ី

កាលពីថ្ងៃអាទិត្យ ទី១១ ខែមេសា លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអញ្ជើញលោកវ្លាឌីមៀ ពូទីន ទៅជួបលោក​ផ្ទាល់ខ្លួន នៅថ្ងៃ​ព្រហស្បតិ៍ ទី១៥ ខែមេសា នៅទីក្រុងអ៊ីស្តង់ប៊ូ ប្រទេស ទួរគី បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីបានអំពាវនាវ​ឲ្យបើកកិច្ចចរចាផ្ទាល់រវាងទីក្រុងគៀវ និងទីក្រុង មូស្គូ។

មុនបន្តិច ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានជំរុញឲ្យរុស្ស៊ី និងអ៊ុយក្រែន ជួបគ្នា​ដោយ​កុំពន្យាពេល។ លោកបានសន្យានឹងមានវត្តមាននៅកិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ូ​ផង​ដែរ។

កាលពីថ្ងៃចន្ទ ទី១២ ខែមេសា ដែរ រដ្ឋមន្ត្រីការបរទេសបារាំង លោកហ្ស៉ង ណូអេល បារ៉ូត បានអំពាវនាវឲ្យលោក​វ្លាឌីមៀ ពូទីន យល់ព្រមសម្រាប់ជំនួបនេះ។ ចំណែកវិមានក្រឹមឡាំង មិនបានឆ្លើយតបនឹងសំណើររបស់ប្រធានាធិបតីអ៊ុយក្រែនទេ។

រដ្ឋមន្រ្តីការបរទេសនៃប្រទេស​គន្លឹះៗ ជាច្រើនរបស់អឺរ៉ុប បានស្ថិតនៅទីក្រុងឡុងដ្រ៍ កាលពី​ថ្ងៃ​ទី១២ ឧសភា ដើម្បីពិភាក្សាកិច្ចការសំខាន់អំពីអ៊ុយក្រែន និងដើម្បីពិភាក្សាកិច្ចខិតខំ​ប្រឹងប្រែង​​រួមគ្នាដើម្បីពង្រឹងសន្តិសុខអឺរ៉ុប និងដើម្បីសន្តិភាពយុត្តិធម៌ និងចីរភាព​នៅ​អ៊ុយក្រែន។ កិច្ច​ប្រជុំ​នេះកើតមានឡើង ២ថ្ងៃ បន្ទាប់ពីការធ្វើដំណើរទៅកាន់ទីក្រុងគៀវ​របស់​ប្រធានាធិបតី​បារាំង លោកអេម៉ានូអេល ម៉ាក្រុង អធិការបតីអាឡឺម៉ង់ លោកហ្វ្រ៊ីឌ្រីច មឺហ្ស នាយករដ្ឋមន្រ្តី ប៉ូឡូញ លោកដូណាល់ ទូស្ក៍ និងនាយករដ្ឋមន្រ្តីអង់គ្លេស លោកខេ ស្តាមើ នៅ​ក្នុង​ក្របខណ្ឌ​នៃសម្ព័ន្ធមិត្តសុឆន្ទៈ។

ចំណែកប្រធានាធិបតី ទួរគី លោករ៉ឺសេព តៃយីប អៀដូហ្គង់ ដែលបានស្នើ​ឲ្យមានកិច្ចសន្ទនា កាលពីថ្ងៃចន្ទ បានសង្ឃឹមថា បង្អួចនៃឱកាសល្អ ដែលបានបើកនៅអំឡុង​ពេលចុងសប្តាហ៍ នឹង​មិនបាត់បង់ទេ។ ប្រទេសទួរគី ក៏ជាសមាជិកនៃអង្គការណាតូមួយ។ លោករ៉ឺសេព តៃយីប អៀដូហ្គង់ បានជួបសន្ទនាតាមទូរសព្ទកាលពីថ្ងៃចន្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក​វ៉ូឡូឌីមៀ ហ្សេឡេនស្គី។ លោកបានបន្ថែមថា លោកត្រូវតែបញ្ជាក់ឡើងវិញថា យើង​ត្រៀម​ខ្លួនដើម្បីរួមចំណែកសម្រាប់កិច្ច​ប្រជុំទាំងនេះ។ យើងនឹងរីករាយដើម្បីស្វាគមន៍​ពួកគេ។

កាលពីថ្ងៃចន្ទ លោកដូណាល់ ត្រាំ បានថ្លែងថា លោកនឹងទៅប្រទេសទួរគី​នៅថ្ងៃព្រហស្បតិ៍ សម្រាប់កិច្ចពិភាក្សាដែលអាចកើតមានឡើងរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលលោកបាន​វិនិច្ឆ័យថា នេះគឺជារឿងល្អ។ មានកិច្ចប្រជុំបែបហ្នឹង លោកនឹងគិតជិះយន្តហោះដើម្បី​ទៅ​ទីនោះ​ ប្រទេស​ទួរគី។  មុនចេញ​ដំណើរបន្តិចទៅកាន់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ប្រធានាធិបតី​អាម៉េរិក បាន​និយាយ​ទៅកាន់​អ្នក​កាសែតនៅសេតវិមានថា វាមានលទ្ធភាពទៅរួច រឿង​ជាច្រើន​​អាចកើតមានឡើង។

ចំណែកសមភាគីរបស់លោក ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ក៏បាន​ប្រតិកម្មភ្លាមដោយនិយាយថា លោកចង់ឲ្យលោកដូណាល់ ត្រាំ មកកាន់ទីក្រុងអ៊ីស្តង់ប៊ូ។ នៅ​ក្នុង​សារមួយដែលផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម លោកហ្សេឡេនស្គី បានសរសេរថា លោក​នឹងទៅទួរគី។ លោកសង្ឃឹមថា រុស្ស៊ីនឹងមិនគេចពីជំនួបនេះទេ។ ហើយជាការពិត ទាំង​អស់​គ្នានៅអ៊ុយក្រែន យើងប្រាថ្នាឲ្យប្រធានាធិបតីអាម៉េរិក ត្រាំ នៅទីនោះ​ជាមួយយើងដែរ។

ចំណែកនៅចក្រភពអង់គ្លេស នៅទីក្រុងឡុងដ្រ៍ ជនជាតិប៊ុយហ្គារី ៦នាក់ បុរស ៤នាក់ និងស្រ្តី ២នាក់ ត្រូវបានចោទប្រកាន់កាលពីថ្ងៃចន្ទ ឲ្យជាប់គុកពី៥ឆ្នាំ ទៅជាង ១០ឆ្នាំ ពីបទធ្វើ​ចារកម្ម​ជា​ប្រយោជន៍សម្រាប់រុស្ស៊ី។  រវាងឆ្នាំ២០២០ និងឆ្នាំ២០២៣ ពួកគេបានដឹកនាំប្រតិបត្តិ​ការ​ចារកិច្ច​​​នៅចក្រភពអង់គ្លេស នៅអូទ្រីស្ត នៅអេស្ប៉ាញ នៅអាឡឺម៉ង់ និងនៅ​ម៉ុងតេណេហ្គ្រ៉ូ។

 

Daily Program

Livesteam thumbnail