លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន៖ សម្តេចប៉ាបជាសះស្បើយមែន ប៉ុន្តែទ្រង់ត្រូវការសម្រាក

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានថ្លែងនូវថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូពិតជាបានជះសះស្បើយមែន ប៉ុន្តែទ្រង់នៅត្រូវការពេលវេលាសម្រាកបន្ថែម។
លោកបានប្រាប់វ៉ាទីកង់ញូវថា សម្តេចប៉ាបទ្រង់ជាសះស្បើយហើយ ប៉ុន្តែនៅពេលនេះទ្រង់នៅត្រូវការពេលវេលាសម្រាកច្រើន ដោយទ្រង់ធ្វើការតែនៅលើអ្វីដែលសំខាន់ប៉ុណ្ណោះ។
នៅពេលអ្នកសារព័ត៌មានសួរអំពីស្ថានភាពសុខភាពរបស់សម្តេចប៉ាប បន្ទាប់ពីទ្រង់យាងចេញពីមន្ទីរពេទ្យ ក្រោយបានស្នាក់នៅនិងព្យាបាលអស់រយៈពេល ៣៨ថ្ងៃ លោកកាឌីណាល់បានពន្យល់ថាសម្តេចប៉ាប ឥឡូវនេះនៅទន់ខ្សោយនៅឡើយ ទ្រង់នៅត្រូវការពេលវេលាសម្រាកសិន។
លោកកាឌីណាល់បាននិយាយថា នៅក្នុងពេលនេះវាហាក់ដូចជាលឿនពេកហើយ ដែលយើងត្រូវសួរអំពីកាលវិភាគការងាររបស់សម្តេចប៉ាបក្រោយពេលដែលទ្រង់យាងចេញពីមន្ទីរពេទ្យ។
លោកកាឌីណាល់បានបន្តថា នៅពេលនេះសម្តេចប៉ាប សម្រេចចិត្តតែនៅលើបញ្ហាសំខាន់បំផុត ដែលត្រូវការការសម្រេចចិត្តរបស់ទ្រង់ប៉ុណ្ណោះ។
លោកបានបន្តថា យើងគ្រប់គ្នានៅតែសង្ឃឹមថា សុខភាពទ្រង់នឹងកាន់តែប្រសើរឡើងនៅក្នុងពេលដ៏ខ្លី ហើយនៅពេលនោះទ្រង់នឹងរៀបចំកម្មវិធីតាមកាលវិភាគជាប្រក្រតី៕
Daily Program
