លោកកាឌីណាល់ ឆាល មួង បូ៖ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ទទួលការគោរពយ៉ាងជ្រាលជ្រៅពីប្រជាជនអាស៊ី

នៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីការសោយទិវង្គតរបស់សម្តេចប៉ាប ហ្រ្វងស៊ីស្កូ លោកកាឌីណាល់ ឆាល មួងបូ  (Charles Maung Bo)នៃប្រទេសមីយ៉ាន់ម៉ា បានប្រាប់វ៉ាទីកង់ញូវថា ទ្រង់ជាសម្តេចប៉ាបដែលទទួលការគោរពដ៏ជ្រាលជ្រៅពីប្រជាពលរដ្ឋនៅអាស៊ី។

លោកកាឌីណាល់បានមានប្រសាសន៍ថា​ ទ្រង់ជាអ្នកគង្វាលដោយក្ដីស្រឡាញ់ និងអាណិតអាសូរ ដែលតែងតែយល់ ហើយមិនដែលរំលងសម្លេងអ្នកក្រីក្រ និង អ្នករងទុក្ខលំបាកឡើយ។

លោកកាឌីណាល់ បានមានប្រសាសន៍បន្តទៀតថា សម្តេចប៉ាបបានមានហឫទ័យជាមួយនឹងអ្នករងទុក្ខលំបាកគ្រប់កន្លែងហើយជាពិសេសគឺនៅមីយ៉ាន់ម៉ា។​

នៅក្នុងព្រះនេត្ររបស់ទ្រង់ មីយ៉ាន់ម៉ាគឺជាប្រជាជាតិដែលរងគ្រោះដ៏យូរ ហើយទ្រង់តែងតែមានសារនិងការអំពាវនាវសុំសន្តិភាព ការផ្សះផ្សាយ ការអត់ឱន កម្មវិធីជំនួយផ្សេងៗនិង​ក្តីស្រលាញ់ជាបន្តបន្ទាប់​។

លោកកាឌីណាល់បានមានប្រសាសន៍ថា នៅក្នុងអំឡុងពេលដែលទ្រង់នៅមានព្រះជន្មសម្តេចប៉ាបបានមានបន្ទូលជាសាធារណៈអំពីមីយ៉ាន់ម៉ា មិនតិចជាង​៩ដងឡើយ ហើយនៅមានការរៀបចំពិធីថ្វាយអភិបូជាជាច្រើនថែមទៀត។

លោកបានបន្តថា ជាច្រើនឆ្នាំមកនេះ សម្តេចប៉ាបបានធ្វើការអំពាវនាវឥតឈប់ឈរសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដើម្បីសន្តិភាព និងភាតរភាព ហើយសូម្បីតែមុនពេលទ្រងយាងចូលទិវង្គត គឺទ្រង់មិនត្រឹមតែបានចូលរួមរំលែកទុក្ខចំពោះអ្នករងគ្រោះទាំងអស់ដោយសារការរញ្ជួយដីដ៏សោកនាដកម្មនោះទេ ប៉ុន្តែទ្រង់ក៏បានផ្តល់ជំនួយជាស្បៀងអាហារដើម្បីជួយដល់ប្រជាជនដែលកំពុងរងគ្រោះផងដែរ។

គិតត្រឹមថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៧រិចទ័រ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ ខែមីនា មានចំនួនជិត៤ពាន់នាក់ ដោយមានអ្នករងរបួសចំនួនជាង ៥ពាន់នាក់ និង ១២៩ នាក់ទៀតកំពុងបាត់ខ្លួន៕

Daily Program

Livesteam thumbnail