លោកកាឌីណាល់ចុះធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យកុមារដែលរងការទម្លាក់គ្រាប់បែក
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងអំឡុងពេលទស្សនកិច្ចនៅអ៊ុយក្រែន លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានអញ្ជើញចុះដល់ទីតាំងមន្ទីរពេទ្យកុមារដែលរងនូវការទម្លាក់គ្រាប់បែក។
ប្រភពដដែលបានអះអាងថា លោកកាឌីណាល់បានទៅដល់ទីនោះនា ថ្ងៃទី ២៣ ខែកក្កដា នៅក្នុងអំឡុងពេលដែលមន្ទីរពេទ្យ បាននិងកំពុងព្យាយាមជួសជុលនិងដំណើរការសេវាកម្មសង្រ្គោះរបស់ខ្លួនឡើងវិញ។
លោកកាឌីណាល់ ត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីសុខាភិបាលអ៊ុយក្រែន គឺលោក វិចទ័រ លាកូ (Viktor Liashko ) និងអគ្គនាយកមន្ទីរពេទ្យ គឺលោក វូឡូឌីមៀ ហ្សូនៀរ (Volodymyr Zhovnir) ដែលបានពិភាក្សាអំពីសកម្មភាពរបស់មន្ទីរពេទ្យ និងការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការទម្លាក់គ្រាប់បែក។
នៅខាងក្រៅអគារដែលរងការខូចខាត លោកកាឌីណាល់បានឈប់ពិនិត្យមើល កន្លែងដែលនៅសល់តែស្លាកស្នាមនិងបំណែកជញ្ជាំងបន្ទាប់ពី ត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែកនៅថ្ងៃទី ៨ ខែកក្កដា។ នៅខាងក្នុងអគារ លោកកាឌីណាល់បានស្វាគមន៍ និងលួងចិត្តក្មេងៗដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យនិង ផ្តល់ការលើកទឹកចិត្តដល់ឪពុកម្តាយ ហើយថ្លែងអំណរគុណដល់វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យកុមារ Bambino Gesù នៅបុរីវ៉ាទីកង់៕