លីបង់ប្រឈមមុខនឹងអស្ថិរភាពឡើងវិញ
លីបង់កំពុងប្រឈមមុខនឹងអស្ថិរភាពឡើងវិញ ខណៈដែលការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡានៅតែបន្តកាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៥។
នៅថ្ងៃអង្គារទី ២ ខែធ្នូ អង្គការសហប្រជាជាតិបានចាប់ផ្តើមដកកងកម្លាំងរក្សាសន្តិភាពចេញច្រើនបំផុតនៅភាគខាងត្បូងប្រទេសលីបង់ ដោយលើកឡើងពីការកាត់បន្ថយថវិកា និងការសម្រេចចិត្តពង្រីកអាណត្តិកងរក្សាសន្តិភាពនៅក្នុងតំបន់ សម្រាប់រយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។
កងកម្លាំងនេះនិយាយថា អ៊ីស្រាអែលបានរំលោភលើបទឈប់បាញ់ជាង ១ម៉ឺន ដងចាប់តាំងពីត្រូវបានចុះហត្ថលេខានៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយមានមនុស្សជាង ៣00 នាក់ត្រូវបានសម្លាប់។
កាលពីដើមសប្តាហ៍នេះ យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ហេសបូឡាម្នាក់។
ក្រោមបទឈប់បាញ់ អ៊ីស្រាអែលត្រូវបានគេសន្មត់ថា នឹងដកខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់នៅក្នុងខែមករា ប៉ុន្តែកងទ័ពបានដកខ្លួនចេញតែផ្នែកខ្លះប៉ុណ្ណោះ ហើយបន្តកាន់កាប់ប៉ុស្តិ៍ព្រំដែនចំនួនប្រាំ។
មន្ត្រីលីបង់និយាយថា កិច្ចព្រមព្រៀងនេះមានតែនៅលើក្រដាសប៉ុណ្ណោះ ដោយមានការរំលោភបំពានជាង ៥000 ដងតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកត្រូវបានរាយការណ៍ក្នុងឆ្នាំកន្លងមក។
ប្រទេសលីបង់ ដែលមានជនភៀសខ្លួនស៊ីរី និងប៉ាឡេស្ទីនប្រហែល ១ លាននាក់ផងដែរ កំពុងតស៊ូជាមួយនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលចាប់ផ្តើមនៅឆ្នាំ ២០១៩ ធ្វើឱ្យប្រទេសនេះជាប់គាំងនៅក្នុងអតិផរណា ភាពក្រីក្រ និងការជាប់គាំងនយោបាយ៕