រ៉ែកម្រ ៖ ​អឺរ៉ុបបង្កើនល្បឿនខិតខំដើម្បីព្យាយាមកាត់បន្ថយការពឹងផ្អែកទៅលើចិន

សហភាពអឺរ៉ុបនឹងផ្តល់ជំនួយហិរញ្ញប្បទាន និងបង្កើតល្បឿន​អភិវឌ្ឍគម្រោងនានា​នៃ​ផលិតកម្ម​​រ៉ែ​កម្រ និងវត្ថុធាតុដើមដ៏មានសារសំខាន់ដទៃៗទៀតដើម្បី កាត់បន្ថយការពឹងផ្អែក​របស់​ខ្លួន​​ចំពោះ​ប្រទេសចិន ដែលការគ្រប់គ្រងសារធាតុដ៏មានសារសំខាន់ទាំងនេះរបស់​ប្រទេស​ចិន​​សម្រាប់​សេដ្ឋកិច្ច​ បង្កើតឲ្យមានភាពតានតឹងជាខ្លាំង។

កាលពីថ្ងៃទី៣ ខែធ្នូ លោកស្តេហ្វាន សេហ្ស៊ូនេ អនុប្រធានគណៈកម្មាធិការអឺរ៉ុប បាន​និយាយ​ថា ៖ ”សព្វថ្ងៃនេះ អឺរ៉ុបបាននាំមកនូវការឆ្លើយតបរបស់ខ្លួនសម្រាប់ស្ថានភាព​ថ្មីនៃភូមិសាស្រ្ត​នយោបាយពិភពលោក នោះគឺទង្វើដើម្បីឲ្យមានឯករាជ្យភាពនៅលើវត្ថុធាតុដើមដ៏​មានសារ​សំខាន់​នានា។”

គណៈកម្មាធិការអឺរ៉ុបនឹងបញ្ជេញទឹកប្រាក់ជិត ៣ពាន់លាន អឺរ៉ូ​ដើម្បីផ្តល់ហិរញ្ញប្បទានលើ​គម្រោង​ការយុទ្ធសាស្រ្តនៅក្នុងការទាញយករ៉ែ ការចម្រាញ់ និងការច្នៃឡើងវិញនូវរ៉ែកម្រ និង​លោហៈ​ធាតុដែលមានសារសំខាន់ខ្លាំងសម្រាប់វិស័យជាច្រើន នៅអឺរ៉ុប ក៏ដូចជា​នៅ​​តាម​ប្រទេស​នានាជាដៃគូផងដែរ។

គណៈកម្មាធិការអឺរ៉ុបនឹងប្រើប្រាស់ថវិកាដែលមានប្រភពចេញពីកម្មវិធីអឺរ៉ុប និងធនាគារអឺរ៉ុប​សម្រាប់ការអភិវឌ្ឍ។

លើសពីនេះ ចាប់ពីដើមឆ្នាំ២០២៦ គណៈកម្មាធិការអឺរ៉ុប​នឹងបង្កើតមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់​វត្ថុធាតុដើមដែលមានសារសំខាន់ចាំបាច់។ លោកស្តេហ្វាន សេហ្ស៊ូនេ រៀបរាប់ដែរថា ៖ “វា​នឹង​​មានបេសកកម្មបីសំខាន់ៗ គឺតាមដាន និងវាយតម្លៃនូវតម្រូវការ និងទិញរួមគ្នាដើម្បីជាអត្ថ​ប្រយោជន៍របស់សមាជិក និងស្តុក និងចែកចាយក្នុងមុខងារនៃដំណើរការរបស់សហគ្រាស។”

សកម្មភាពជាក់ស្តែងដទៃទៀត គឺទីក្រុងប្រ៊ុចស៊ែល ចង់ធ្វើការកំហិតចាប់តាំងពីដើមឆ្នាំក្រោយ​នូវការនាំចេញនូវសំណល់ និងសំណល់នៃម៉ាញ៉េទិចអចិន្រ្តៃយ៍ ដែលត្រូវបានផលិតឡើង​ពី​រ៉ែកម្រ និងប្រើប្រាស់នៅក្នុងឧស្សាហកម្មជាច្រើន ដើម្បីសម្រួលដល់ការកែច្នៃនៅអឺរ៉ុប។ សហភាព​អឺរ៉ុបក៏គ្រោងធ្វើការដាក់កំហិតឲ្យកាន់តែមានគោលដៅច្បាស់លើ​ការនាំចេញនូវ​សំណល់​អាលុយមីញ៉ូម និងអាចធ្វើដូចគ្នាសម្រាប់ស្ពាន់។

រ៉ែកម្រគឺជាធាតុលោហៈដែលក្លាយ​ជាសំខាន់​ខ្លាំងសម្រាប់វិស័យសេដ្ឋកិច្ចជាច្រើន ជាពិសេស​សម្រាប់ឧស្សាហកម្មយានយន្ត ថាមពល​កកើតឡើងវិញ វិស័យឌីជីថល ឬការការពារជាតិ។ ពួកវា​ត្រូវបានប្រើប្រាស់ក្នុងការផលិតម៉ាញ៉េទិកអនុភាពខ្លាំង កាតាលីស និងគ្រឿងបង្គុំអេឡិច​ត្រូនិក។   

ប្រទេសចិនដែលប្រមូលផ្តុំភាគច្រើននៃស្តុកបម្រុងពិភពលោកនៃរ៉ែកម្រ គ្រប់គ្រងមិនគ្រាន់តែ​ការទាញយកធ្វើអាជីវកម្មរ៉ែទេ ប៉ុន្តែ​បានអភិវឌ្ឍបន្ថែមស្ទើរតែទាំងស្រុងលើការចម្រាញ់​រ៉ែ​នេះ។ ប្រទេសចិនក៏កាន់កាប់ផ្តាច់មុខស្រដៀងគ្នាលើលោហៈធាតុយុទ្ធសាស្រ្តខ្លះដូចជា ហ្គ៉ាលីយ៉ូម ដែលត្រូវបានប្រើប្រាស់នៅក្នុងឧបករណ៍អេឡិចត្រូនិកដែលមានសមត្ថភាពដឹកនាំ​អគ្គីសនីកម្រិតមធ្យម។

រយៈពេលពីរឆ្នាំហើយ ដែលសហភាពអឺរ៉ុបបានបង្កើតច្បាប់មួយ​ដែលសំដៅ​ធ្វើឲ្យមាន​សុវត្ថិភាពដល់ការផ្គត់ផ្គង់វត្ថុធាតុដើមដែលមានសារសំខាន់ចាំបាច់នានា។ ដូច្នេះ សហភាព​អឺរ៉ុបស្ថិតនៅចំកណ្តាលនៃភាពតានតឹងរវាងប្រទេសចិន ដែលជាច្រើនឆ្នាំមកនេះ បានបង្កើន​វិធានការកំហិតសម្រាប់ការនាំចេញរ៉ែកម្ររបស់ខ្លួន និងសហរដ្ឋអាម៉េរិក​នៃរដ្ឋការលោក​ដូណាល់ ត្រាំ ដែលចរចាកិច្ចព្រមព្រៀងទ្វេភាគីគ្រប់ទិសទីដើម្បី​ធ្វើឲ្យមានសុវត្ថិភាពដល់​ការ​ផ្គត់ផ្គង់​រ៉ែកម្រ​​របស់ខ្លួនដែរ។

 

Daily Program

Livesteam thumbnail