រុស្ស៊ីព្រមានឆ្លើយតបសមស្រប ក្នុងករណីមានការប្រើប្រាស់មីស៊ីលអាម៉េរិក​ដោយ​ទីក្រុងគៀវ

សហរដ្ឋអាម៉េរិក បានអនុញ្ញាតឲ្យទីក្រុងគៀវ ប្រើប្រាស់មីស៊ីលអាម៉េរិករយៈចម្ងាយឆ្ងាយ​ដើម្បី​វាយប្រហាររុស្ស៊ី។ នេះគឺជាការផ្លាស់ប្តូរជាយុទ្ធសាស្រ្តដ៏សំខាន់។ វិមានក្រឹមឡាំងវាយតម្លៃថា លោកចូ បាយឌិន កំពុងចាក់សាំងចូលភ្លើង។

កាលពីថ្ងៃអាទិត្យ បណ្តាញថាមពលអ៊ុយក្រែន ដែលបានចុះខ្សោយរួចហើយ បាន​ប្រឈម​នឹង​ការវាយប្រហារមួយដ៏ខ្លាំងបំផុតរបស់រុស្ស៊ីនៅប៉ុន្មានខែចុងក្រោយនេះ។ យោងតាមអាជ្ញាធរ​អ៊ុយក្រែន បានឲ្យដឹងថា នេះគឺជាការវាយ​ប្រហារ​ដែលធ្វើឲ្យមានមនុស្សស្លាប់ ៩នាក់ និង​រង​របួស​ជាង ២០នាក់ នៅទូទាំងប្រទេស។ បន្ទាប់មក ទីក្រុងវ៉ាស៊ីនតុន បានផ្តល់​ការ​អនុញ្ញាត​ឲ្យ​អ៊ុយក្រែនវាយប្រហារលើដែនដីរុស្ស៊ីជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្តល់ដោយ​សហរដ្ឋអាម៉េរិក។ នេះគឺជាព័ត៌មាន​ដែលទទួលដោយប្រយ័ត្នប្រយែង​ដោយប្រធានាធិបតី​អ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី។

កាលពីថ្ងៃចន្ទ ប្រទេសរុស្ស៊ីបានសន្យាធ្វើឲ្យមានការឆ្លើយតបដោយសមរម្យ នៅលើសមរភូមិ នៅក្នុងករណីដែលអ៊ុយក្រែន បាញ់​មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាម៉េរិកមកលើទឹកដីខ្លួន បន្ទាប់​ពីមានការផ្តល់ភ្លើងខៀវពី​ទីក្រុងវ៉ាស៊ីនតុនពាក់ព័ន្ធនឹងរឿងនេះ។ នៅក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យការទូតរុស្ស៊ី លោកស្រីម៉ារីយ៉ា ហ្ស៉ាខារ៉ូវ៉ា បានថ្លែងថា ៖ “ការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដោយទីក្រុងគៀវដើម្បីវាយប្រហារដែនដីរុស្ស៊ី នឹង​មាន​ន័យជាការចូលរួមផ្ទាល់ពីសហរដ្ឋអាម៉េរិក ដោយប្រើប្រាស់ផ្កាយរណបរបស់ខ្លួន ព្រម​ទាំងជា​​ការផ្លាស់ប្តូរដ៏ខ្លាំងក្លានៅក្នុងសារៈសំខាន់ និងធម្មជាតិ​នៃសង្រ្គាម”។ លោកស្រី បាន​បន្ថែម​ថា ៖ “ការឆ្លើយតបរបស់រុស្ស៊ីនៅក្នុងករណីបែបនេះ​នឹងធ្វើឡើងដោយសមរម្យ និងធ្វើឲ្យ​ចាប់​អារម្មណ៍”។

កាលពីថ្ងៃចន្ទដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី បេស្កូវ បានថ្លែងថា ការផ្តល់​ការ​អនុញ្ញាត​ឲ្យទីក្រុងគៀវ ដោយលោកចូ បាយឌិន ដើម្បីប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ​របស់​អាម៉េរិក​នៅលើដែនដីរុស្ស៊ី គឺមានធម្មជាតិជាការជះសាំងលើភ្លើង​នៅក្នុងជម្លោះនៅ​អ៊ុយក្រែន។ អ្នកនាំពាក្យក៏បានព្រមានថា បើវាត្រូវបានបញ្ជាក់ជាផ្លូវការដោយទីក្រុង​វ៉ាស៊ីនតុន ហើយ ការអនុញ្ញាតនេះនឹងនាំដល់ស្ថានភាពថ្មីជាមូលដ្ឋាន បើនិយាយអំពី​ការពាក់ព័ន្ធ​របស់​សហរដ្ឋ​អាម៉េរិកនៅក្នុងជម្លោះ។

ចំណែករដ្ឋមន្រ្តីក្រសួងការបរទេសបារាំង លោកហ្ស៉ង ណូអែល បារ៉ូត ក៏បានបញ្ជាក់​ឡើង​វិញ​កាល​ពីថ្ងៃចន្ទថា ការប្រើប្រាស់មីស៊ីលបារាំងដោយកងកម្លាំងអ៊ុយក្រែន​នៅ​លើដី​រុស្ស៊ី​​ធ្លាប់​ស្ថិត​នៅ​ជាជម្រើស។ នៅពេលមកដល់ ទីក្រុងប្រ៊ុចសែល ដើម្បីកិច្ចប្រជុំរដ្ឋមន្រ្តី​កិច្ចការ​បរទេស លោក​បានបញ្ជាក់ថា ៖ “កាលពីថ្ងៃទី២៥ ខែឧសភា យើងបាន​និយាយ​ជាចំហថា នេះ​គឺ​​ធ្លាប់​ជា​ជម្រើស​មួយដែលយើងកំពុងពិចារណាថាតើត្រូវអនុញ្ញាត​ឲ្យ​វាយ​ប្រហារគោលដៅ​ទាំង​ឡាយ​ណានៅក្នុងដែលដែនដីរុស្ស៊ី ដែលប្រទេសរុស្ស៊ីប្រើប្រាស់​ទីតាំង​នោះ​ដើម្បីវាយ​ប្រហារ​មក​លើ​ដែន​ដីអ៊ុយក្រែន។  លោកបន្ថែមថា ហើយរឿងនេះ ក៏​មិន​មាន​​អ្វីផ្លាស់​ប្តូរ​ដែរ”។

កាលពីថ្ងៃចន្ទនេះ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោកបូរីស ចនសុន បានអំពាវនាវដល់​ទីក្រុង​​ប៉ារីស និងទីក្រុងឡុងដ៍ ឲ្យអនុញ្ញាតពីឥឡូវតទៅ ឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈ​ចម្ងាយ​​ឆ្ងាយ ដែលពួកគេផ្តល់ឲ្យដើម្បីវាយប្រហារដែនដីរុស្ស៊ី ដូចសហរដ្ឋអាម៉េរិក បានធ្វើ​កាល​ពីថ្ងៃអាទិត្យ។ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស បានថ្លែងថា ៖ “រដ្ឋាភិបាលបារាំង និង​អង់គ្លេស ត្រូវតែនិយាយថ្ងៃនេះ ថា ខ្លួនផ្តល់ការអនុញ្ញាតដើម្បីប្រើប្រាស់​មីស៊ីលរយៈ​ចម្ងាយ​ឆ្ងាយ ប្រភេទ Scalp របស់បារាំង និង Storm Shadow របស់អង់គ្លេស ប្រឆាំង​នឹង​មូល​ដ្ឋាន​យោធា​​រុស្ស៊ី​នៅ​លើទឹកដីរុស្ស៊ី។

 

 

Daily Program

Livesteam thumbnail