រាជរដ្ឋាភិបាល ផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសជាង ៦ម៉ឺនកន្លែងសម្រាប់ឆ្នាំ២០២៥

រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាហារូបការណ៍ផ្នែកកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៥ ចំនួន ៦៧៣០០ កន្លែង។ នេះបើតាមការថ្លែងឱ្យដឹងពីលោក​ កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ។

លោកបានបន្តថា ការផ្តល់អាហារូបករណ៍នេះគឺស្ថិតនៅក្នុងក្របខណ្ឌនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

លោកបានបញ្ជាក់ថា អាហារូបករណ៍ចែកចេញជាពីរប្រភេទ ទី១៖ កម្មវិធីបណ្តុះបណ្តាលរយៈពេលវែងដែលមានប្រភេទ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១។ និងទី២៖ អាហារូបករណ៍ក្នុងកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី ដែលជាប្រភេទអាហារូបករណ៍មូលនិធិជាតិបណ្តុះបណ្តាលដើម្បីកាត់បន្ថយភាពក្រីក្រ។ 

លោក កត្តា អ៊ន ៖ «ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ពាក់កណ្តាល ឆ្នាំ២០២៤ នេះកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា»។

លោកបានបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមយ៉ាងផុសផុល ជាងនេះទៀតក្រុមការងារក៏បានចុះផ្សព្វផ្សាយផ្ទាល់ទៅដល់មូលដ្ឋានប្រជាពលរដ្ឋធ្វើយ៉ាងណាកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានកាន់តែច្រើន។

លោកថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆា​ប់​រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោ​បាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជី​វិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ”។

លោក កត្តា អ៊ន បានអំពាវនាវដល់យុវជនដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានដែលនៅក្បែរមូលដ្ឋានរបស់ខ្លួន។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដដែល។

គិតត្រឹមដើមខែតុលា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានយុវជនចុះឈ្មោះចូលសិក្សាជំនាញសរុបចំនួនជាង ៨ម៉ឺននាក់ (ស្រីចំនួនជាង ៣,២ម៉ឺននាក់)។ ក្នុងចំណោមសិស្សដែលបានចុះឈ្មោះចូលរៀនជំនាញសរុប ក្នុងនោះសិស្សបានបញ្ចប់ការសិក្សាមានចំនួនជាង ១ម៉ឺននាក់។

យុវជនសិក្សាជំនាញរបស់រាជរដ្ឋាភិបាលទាំងនោះបានទទួលការងារធ្វើសមរម្យ, មួយចំនួនចេញប្រកបមុខរបរផ្ទាល់ខ្លួន និងខ្លះទៀតកំពុងចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជននានាក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្រាប់សាកសួរព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់ប្រព័ន្ធទូរសព្ទ Hotline ឥតគិតថ្លៃ លេខ ១២៨៦  ឬ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

Daily Program

Livesteam thumbnail