រាជរដ្ឋាភិបាលមិនកាត់បន្ថយការចំណាយលើវិស័យអប់រំ និងសុខាភិបាល ដើម្បីពង្រឹងវិស័យការពារជាតិឡើយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់កាលពីព្រឹកថ្ងៃពុធនេះថា រាជរដ្ឋាភិបាលគ្មានផែនការកាត់បន្ថយការចំណាយលើវិស័យអប់រំ និងសុខាភិបាល ដើម្បីយកថវិកាទៅបង្កើនឱ្យវិស័យការពារជាតិឡើយ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា៣ជាន់ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្នុងរាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានច្រានចោលនូវរបាយការណ៍ផ្សព្វផ្សាយនាពេលថ្មីៗនេះ ដែលបានអះអាងថា រាជរដ្ឋាភិបាលមានផែនការកាត់បន្ថយថវិកាជាង ១៧០ លានដុល្លារអាមេរិក ពីវិស័យអប់រំ និងសុខាភិបាល នៅក្នុងឆ្នាំ២០២៧ ដើម្បីយកទៅបង្កើនការចំណាយលើវិស័យការពារជាតិ។
សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «គ្មានករណីបែបហ្នឹងទេ។ រាជរដ្ឋាភិបាលមិនបានកាត់បន្ថយការចំណាយលើវិស័យអប់រំ និងសុខាភិបាលឡើយ។ ការចំណាយលើវិស័យការពារជាតិនឹងកើនឡើង ប៉ុន្តែថវិកាសម្រាប់កិច្ចការសង្គម អប់រំ និងសុខាភិបាល នឹងមិនត្រូវកាត់បន្ថយនោះទេ ហើយវានឹងបន្តកើនឡើងរហូតដល់ឆ្នាំ២០២៩»។
សម្តេចធិបតីបានថ្លែងបន្តថា រាជរដ្ឋាភិបាលមានធនធានគ្រប់គ្រាន់ក្នុងការពង្រឹងវិស័យការពារជាតិ និងសន្តិសុខជាតិ ដោយមិនចាំបាច់កាត់បន្ថយថវិកាដែលបានបែងចែកទៅឱ្យវិស័យផ្សេងៗនោះឡើយ។
សម្តេចបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែផ្តល់អាទិភាពខ្ពស់ជាប់ជានិច្ចដល់ការអភិវឌ្ឍធនធានមនុស្ស ទាំងនៅក្នុងអាណត្តិមុនៗ នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
បើតាមប្រសាសន៍របស់សម្តេចធិបតី ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ថវិកាដែលបានបែងចែកទៅឱ្យវិស័យកិច្ចការសង្គម អប់រំ និងសុខាភិបាល មានការកើនឡើងជាង ២,៦ ប៊ីលាន (ពាន់លាន) ដុល្លារអាមេរិក ដែលគិតជាមធ្យមមានការកើនឡើង ៧ ភាគរយក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ ការចំណាយលើវិស័យការពារជាតិ និងសន្តិសុខ បានកើនឡើងជាង ១,១ ប៊ីលាន (ពាន់លាន) ដុល្លារអាមេរិក ជាមួយនឹងកំណើនមធ្យម ៣,៣ ភាគរយក្នុងមួយឆ្នាំ។