រយៈពេល ៥ខែ ឆ្នាំ២០២៤ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានចំនួន ៣០នាក់
អត្រាគ្រោះថ្នាក់នេះ កើនឡើង ៥៨% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុង២០២៣ ដែលមានជនរងគ្រោះចំនួន១៩នាក់ ហើយករណីនេះបណ្តាលមកពីសកម្មភាពនៃការលេងគ្រាប់ ៦៤% ការរកស្បៀងអាហារ ១៣% ការសម្អាតដីធ្វើកសិកម្ម ១០% ការធ្វើសំណង់ ១០% និងការដុតភ្លើង ៣%។
នេះបើតាមការលើកឡើងរបស់លោក លី ធុជ អនុប្រធានទី១អាជ្ញាធរមីន នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ។
លោកបានបន្តថា ដើម្បីទប់ស្កាត់ និងរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ឱ្យនៅកម្រិតអប្បបរមា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករសកម្មភាពមីន បានបន្តខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងការរំដោះផ្ទៃដី និងការផ្សព្វផ្សាយការអប់រំយល់ដឹងអំពីមីននិងគ្រាប់មិនទាន់ផ្ទុះនៅតាមសហគមន៍ ដើម្បី “ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម” និងគ្មានទុកប្រជាពលរដ្ឋណាម្នាក់នៅបន្តរងគ្រោះ ទៀត។
លោកថា ៖ «ជាថ្មីម្តងទៀត តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល»។
សូមបញ្ជាក់ យោងតាមទិន្នន័យទទួលបានរបស់អាជ្ញាធរមីន ចាប់ពីឆ្នាំ១៩៧៩ ដល់ខែឧសភា ឆ្នាំ២០២៤ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមសរុបចំនួន ៦៥.០៦៧ នាក់ ក្នុងនោះរងគ្រោះដោយសារមីន ៧៩% និងសំណល់ជាតិផ្ទុះពីសង្រ្គាម ២១%៕