រយៈពេល៥ខែ«ផ្លែមៀនស្រស់»កម្ពុជាកើនឡើងការនាំចេញជាង ១២៣%
ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤ ការនាំចេញ«ផ្លែមៀនស្រស់»កម្ពុជា ទៅកាន់ទីផ្សារបរទេសក្នុងបរិមាណ ១៤ ៧៩៩,២៦ តោន បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាឆ្នាំមុន មានកើនឡើងការកើនឡើង ១២៣, ២២%។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម។
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អឹម រចនា បានឲ្យដឹងថា គិតត្រឹម១ឆមាសដំបូង នៃឆ្នាំ២០២៤នេះ ការនាំចេញផលិតផលកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងប្រមាណ ៥៧.២៨% ហើយបើធៀបទៅនឹងឆ្នាំ២០២៣។ ចំពោះមុខទំនិញកសិកម្មសំខាន់ៗដែលបាននាំចេញនោះមានដូចជា៖ ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ចំណិតដំឡូងមីក្រៀម ផ្លែមៀនស្រស់ និងកសិផលជាង៧៧មុខផ្សេងទៀតផងដែរ។
អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា ការនាំចេញកសិផលតាមរយៈរបាយការណ៍ ៥ខែដើមឆ្នាំ២០២៤នេះ កើនឡើងខ្ពស់មិនធ្លាប់មានទេនៅក្នុងរយៈពេល៥ឆ្នាំ តាំងពីកូវីដ១៩ ជាលទ្ធផលមួយជាទីមោទន សម្រាប់ក្រសួង ដែលបានរួមចំណែកជួយដល់ប្រជាកសិករ ជាពិសេសតាមរយៈការដាំដុះរបស់កសិករ ហើយអាចកែច្នៃទៅកាន់ទីផ្សារបរទេសបានច្រើន ដែលធ្វើឲ្យកសិផលមានតម្លៃបន្ថែមខ្ពស់។
យោងតាមរបាយការណ៍ក្រសួង បង្ហាញថាការនាំចេញកសិផលក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ មានការកើនឡើងចំនួន ២២៥០ ៩៤៥,២៥តោន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលកំណើននេះខ្ពស់ជាងមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ។
គួរកត់សម្គាល់ថា កសិផលដែលបានចូលរួមចំណែកជំរុញដល់កំណើននាំចេញរួមមាន ស្រូវ ដំឡូងមីស្រស់ ម្សៅដំឡូងមី - គ្រាប់ស្វាយចន្ទី ពោត ផ្លែមៀនស្រស់ ផ្លែស្វាយស្រស់ និងម្រេច។ ប្រទេសដែលបានបញ្ជាទិញ ផលិតផលកសិកម្មក្នុងបរិមាណច្រើនជាងមុន រួមមានប្រទេសវៀតណាម (ស្រូវ ដំឡូងមីស្រស់ គ្រាប់ស្វាយចន្ទី ផ្លែស្វាយស្រស់ និងម្រេច) ប្រទេសថៃ (ដំឡូងមីស្រស់ និងផ្លែស្វាយស្រស់) ប្រទេសចិន (ម្សៅដំឡូងមី ផ្លែមៀន ស្រស់ និងផ្លែស្វាយស្រស់) និងប្រទេសកូរ៉េ (ផ្លែស្វាយស្រស់)៕