រដ្ឋាភិបាលកម្ពុជា​មួយខែចំណាយ​ជាង ២.៥លានដុល្លារ សម្រាប់ជនមានពិការភាព

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ទៅលើជនមានពិការភាព​តាមរយៈការលើកកម្ពស់សិទ្ធិ សុខុមាលភាព ឱកាសការងារ ក៏ដូចជាការធានា​ដល់​ការ​រស់នៅក្នុងជីវភាពសមរម្យ។ ក្នុងមួយខែរដ្ឋបានចំណាយជាង ២.៥លានដុល្លារអា​មេ​រិក ជួយចិញ្ចឹមជនមានពិការរភាពតាមរយៈកម្មវិធីជាតិជំនួយសង្គម។

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាទិវាជនមានពិការភាពលើកទី២៧ សម្រាប់​កម្ពុជា និងលើកទី៤៣សម្រាប់ពិភពលោក។ ទិវានេះត្រូវបានប្រារព្ធឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​បង្ហាញនូវការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជន​មាន​ពិការភាព។

ក្នុងសារលិខិតផ្ញើជូនជនរួមជាតិសម្រាប់ទិវានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា រាជរដ្ឋា​ភិបាលកម្ពុជានីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់លើជនមានពិការភាព។ ក្នុង​នោះ​ក្រ​សួ​ង ស្ថាប័ន និង​អាជ្ញា​ធរ​ថ្នាក់ក្រោមជាតិ សម្រេចបាននូវកិច្ចការជាច្រើនពាក់ព័ន្ធនឹងជនមានពិការភាព មាន​ដូចជាការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនមានពិការភាព​ដោយផ្តោត​លើ​ការលើកកម្ពស់សមភាព ការកាត់​បន្ថយ និងលុបបំបាត់ ការរើសអើង បង្កើនការ​យល់​ដឹងអំពីពិការភាពឱ្យកាន់តែទូលំទូលាយ ការរៀបចំនិងកែសម្រួលផាសុកវត្ថុ ការរស់​នៅ​ប្រកបដោយភាពសុខដុមរមនានិងភាពធន់ក្នុងសហគមន៍ បង្កើនការផ្ដល់ និង​ទទួល​បាននូវឧបករណ៍ ទ្រទ្រង់រាងកាយសម្រាប់ការចល័តទីផ្ទាល់ខ្លួន ការធា​នា​បាន​នូវការគោរពភាពជាឯកជនរបស់បុគ្គល ការផ្តល់ និងជួសជុលលំនៅឋាន ការគាំ​ទ្រ និង​លើកទឹកចិត្តឱ្យរៀបអាពាហ៍ពិពាហ៍ដើម្បីបង្កើតគ្រួសារ ការបង្កើត និងពង្រឹងគុណ​ភាពអប់រំទាំងកម្មវិធីអប់រំបរិយាបន្ននិងអប់រំពិសេស ការផ្ដល់ និងការទទួលបានសេវា​សុខភាព និងស្តារលទ្ធភាពពលកម្មដោយមិនគិតថ្លៃ និងមានលក្ខណៈគ្របដណ្តប់ ការ​លើកកម្ពស់ជីវភាពសមរម្យតាមរយៈការផ្ដល់ ឱកាសទទួលបានការងារ និងមុខរបរ​សម​ស្របទៅតាមចំណេះដឹងនិងជំនាញ ការលើកទឹកចិត្តនិងជំរុញការចូលរួម ក្នុងជីវ​ភាព​នយោបាយនិងឱកាសក្លាយជាអ្នកដឹកនាំ

ការសម្របសម្រួលឱ្យមានការរៀបចំ និងចូលរួមសកម្មភាពសង្គមនានាដូចជា សិល្បៈ វប្បធម៌ សាសនា វិស្សមកាល លម្ហែ​កាយ និងកីឡា ការបង្កើនការផ្ដល់ និងការទទួលបានសេវាយុត្តិធម៌ ការចាត់វិធានការ​ម៉ឺង​ម៉ាត់ចំពោះការបោះបង់ទារកមានពិការភាពជាការគោរពសិទ្ធិរស់រានមានជីវិត ការ​ផ្ដល់អន្តរាគមន៍ទាន់ពេលវេលាទាំងមុនពេល អំឡុងពេលផ្នែកមនុស្សធម៌ បង្កើន​ភាព​ងាយស្រួលក្នុងការផ្ដល់ និងទទួលបាននូវឯកសារអត្រានុកូលដ្ឋានគ្រប់ប្រភេទ បង្កើន​បរិយាកាសយ៉ាងទូលំទូលាយក្នុងការបញ្ចេញមតិយោបល់ និងឱកាស​ទទួល​បានព័ត៌​មាន​សង្គម ការចាត់ និងក្រោយពេលមានស្ថានភាពហានិភ័យ និងបន្ទាន់ អមនុស្ស​ធម៌ បន្ទាបបន្ថោក ដែលរបាយការណ៍ដំបូងស្តីពីរាល់វិធានការផ្លូវច្បាប់​ក្នុងការការ​ពារ​ និងទប់ស្កាត់រាល់សកម្មភាពធ្វើបាប អំពើឃោរឃៅ ឬការដាក់ទារុណកម្ម ការកេង​ប្រវញ្ច រំលោភបំពាន និងអំពើហិង្សាជាដើម ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជន​ពិការនៅ​កម្ពុជានេះ ត្រូវបានសម្រេចដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ។

បន្ថែមពីលើនេះទៀតជាការរួមចំណែកក្នុងការលើកកម្ពស់វឌ្ឍនភាពសង្គម រាជរដ្ឋាភិ​បាល​​នីតិកាលទី៧ បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាល​សាធារណៈ​យ៉ាង​ស្រួច​ស្រាវ និងស៊ីជម្រៅសម្រាប់ក្រសួង សា្ថប័នសាធារណៈនានា តាមរយៈការអនុវត្ត​វិធាន​ការ​គន្លឹះចំនួន៣ គឺ(១) ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ចូលបម្រើការងារ​ក្នុងរដ្ឋ​បាល​​សាធារណៈ (២) ការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់ គុណភាពការងារ និង(៣)ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។

គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ មានក្រសួង ស្ថាប័នចំនួន៤០ បានទទួលយក​ជន​មាន​​​ពិការភាពចូល បម្រើការងារសរុបចំនួន៧ ៥០២នាក់ ក្នុងនោះស្ត្រីមានពិការភាព​ចំនួន ១ ០៣៥នាក់ ជនមានពិការភាព កម្រិតធ្ងន់ចំនួន៣ ០៣៥នាក់ បើគិតជាភាគ​រយគឺស្មើនឹង២,៤៨%។

ដោយឡែក វិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោង​ចក្រ និងក្រុមហ៊ុននានា បានចុះបញ្ញិកានិងទទួលបានវិញ្ញាបនបត លើការអនុវត្តច្បាប់​ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានសរុបចំនួន៤៦៦ និងបានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន៦ ៩០៥នាក់ ក្នុងនោះ​ស្ត្រីមានពិការភាពចំនួន ៤ ៥២៧នាក់។ សរុបទាំងក្រសួង ស្ថាប័នសាធារណៈ និង​វិស័យ​ឯក​ជននៅទូទាំងប្រទេស បានទទួលយកជនមានពិការភាពតាមអត្រា​កំណ​ត់​នៃ​ច្បាប់សរុបចំនួន១៤ ៤០៧​នាក់ ឱ្យបម្រើការងារដោយទទួលបាន ប្រាក់ចំណូល និងអត្ថប្រយោជន៍សង្គមទៅតាម មុខតំណែង តួនាទី និងការងារ ស្របតាម​សមត្ថ​ភាព និង ទេពកោសល្យរៀងៗខ្លួន។

ក្នុងសារលិខិតនេះ បានឱ្យដឹងទៀតទៀតថា គិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិង​កំពុង​ដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណ កម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជា​មូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាព​ចំនួន ​៣៥៥ ២៨០នាក់ ក្នុងនោះស្ត្រីចំនួន ១៧៤ ០១៣នាក់ ត្រូវបានកំណត់ អត្ត​សញ្ញាណ​តាមរយៈជនបង្គោលនៅឃុំ សង្កាត់​ទូទាំងប្រទេស ហើយបានផ្ដល់បណ្ណ​សម្គាល់ជនមានពិការភាព បានចំនួន ២៨៩ ៥៤៣​បណ្ណ ក្នុងនោះស្ត្រីចំនួន ១៤១ ០៨៥នាក់។ រាជរដ្ឋាភិបាលនឹងបន្ត​ពង្រឹងប្រព័ន្ធ​កំណត់ អត្តសញ្ញាណកម្ម​ពិការភាព​តាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ក្នុងគោលដៅ​កំណត់អត្ត​សញ្ញាណជនមាន​ពិការ​ភាពឱ្យបានគ្រប់ទីកន្លែងនៅទូទាំងប្រទេស។

ប្រព័ន្ធនេះនឹងផ្តល់ទិន្នន័យគោលស្តីពីពិការភាពសម្រាប់ជាមូលដ្ឋានក្នុងការ​គិត​គូរ​ផ្នែកគោលនយោបាយគាំពារសង្គម និងសង្គមកិច្ចផ្សេងទៀតទៅតាមតម្រូវការជាក់​ស្តែង និងទៅតាមវិស័យរៀងៗខ្លួន។ ជាក់ស្ដែងគិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ គ្រួសារ​គោល​បាន​ចុះឈ្មោះក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារចំនួន ៧១៧ ១៣២គ្រួសារ ក្នុងនោះជនមានពិការភាពដែលបានទទួលផលពីកម្មវិធីនេះ​មាន​ចំនួន ៥៤ ៨១៩នាក់ ដោយបានចំណាយថវិកាប្រចាំខែចំនួន ១០ ៣២១ ៥០០ ០០០រៀល ស្មើទំហំប្រមាណ ២,៥៨០,៣៧៥ដុល្លារអាម៉េរិក។ ជាការកត់សម្គាល់ជនមានពិការ​ភាព​​មួយនាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ ០០០រៀល ក្នុងករណីជនមាន​ពិការ​ភាព​ជាជនចាស់ជរាផងនិងមានផ្ទុកមេរោគអេដស៍ផងនោះ គាត់នឹងទទួលបានប្រាក់​ឧបត្ថម្ភ​បន្ថែមគុណនឹង៣ដងក្នុងមួយខែ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្ត (១) ពង្រឹងយន្តការអនុវត្តកម្មវិធីឧបត្ថម្ភសាច់​ប្រាក់​ជូនជនមានពិការភាព ក្រីក្រ ដែលបានធ្វើសមាហរណកម្មទៅក្រោមកម្មវិធីជាតិ​ជំនួយ​សង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីធានាថា ក្រុមគោលដៅនេះទទួលបានការ​ឧបត្ថម្ភ​ពីរាជ​រដ្ឋាភិបាលពិតប្រាកដ (២) ពង្រឹងយន្តការគាំពារពាក់ព័ន្ធនឹងពិការភាព ក្នុងរបប​សន្តិ​សុខ​សង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធនសម្រាប់​មន្ត្រីសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត ដែលត្រូវផ្តោត​សំខាន់​លើការ​ស្ដារនីតិសម្បទា និង(៣) ពិនិត្យលទ្ធភាពក្នុងការគិតគូរផ្ដល់ការគាំពារដល់ជន​មានពិការភាព ដែលជាសមាជិកនៃគ្រួសារងាយរងហានិភ័យ ទៅតាមលទ្ធភាពទ្រទ្រង់​បាននៃថវិកាជាតិ។

គិតត្រឹមខែតុលា ឆ្នាំ២០២៥ បានផ្តល់សេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទ​ជូនជន​មាន​ពិការភាពចំនួន ៧៧ ៣៣៤នាក់ ស្ត្រីចំនួន ២៥ ៥៨៦នាក់ ក្នុងនោះសេវាស្តារ​លទ្ធ​ភាពពលកម្មកាយសម្បទាចំនួន ៤០ ៦០៨នាក់ ស្ត្រី ៧ ៤៨៦នាក់ និងស្តារ​លទ្ធ​ភាព​​ពលកម្មវេជ្ជសាស្ត្រចំនួន៣៦ ៦៥៤នាក់៕

 

 

Daily Program

Livesteam thumbnail