រដ្ឋសភា នឹងបោះឆ្នោតផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស នៅថ្ងៃស្អែកនេះ
នៅថ្ងៃស្អែក ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេសជំនួសលោក សុខ ចិន្តាសោភា។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា នៅថ្ងៃទី១៩ ខែវិច្ឆកានេះ បានឱ្យដឹងថា រដ្ឋសភានឹងធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន២ រូប គឺលោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ជំនួសលោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។
សេចក្តីជូនដំណឹង បានបន្តថា រដ្ឋសភានឹងធ្វើការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ ស្ដីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ- វៀតណាម។
ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក៏នឹងត្រូវធ្វើការពិភាក្សាផងដែរ៕