រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ទៅកាន់ចិនដើម្បីកិច្ចសន្ទនាផ្ទាល់អំពីសន្តិភាព

រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោកឌីមីត្រូ គូឡឺបា ក្នុងដំណើរទស្សនកិច្ចផ្លូវការ​ទៅកាន់ ប្រទេសចិន ដែលជាដៃគូដ៏មានឥទ្ធិពល​របស់រុស្ស៊ី កាលពីថ្ងៃពុធ បានជួប​សមភាគីរបស់ លោក​នៅខេត្តកងតុង។ លោកបានរំឭកឡើងវិញអំពីជំហររបស់​អ៊ុយក្រែន ដែលមានទំនោរ​នឹង​ចចារ​ជាមួយ​រុស្ស៊ី​នៅក្រោមលក្ខខណ្ឌខ្លះៗ។

មួយសប្តាហ៍កន្លងទៅហើយ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបើក​ទ្វារសម្រាប់កិច្ចសន្ទនា​ជាមួយរុស្ស៊ី។ ហើយសារចេញពីប្រទេសចិន​ រដ្ឋមន្រ្តីការបរទេស​អ៊ុយក្រែន លោកឌីមីត្រូ គូឡឺបា កាលពីថ្ងៃទី២៤ កក្កដា បានថ្លែងថា អ៊ុយក្រែននឹងមិនចរចាជា​មួយ​រុស្ស៊ីទេ រហូតដល់រុស្ស៊ីត្រៀមខ្លួនក្នុងការចរចា​ជាមួយសុឆន្ទៈល្អ។

ទោះបីជាមានទំនាក់ទំនងដ៏ខ្លាំងក្លាខាងសេដ្ឋកិច្ច ការទូត និងយោធាជាមួយទីក្រុងមូស្គូ ហើយ​ក៏ត្រូវបានពង្រឹងបន្ថែមចាប់តាំងពីការផ្ទុះសង្រ្គាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅខែ​កុម្ភៈ ឆ្នាំ២០២២ ទីក្រុងប៉េកាំង ជាច្រើនខែមកហើយ ដើរតួជាអ្នកសម្របសម្រួលរវាង​អ្នក​ប្រយុទ្ធ​​ទាំង​ពីរ។

ទស្សនកិច្ចផ្លូវការរបស់លោកឌីមីត្រូ គូឡឺបា ដែលត្រូវមានរយៈពេលរហូតដល់ថ្ងៃសុក្រ គឺត្រូវ​បានមើលឃើញថា ជាទស្សនកិច្ចលើកទី១នៃមន្ត្រីជាន់ខ្ពស់​របស់អ៊ុយក្រែន​នៅកម្រិតនេះ​នៅ​ប្រទេស​ចិនចាប់តាំងពីមានជម្លោះជាមួយរុស្ស៊ី។

យោងតាមសេចក្តីប្រកាសមួយរបស់អ៊ុយក្រែនបានឲ្យដឹងថា នៅអំឡុងជំនួបរបស់លោក​ជាមួយ​សមភាគីចិន លោកវ៉ាងយី ប្រមុខការទូតអ៊ុយក្រែន បាននិយាយសាឡើងវិញ​អំពីជំហ​អ៊ុយក្រែន ដែលត្រៀមខ្លួនចរចាជាមួយភាគីរុស្ស៊ី នៅពេល​រុស្ស៊ីត្រៀមខ្លួនចរចា​ជាមួយ​សុឆន្ទៈ​ល្អ។ អ៊ុយក្រែនសង្កត់ធ្ងន់ថា សព្វថ្ងៃនេះ ភាគីរុស្ស៊ីមិនចង់ធ្វើជាមួយឆន្ទៈល្អនោះទេ។

អាជ្ញាធររុស្ស៊ី បានដាក់លក្ខខណ្ឌសង្កត់សង្កិនសម្រាប់កិច្ចពិភាក្សាអំពីសន្តិភាព។ មុនដំបូង ពួកគេទាមទារតំបន់ ៤របស់អ៊ុយក្រែន បន្ថែមពីលើតំបន់គ្រីមៀ ដែលត្រូវបានភ្ជាប់ជា​ឧប​សម្ព័ន្ធ​ជាមួយរុស្ស៊ីនៅឆ្នាំ២០១៤ ហើយអ៊ុយក្រែនក៏ត្រូវបដិសេធមិន​ចូលទៅក្នុងអង្គការ​ណាតូ​ផង​ដែរ។

ដោយត្រូវបានសួរអំពីជំនួបពេលព្រឹកនៅតំបន់កង់តុង នៅភាគខាងត្បូងប្រទេសចិន រវាង​លោក​វ៉ាង់យី និងលោកឌីមីត្រូ គូឡឺបា លោកម៉ៅនីង អ្នកនាំពាក្យការទូតចិន គ្រាន់​តែ​និយាយ​ថា លោកទាំងពីរបានផ្លាស់ប្តូរទស្សននៅលើសំនុំរឿងអ៊ុយក្រែន។

លោកវ៉ាងយី បានបញ្ជាក់ថា វិបត្តិអ៊ុយក្រែនបានចូលដល់ឆ្នាំទី៣ ហើយថា ជម្លោះបានបន្ត ហើយថា វាផ្តល់ហានិភ័យដល់ការរីករាលដាល និងលែងអាចគ្រប់គ្រងបាន។ លោកបាន​បន្ថែម​ថា ប្រទេសចិនវាយតម្លៃថា ការគ្រប់គ្រងជម្លោះទាំងអស់ត្រូវតែឆ្លងតាមតុចរចា”។

នៅក្នុងសេចក្តីប្រកាសដែលផ្សព្វផ្សាយ​នៅថ្ងៃតែមួយដោយក្រសួងការបរទេសអ៊ុយក្រែន លោក​ឌីមីត្រូ គូឡឺបា បានអះអាងថា អ៊ុយក្រែនក៏បានប្រាថ្នាបន្តដើរលើផ្លូវសន្តិភាព ការ​ស្តារ​ឡើង​​វិញ និងការអភិវឌ្ឍ។ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានថ្លែងថា ៖ “លោកជឿថា វាមាន​អាទិភាព​ជាយុទ្ធសាស្រ្ត ដែលយើងចែករំលែកគ្នា ហើយការឈ្លានពានរបស់រុស្ស៊ី​បានបំផ្លាញ​សន្តិភាព និងពន្យឺតការ​អភិវឌ្ឍ។

ប្រទេសចិនដែលចែករំលែកជាមួយរុស្ស៊ី​នូវឆន្ទៈបង្កើនទម្ងន់​ប្រឈមមុខនឹងសហរដ្ឋអាម៉េរិក មិនដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី និងចោទប្រកាន់ណាតូធ្វេសប្រហែល​ចំពោះ​ការ​ព្រួយបារម្ភ​របស់ទីក្រុងមូស្គូទាក់ទិននឹងបញ្ហាសន្តិសុខ។ ប៉ុន្តែមហាយក្ស​អាស៊ីមួយនេះ កាលពីឆ្នាំមុន ក៏បានអំពាវនាវនៅក្នុងឯកសារមួយ​អំពីសង្រ្គាម ឲ្យមានការគោរពបូរណភាព​ដែនដី​របស់គ្រប់រដ្ឋទាំងអស់ និងរួមទាំងអ៊ុយក្រែនផង។

 

Daily Program

Livesteam thumbnail