រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ស្នើឱ្យអង្គការយូណេស្កូ ពិនិត្យលើការលួចម្លងតាមគំរូប្រាសាទអង្គររបស់កម្ពុជា ដោយប្រទេសថៃ

រដ្ឋមន្ត្រីក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា នាថ្ងៃទី១០ ខែកក្កដា ម្សិលមិញនេះ បានថ្លែងការព្រួយបារម្មណ៍របស់កម្ពុជា និងស្នើឲ្យអង្គការយូណេស្កូ ពិនិត្យពាក់ព័ន្ធនឹង សំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរ នៅក្នុងខេត្តបុរីរម្យ ព្រះរាជាណាចក្រថៃ ដោយមិនបានពិភាក្សាជាមួយកម្ពុជា។ ការប្រកាសនេះ កំឡុងពេលលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានជម្រាបជូនសមាជិកគណៈកម្មាធិការទាំងអស់អំពីកង្វល់របស់កម្ពុជា ពាក់ព័ន្ធនឹងសំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរ នៅក្នុងខេត្តបុរីរម្យ ព្រះរាជាណាចក្រថៃ ដោយមិនបានពិភាក្សា ជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។ ការសាងសង់ នេះក៏បានប៉ះពាល់ដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV-Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។
លោកស្រី រដ្ឋមន្ត្រី បន្ថែមថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបញ្ជាក់ប្រាប់សមាជិកគណៈកម្មាធិការថា កម្ពុជាបានខិតខំព្យាយាមជាច្រើនលើកច្រើនសាក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅតែបន្តមិនបញ្ឈប់នោះទេ។ ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់បេតិកភណ្ឌពិភពលោកទាំងអស់។
នាពេលកន្លងមក កម្ពុជាបានខិតខំជជែកជាមួយភាគីថៃ ជាច្រើនលើក ប៉ុន្តែភាគីថៃ បានបំភ្លឺ និងបកស្រាយថា ការសាងសងនេះ មិនបានលួចចម្លងប្លង់តាមប្រាសាទអង្គរវត្ត ឬប្រាសាទណាមួយក្នុងប្រទេសកម្ពុជាឡើយ ពោលគឺគូសប្លង់ដោយខ្លួនឯង។ ដោយឡែក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ចាត់ទុកការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ គឺការបំពានទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភលោក ឆ្នាំ១៩៧២ បំពានទៅលើតម្លៃលេចធ្លោជាសកល និងសភាពដើមនៃរមណីយដ្ឋានអង្គរ បំពានទៅលើអត្តសញ្ញាណនិងព្រលឹងជាតិវប្បធម៌ខ្មែរ និងជាកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ៕



Daily Program
