រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា រំលឹកថៃពីព្រមព្រៀងគ្នាប្រគល់ វត្ថុបុរាណ កម្ពុជា២០ដុំមកឱ្យកម្ពុជាវិញ
ពីរាជធានីភ្នំពេញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ៦ កក្កដានេះ បានចេញលិខិតមួយច្បាប់ផ្ញើទៅរំលឹករដ្ឋមន្ដ្រីក្រសួងវប្បធម៌ថៃ លោកស្រី ផែថងថាន ដែលទើបឡើងកាន់តំណែងថ្មី ឱ្យគោរពកិច្ចសន្យាផ្ដល់«វត្ថុបុរាណ»របស់ខ្មែរ២០ដុំ ត្រឡប់មកកម្ពុជាវិញ។ការរំលឹកនេះ គឺធ្វើឡើងក្រោយពីលោកស្រី ផែថងថាន មានចេតនាមិនចង់ឲ្យកម្ពុជា។
ក្នុងលិខិតនោះលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) បានប្រកាសរួមគ្នាឯកភាពលើការប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ ដែលជាមរតក ដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកកម្ពុជាវិញ។
បើតាមលោកស្រី ភឿង សកុណា កាលបរិច្ឆេទប្រគល់-ទទួលផ្លូវការ ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ ឯកភាពរៀបចំពិធីប្រគល់-ទទួល នឹងធ្វើនៅទីក្រុងបាងកក ខែកក្កដា ឆ្នាំ២០២៥នេះ ហើយការដឹកជញ្ជូនពីប្រទេសថៃមកប្រទេសកម្ពុជា នឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៥នេះ ដោយរាល់ចំណាយនៃការដឹក ជញ្ជូនជាបន្ទុករបស់កម្ពុជា ដែលពុំពាក់ព័ន្ធនឹងបន្ទុកថវិកាណាមួយរបស់ក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃទេ។
ក្នុងនាមក្រសួងវប្បធម៌កម្ពុជា លោកស្រី ភឿង សកុណា បានរំលឹកដល់ក្រសួងវប្បធម៌ថៃ អនុវត្តទៅតាមកិច្ចព្រមព្រៀង និងពេលវេលាបានកំណត់រួមគ្នា ចៀសវាងការអូសបន្លាយពេលវេលាតទៅមុខទៀត។ភាគីកម្ពុជានឹងទទួលរ៉ាប់រងទាំងស្រុងនូវរាល់ការ ចំណាយពាក់ព័ន្ធនឹងការដឹកជញ្ជូននេះមកវិញ៕



Daily Program
