រដ្ឋមន្ត្រីការបរទសថៃ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នា​សប្តាហ៍នេះ

នាយកដា្ឋនព័ត៌មាននៃ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ប្រកាស​ឱ្យដឹងនៅថ្ងៃទី​២៤ ខែមិថុនានេះថា ​តបតាមការអញ្ជើញរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី្រការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ខាងមុខនេះ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ម៉ារីត សាងៀមផុង្ស នឹងចូលជួបសម្តែងការគួរសម ដាច់ដោយឡែកជាមួយ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោក ម៉ារីត សាងៀមផុង្ស នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក សុខ ចិន្តាសោភា ដែលក្នុងឱកាសនោះរដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈអំពី មធ្យោបាយនានាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីព្រមទាំងរិះរកវិធីសាស្ត្រនានាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ទាប់ពីប្រទេសទាំងពីរបានតម្លើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត កាលពីខែកុម្ភៈ ឆ្នាំ២០២៤។

ភាគីទាំងពីរ ក៏រំពឹងនឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍ និងក្តីកង្វល់រួមផងដែរ៕

 

 

Daily Program

Livesteam thumbnail