រដ្ឋមន្ត្រីកសិកម្ម ចុះពិនិត្យ និងជួបជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់សហគមន៍ត្រូវយកចិត្តទុកដាក់ពិនិត្យបន្ថែមលើការចូលរួមរបស់សហគមន៍ កម្លាំងសមាជិក និងការគ្រប់គ្រងឱ្យបានល្អ ដើម្បីធានាភាពជោគជ័យ ផ្តល់ផលចំណេញដល់សមាជិក ស្របតាមគោលដៅនៃកម្មវិធីគោលនយោបាយ។
លោកបានលើកឡើងដូចនេះ ក្នុងឱកាសលោកបានចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។
ក្នុងបេសកកម្មនេះ លោករដ្ឋមន្ត្រី បានចុះពិនិត្យស្ថានភាពទីតាំងដីផលិតកម្មសហគមន៍ជាក់ស្តែង ហើយបន្តជួបសំណេះសំណាលជាសមាជិកសហគមន៍ ដើម្បីឈ្វេងយល់ពីបទពិសោធនប្រតិបត្តិការរបស់ក្រុមបណ្តុំ មុនចងក្រងជាសហគមន៍កសិកម្មទំនើបនេះ។
ផ្អែកតាមបទពិសោធ និងស្ថានភាពជាក់ស្តែង លោក ឌិត ទីណា បានណែនាំដល់សហគមន៍កសិកម្មនេះ ដែលទើបបានបង្កើតថ្មីនេះចាប់ផ្តើមសាកល្បងធ្វើផ្ទះសំណាញ់ដែលនៅក្បែរទឹក និងងាយចុះប្រមូលទិញ ពីមួយហិកតាសិន ដោយសារបញ្ហាខ្វះទឹក និងមិនទាន់អាចវាយតម្លៃអំពីប្រភេទដំណាំដែលមានសក្តានុពលនៅលើដីនេះ ដែលទាមទារត្រូវធ្វើទៅតាមទម្រង់ណាដែលអាចធ្វើទៅរួច និងមិនប្រថុយប្រថាន ហើយអាចគ្រប់គ្រងបាន។
លោកបានណែនាំបន្ថែមដល់សហគមន៍ថា ៖ «ត្រូវពិនិត្យឡើងវិញ និងកែសម្រួលផែនការវិនិយោគរបស់សហគមន៍ទំនើប ទៅតាមស្ថានភាពពិតរបស់សហគមន៍។ សហគមន៍ត្រូវយកចិត្តទុកដាក់ពិនិត្យបន្ថែមលើការចូលរួមរបស់សហគមន៍ កម្លាំងសមាជិក និងការគ្រប់គ្រងឱ្យបានល្អ ដើម្បីធានាភាពជោគជ័យ ផ្តល់ផលចំណេញដល់សមាជិក ស្របតាមគោលដៅនៃកម្មវិធីគោលនយោបាយ»៕