រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយ:ពេល ៥ឆ្នាំ

​រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយ:ពេល ៥ឆ្នាំ សំដៅបញ្ចប់​ និងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបច្ចុប្បន្នគម្រោងចំនួន ១៣ បាននិងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ,តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន,តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម។

គម្រោងទាំង ១៣នេះ ផ្ដោតលើគម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជា នៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់សម្រង់កាយសម្រាមនៅបឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។ ​នេះបើយោងតាម​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​ នាថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០២៤នេះ។

អង្គភាពអ្នកនាំពាក្យដដែល​បានបន្តថា ៖ «គិតមកដល់ពេលនេះ ការអនុវត្តគម្រោង ១៣ នេះ សម្រេចបាន ៦.៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ»។ ​

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមបញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាមបណ្តោ​យផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយ និងមិនអនុញ្ញាតឱ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដារបច្ចេ​ក​ទេសឡើយ ដែលវានឹងនាំអោយស្ទះផ្លូវទឹក ដែលបង្កអោយមានការលិចលង់ដោយជំនន់ទឹកភ្លៀង។​

រដ្ឋបាលរាជធានីភ្នំពេញរៀបចំខាងក្នុង​ ក្រសួងធនធានទឹក​ និងឧតុនិយមរៀបចំខាងក្រៅ​ ទប់ស្កាត់ប​រិមាណទឹកហូរចូលរាជធានីតាមទឹកស្ទឹងព្រែកត្នោត​ ហើយក៏សូមមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ​ ពិសេសបងប្អូនប្រជាជនទាំងអស់គ្នា៕

Daily Program

Livesteam thumbnail