រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យអនុវត្តជាផ្លូវការ ការផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញ ចូលតែមួយ រាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីវិវដ្តទៅ តាមយុគសម័យឌីជីថល និងសម្រេចបាន នូវការផ្តល់សេវាសាធារណៈ ឱ្យបានឆាប់រហ័ស សន្សំសំចៃកម្រៃ និងពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការមកដាក់ពាក្យ ស្នើសុំផ្ទាល់ នៅសាលារាជធានីភ្នំពេញ នោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យអនុវត្ត ជាផ្លូវការ នូវការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) លើវិស័យចំនួន៩ ។
សម្រាប់វិស័យទាំង៩ ដែលអាចស្នើសុំរួមមាន៖
១.ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង)
២.ការងាររដ្ឋបាល
៣. វិស័យទេសចរណ៍
៤. វិស័យសាធារណការ និងដឹកជញ្ជូន
៥.វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
៦.វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
៧.វិស័យរ៉ែ និងថាមពល
៨. វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
៩. វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការស្នើសុំ និងទូទាត់កម្រៃសេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ (Online)នេះ គឺមានតម្លៃសេវារដ្ឋបាលដូចគ្នា ទៅនឹងការមកស្នើសុំបង់កម្រៃសេវាជាសាច់ប្រាក់ដោយផ្ទាល់ នៅសាលារាជធានីភ្នំពេញ ដោយពុំមានការបន្ថែមកម្រៃ លើសេវាទូទាត់នោះទេ។
ទន្ទឹមនឹងការផ្តល់ សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ (Online) បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅតែអាចបន្តអញ្ជើញ មកទំនាក់ទំនង ស្នើសុំសេវាដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ដែលមានទីតាំងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ស្ថិតនៅអាសយដ្ឋានលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញដូចមុនដដែល៕