រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញផែនការទ្រង់ទ្រាយធំ បង្ក្រាបការឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាផែនការ​ជាទ្រង់​ទ្រាយធំមួយ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយកំណត់យកទីតាំងច្បាស់លាស់មួយ ហើយផ្តើមការ​ត្រួត​ពិនិត្យ ទីតាំងខុនដូ និងនៅតាមទីតាំងរស់នៅប្រមូលផ្តុំដែលមានការ​សង្ស័យទាំងតូចនិងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែង បើមានបទល្មើស ONLINE SCAMS។

ការដាក់ចេញជាផែនការខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ មករា ២០២៦នេះ ក្នុងកិច្ចប្រជុំ ជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ​ទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួន នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បន្តថា៖ «ការប្រយុទ្ធប្រឆាំងការឆបោកតាម​ប្រព័ន្ធបច្ចេក​វិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាលបាននិងកំពុង​យកចិត្តទុកដាក់ ហើយការងារនេះ កងកម្លាំងសមត្ថកិច្ចរបស់យើងរួម​សហ​កា​រ​ជាមួយ​គណៈ​​បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានបំពេញការងារ​របស់​ខ្លួន​បានល្អប្រសើរ ហើយកន្លងមករហូតបង្ក្រាបបានជាបន្តបន្ទាប់ទាំង ONLINE SCAMSនិងការចាប់ជំរិតជាដើម»។

ផែនការចំពោះមុខ ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) យើងអនុវត្តជាលក្ខណៈទ្រង់ទ្រាយធំមួយ ជាមួយនិងការកំណត់​ទីតាំងច្បាស់លាស់ ពីមួយខណ្ឌទៅមួយខណ្ឌ ពិសេសនៅតំបន់​ដែលមាន​អ្នករស់នៅច្រើនហើយដែលយើងមានការសង្ស័យ។ គ្រប់ខុនដូនិងតាម​ទីតាំងរស់នៅប្រមូលផ្តុំទាំងអស់ត្រូវតែមានការត្រួតពិនិត្យ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ ក្រៅពីបង្ក្រាប ONLINE SCAMS​ហើយ ល្បែងស៊ីសងគ្រប់បករភេទ ដូចជាជល់មាន់ ប៊ៀ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូជាដើម គឺត្រូវតែបង្ក្រាប់ឱ្យអស់ ព្រោះវាប៉ះពាល់ផ្ទាល់​នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ចំពោះការងារការពារសន្តិសុខ​សុវត្ថិ​ភាព​និងសណ្ដាប់សាធារណៈក៏ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ជូនប្រជា​ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំង១៤ផងដែរ៕

 

Daily Program

Livesteam thumbnail