រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញលិខិតជំទាស់ចំពោះរឿងអភិបាលខេត្តស្រះកែវ សន្យាចេញប័ណ្ណកម្មសិទ្ធិពលរដ្ឋថៃ បំពានMOU ឆ្នាំ 2000

រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានធ្វើការជំទាស់ចំពោះរឿងលោកអភិបាលខេត្តស្រះកែវ សន្យាចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ ដែលមានសិទ្ធិ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលមានភូមិសាស្ត្រជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បំពាន MOU ឆ្នាំ២០០០ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
យោងតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីជូនដំណឹង សម្តែងនូវការព្រួយបារម្ភចំពោះ ព័ត៌មានដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ថា លោកអភិបាលខេត្តស្រះកែវ បានលើកឡើង អំពីការសន្យាចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃដែលមានសិទ្ធិ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលមានភូមិសាស្ត្រជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ចំពោះការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃនៅលើទឹកដីថៃ គឺជាសិទ្ធិរបស់អាជ្ញាធរថៃ ប៉ុន្តែការចេញប័ណ្ណនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា ឬប៉ះពាល់ដល់តំបន់ដែលគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) នៃប្រទេសទាំងពីរពុំទាន់បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្តែង ឬប៉ះពាល់ដល់តំបន់ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងកាន់កាប់ និងអាស្រ័យផលឡើយ។
ករណីដែលការចេញប័ណ្ណនេះ ធ្វើឱ្យប៉ះពាល់ដល់តំបន់ខាងលើនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការជំទាស់ចំពោះរឿងនេះ ព្រោះថាសកម្មភាព នេះរំលោភលើស្មារតីនៃ MOU ឆ្នាំ២០០០ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសប៉ះពាល់ទៅដល់ ដំណើរការការងារចរចា និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេស ទាំងពីរ៕

Daily Program
