យុវជនជ័យលាភីឆ្នើមកម្ពុជា សហការរួមគ្នាជាមួយអន្តរជាតិ បង្កើតហ្គេមអាជីពផ្លូវការស្តង់ដាសាកល
ក្នុងរបត់ថ្មីនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ កម្ពុជាមិនត្រឹមតែជាអ្នកដើរតាមការវិវត្តន៍នៃបច្ចេកវិទ្យាតទៅទៀតនោះទេ ប៉ុន្តែកំពុងកសាងខ្លួនក្លាយជាអ្នកចូលរួមបង្កើតយ៉ាងសកម្ម។ ជាក់ស្តែង តាមរយៈកិច្ចសហការរវាងនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ UNICEF Cambodia បានដំណើរការការប្រកួតប្រជែងកម្មវិធីអប់រំបង្កើតហ្គេម ដែលបានផ្តល់ឱកាសដល់យុវជនកម្ពុជា៤ក្រុមដណ្ដើមបានជ័យលាភី ក្នុងចំណោមជ័យលាភីកម្រិតសាកល៧ក្រុម។
បច្ចុប្បន្នក្រុមជ័យលាភីទាំងនេះកំពុងធ្វើការរួមគ្នា ដោយមានការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗលំដាប់ពិភពលោក ដើម្បីបង្កើតហ្គេមកម្រិតអាជីពស្តង់ដាសាកល ដែលផ្ដោតលើប្រធានបទ "អក្ខរកម្មហិរញ្ញវត្ថុ" ផ្តល់ឱ្យអ្នកលេងហ្គេមនូវបំណិនហិរញ្ញវត្ថុ ដែលជាបំណិនចាំបាច់មួយនាសតវត្សរ៍ទី២១។ តាមរយៈការចូលរួមបង្កើតហ្គេមស្តង់ដាសាកលនេះ កម្ពុជាកំពុងបញ្ជូនសារទៅកាន់អន្តរជាតិថាយុវជនកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច សម្រាប់យុគសម័យឌីជីថល។
Game Changers Coalition បានជួយយុវជនកម្ពុជា មិនត្រឹមតែមានសមត្ថភាព "ប្រើប្រាស់" បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក្លាយជា "អ្នកបង្កើតប្រកបដោយនវានុវត្តន៍" ផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់យុវជនក្លាយជាការកសាងអាជីព អភិវឌ្ឍមូលធនមនុស្ស ផ្តល់នូវជំនាញរឹង ជំនាញទន់ ការសរសេរកូដ ការរចនា សហគ្រិនភាព ការដោះស្រាយបញ្ហាក្នុងសហគមន៍ ការធ្វើការរួមគ្នា ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារសកល ពិសេសការតភ្ជាប់បណ្ដាញយុវជនកម្ពុជាជាមួយអ្នកជំនាញអន្តរជាតិ។
កម្មវិធីអប់រំបង្កើតហ្គេម ជាការអនុវត្តជាក់ស្តែងបោះជំហានស្របតាមចក្ខុវិស័យអប់រំឌីជីថល និងជាកិច្ចសហការរួមគ្នារវាងស្ថាប័នរដ្ឋ និងអង្គការអន្តរជាតិ ដើម្បីបង្កើតនូវ "បណ្តាញគាំទ្រដ៏រឹងមាំ" ជំរុញឌីជីថលនីយកម្មក្នុងវិស័យអប់រំប្រកបដោយបរិយាបន្ន លុបបំបាត់គម្លាតឌីជីថលរវាងក្មេងប្រុស និងក្មេងស្រី រវាងសិស្សនៅទីក្រុង និងជនបទ។ កម្មវិធីនេះមិនត្រឹមតែជាការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់ឱ្យយុវជនកម្ពុជា នូវបំណិនសតវត្សរ៍ទី២១ មានឱកាសអភិវឌ្ឍបញ្ចេញសក្តានុពលក្នុងវិស័យបច្ចេកវិទ្យាឌីជីថល បង្កើតប្រព័ន្ធអេកូឡូស៊ីអប់រំឌីជីថលប្រកបដោយបរិយាបន្ន។
សូមជម្រាបថា ក្រោមការដឹកនាំសម្របសម្រួលដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រុមយុវជនកម្ពុជា បានចូលរួមការប្រកួតប្រជែងកម្មវិធីអប់រំបង្កើតហ្គេមកម្រិតសាកលឆ្នាំ២០២៥ “ Global UNICEF Game Jam 2025” ដែលមានការចូលរួមជាង៥០ក្រុម មកពី៨ប្រទេស ក្នុងនោះបេក្ខជនពីកម្ពុជាចំនួន៤ក្រុមបានទទួលបានពានរង្វាន់ ក្នុងចំណោមជ័យលាភីសរុបទាំង៧ក្រុម ដែលត្រូវប្រកាសឡើងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។ ដោយឡែកកម្មវិធីប្រកួតប្រជែងអប់រំបង្កើតហ្គេមថ្នាក់ជាតិ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ ដោយបានជ្រើសរើសជ័យលាភី៤ក្រុមគឺជ័យលាភីកម្រិតវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងក្រុមជ័យលាភីសហការគ្នាបានល្អបំផុត៕