យុទ្ធសាស្ត្រគន្លឹះដើម្បីឱ្យសេដ្ឋកិច្ច និងប្រជាជនកម្ពុជាវ៉ាដាច់ប្រទេសថៃក្នុងរយៈពេល ៧៥ ឆ្នាំខាងមុខ

ក្នុងបទវិភាគដ៏មានឥទ្ធិពលមួយស្តីពីអនាគតកម្ពុជា លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែឧសភា បានលើកឡើងនូវចក្ខុវិស័យដ៏គួរឱ្យចាប់អារម្មណ៍មួយថា កម្ពុជាអាចនឹងមានកម្លាំងសេដ្ឋកិច្ច និងចំនួនប្រជាជនច្រើនជាងប្រទេសថៃក្នុងរយៈពេល ៧៥ ឆ្នាំខាងមុខ ប្រសិនបើរដ្ឋាភិបាលចាត់វិធានការលើគោលនយោបាយជាតិបានត្រឹមត្រូវ។ ការលើកឡើងនេះផ្អែកលើទិន្នន័យជាក់ស្តែងដែលបង្ហាញថា គម្លាតសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដែលធ្លាប់តែជាដើមចមធ្វើឱ្យថៃមានប្រៀបលើកម្ពុជាក្នុងជម្លោះដែនអធិបតេយ្យភាព កំពុងតែរួមតូចទៅៗជាលំដាប់។

តាមរយៈការអង្កេតលើសូចនាករសេដ្ឋកិច្ច ក្នុងឆ្នាំ ២០២៥ នេះ សេដ្ឋកិច្ចប្រទេសថៃមានកំណើនត្រឹមតែ ២,១ ភាគរយប៉ុណ្ណោះ ខណៈដែលសេដ្ឋកិច្ចកម្ពុជាបានស្ទុះឡើងយ៉ាងតិច ៤,៨ ភាគរយ។ បើពិនិត្យមើលនិន្នាការក្នុងទសវត្សរ៍ចុងក្រោយ ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២៥ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាបានកើនឡើងក្នុងអត្រាជាមធ្យម ៥,៥ ភាគរយក្នុងមួយឆ្នាំ រីឯប្រទេសថៃវិញមានកំណើនត្រឹមតែ ២ ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ។ សន្ទុះនៃកំណើននេះបង្ហាញថា កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែងនាពេលអនាគត។

លោក Casey Barnett បានគូសបញ្ជាក់ថា ៖«ភាពខ្លាំងនៃសេដ្ឋកិច្ចគឺពឹងផ្អែកទាំងស្រុងលើកម្លាំងពលកម្ម។ បើទោះបីជាបច្ចុប្បន្នថៃមានចំនួនប្រជាជនច្រើនជាង ប៉ុន្តែគម្លាតប្រជាសាស្ត្រកំពុងរួមតូចដោយសារអត្រាបង្កកំណើត។ ក្នុងឆ្នាំ ២០២៥ ថៃមានអត្រាកំណើតត្រឹមតែ ១,២ នាក់ក្នុងស្ត្រីម្នាក់ ដែលជាសញ្ញានៃវិបត្តិសង្គមមនុស្សចាស់ ខណៈកម្ពុជាមានអត្រាកំណើតរហូតដល់ ២,៥ នាក់។ លោកជឿជាក់ថា ប្រសិនបើកម្ពុជាអាចរក្សាអត្រានេះបាន ចំនួនប្រជាជនកម្ពុជានឹងកើនឡើងលើសប្រទេសថៃក្នុងរយៈពេល ៧៥ ឆ្នាំទៀត។ ទោះជាយ៉ាងណា លោកក៏បានដាស់តឿនអំពីគ្រោះថ្នាក់នៃការធ្លាក់ចុះអត្រាកំណើតពី ៣,៨ ក្នុងឆ្នាំ ២០០០ មកត្រឹម ២,៥ ក្នុងឆ្នាំ ២០២៥ ហើយតាមការព្យាករណ៍របស់អង្គការសហប្រជាជាតិ វាអាចធ្លាក់ដល់ ១,៨ នៅឆ្នាំ ២១០០។ ប្រសិនបើកម្ពុជាបណ្តោយឱ្យអត្រាកំណើតធ្លាក់ចុះដូចការព្យាករណ៍នេះ កម្ពុជានឹងបន្តដើរក្រោយប្រទេសថៃជារៀងរហូត»។

ដើម្បីបញ្ចៀសសេណារីយ៉ូអវិជ្ជមាននេះ លោកបានស្នើឱ្យរដ្ឋាភិបាលអនុវត្តសកម្មភាពគោលនយោបាយចំនួន ៦ ចំណុចសំខាន់ៗ។ ចំណុចដំបូងគឺការបង្កើនរយៈពេលឈប់សម្រាកមាតុភាពពី ៣ ខែ ទៅ ៦ ខែ ដើម្បីគាំទ្រដល់សុខភាពទារក និងជួយឱ្យស្ត្រីអាចបន្តស្ថិតក្នុងកម្លាំងពលកម្មប្រកបដោយផលិតភាព។ បន្ទាប់មក គឺការដាក់ចេញនូវបណ្ណថែទាំកុមារឌីជីថលតម្លៃ ១០០ ដុល្លារក្នុងមួយខែ សម្រាប់កុមារអាយុពី ១៣ ទៅ ៦៩ ខែ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុញ្ញាតឱ្យឪពុកម្តាយជ្រើសរើសសាលាមត្តេយ្យឯកជនដោយសេរី ដែលវិធីសាស្ត្រនេះមានប្រសិទ្ធភាពខ្ពស់ជាងការប្រើប្រាស់មណ្ឌលថែទាំរបស់រដ្ឋ។

លើសពីនេះ លោក Casey Barnett បានស្នើឱ្យមានការធានារ៉ាប់រងសុខភាពរបស់ ប.ស.ស លើការព្យាបាលការបង្កកំណើត ពីព្រោះស្ត្រីកម្ពុជាសម័យថ្មីដែលមានការអប់រំ និងអាជីពខ្ពស់ តែងតែសម្រេចចិត្តមានកូនក្នុងវ័យច្រើន។ យុទ្ធសាស្ត្រមួយទៀតគឺការផ្ដល់ប្រាក់រង្វាន់ចំនួន ៣.០០០ ដុល្លារ សម្រាប់គូស្វាមីភរិយាដែលមានកូនទី ៣ និងទី ៤ ឡើងទៅ ដែលជាចំណុចគន្លឹះក្នុងការបង្កើនអត្រាកំណើតជាតិពិតប្រាកដ។

ក្នុងផ្នែកការពារជាតិ និងសេដ្ឋកិច្ច លោកបានផ្តល់យោបល់ឱ្យកម្ពុជាចៀសវាងការជ្រើសរើសទាហានដោយការបង្ខិតបង្ខំ ព្រោះការដកកម្លាំងយុវជន ៣០០.០០០ នាក់ចេញពីកម្លាំងពលកម្មរយៈពេល ២ ឆ្នាំ នឹងធ្វើឱ្យ GDP ធ្លាក់ចុះ ០,៥ ភាគរយជារៀងរាល់ឆ្នាំ និងបង្អាក់ការអភិវឌ្ឍជំនាញបច្ចេកវិទ្យាព័ត៌មាន និងវិស្វកម្មរបស់យុវជន។ ជាចុងក្រោយ គឺការទាក់ទាញអាណិកជនខ្មែរដែលមានការអប់រំខ្ពស់ពីបរទេស ជាពិសេសអ្នកដែលរស់នៅសហរដ្ឋអាមេរិកប្រមាណ ៣៦០.០០០ នាក់ ឱ្យវិលត្រឡប់មកមាតុភូមិវិញ រួមទាំងការផ្តល់ទិដ្ឋាការរយៈពេលវែង ១០ ឆ្នាំសម្រាប់អ្នកជំនាញការបរទេស។

ដើម្បីសម្រេចបាននូវគោលដៅទាំងអស់នេះ លោក Casey Barnett បានលើកឡើងនូវយន្តការហិរញ្ញវត្ថុតាមរយៈការកែទម្រង់ពន្ធអចលនទ្រព្យ។ ការបង្កើនពន្ធអចលនទ្រព្យប្រចាំឆ្នាំ និងការពង្រីកការប្រមូលពន្ធឱ្យគ្របដណ្ដប់ទូទាំងប្រទេស នឹងផ្ដល់កញ្ចប់ថវិកាគ្រប់គ្រាន់ដើម្បីវិនិយោគលើធនធានមនុស្ស ដែលជាគ្រឹះដ៏រឹងមាំសម្រាប់អធិបតេយ្យភាព និងភាពរុងរឿងរបស់កម្ពុជានៅថ្ងៃអនាគត៕

Daily Program

Livesteam thumbnail